កាលពីថ្មីៗនេះ លោក វណ្ណដាបានធ្វើបទសម្ភាសន៍មួយដោយចំណងជើងថា Zero to Hero ឲ្យសារព័ត៌មាន “Unlockmen”របស់ថៃ។ ដែលនៅក្នុងបទសម្ភាសនោះទៀតសោត បានលាតត្រដាងឲ្យឃើញកាន់តែច្បាស់ថាតើលោកជាអ្នកណា? មានក្តីស្រមៃ និងការខិតខំប្រឹងប្រែងយ៉ាងណា។ ដូច្នេះថ្ងៃនេះ Admin នឹងធ្វើការសង្ខេបនូវចម្លើយសំខាន់ៗទាំង៥ ដែលមាននៅក្នុងបទសម្ភាសន៍នេះ។
១. លោកបានស្គាល់ប្រភេទបទចម្រៀងហុីបហបតាំងពីអាយុ៦ឆ្នាំ ដោយបងប្រុសរបស់លោកអោយសាកល្បងស្តាប់ ដែលហើយចាប់តាំងពេលនោះមកបានធ្វើអោយលោកវណ្ណដាពេញចិត្តជាខ្លាំង និងស្ទើរតែក្លាយជាមិត្តភក្តិរបស់លោកទៅហើយ។
២. អត្ថន័យនៃស្នាមសាក់ដំបូងរបស់លោកវណ្ណដានោះគឺរូបដើមដូង ដែលវាជាស្នាមសាក់ដំបូង ហើយរូបលោកចាត់ទុកវាតំណាងអំពីដែនដីសមុទ្រ គឺខេត្តកំពង់សោម ដែលជាស្រុកកំណើតរបស់លោកផ្ទាល់ ហើយរូបលោកហូបផ្លែដូងច្រើនណាស់ ដោយសារតែគ្រួសាររបស់លោកប្រកបមុខរបរលក់ដូងនេះ។ លោកបានបន្តថា វាបានបង្រៀនលោកជាច្រើន ពីព្រោះដើមដូងជាដើមឈើដែលមានប្រយោជន៍ច្រើន ដូច្នេះវាជាវត្ថុដែលតែងតែជំរុញលើកទឹកចិត្តដល់រូបលោក។
៣. ដំណើរហេតុដែលធ្វើអោយលោកវណ្ណដាចូលសិល្បៈ មុនពេលដែលលោកចេញបទ J+O ផលិតកម្មបារមីបានមកសួររូបលោក និងចង់ឲ្យលោកចូលរួមជាមួយពួកគាត់ ប៉ុន្តែលោកមិនបានឆ្លើយតបអ្វីនោះទេ រហូតអស់រយៈពេលបីខែ។ បន្ទាប់មករូបលោកក៏បានត្រឡប់ទៅភ្នំពេញវិញ ហើយបង្ហាញទៅកាន់ក្រុមការងារផលិតកម្មបារមីនូវបទចំរៀងថ្មីរបស់លោក។ ពួកគាត់មានការភ្ញាក់ផ្អើល និងបានពេញចិត្តនូវបទចំរៀងរបស់លោកជាខ្លាំង ហើយនៅពេលនោះឯងដែលលោកបានចុះកុងត្រាជាមួយផលិតកម្មបារមីរហូតមកដល់ពេលបច្ចុប្បន្ន។
៤. លោកវណ្ណដាបានចំណាយពេលអស់រយៈពេល ៤ឆ្នាំ សម្រាប់អាល់ប៊ុម Skull ដែលមានចម្រៀង ទាំង ១៨បទ ដែលបានចេញកាលពីឆ្នាំ២០២០។ លោកបានបន្តសរសេរអំពីអារម្មណ៍ពិតទាំងអស់របស់លោកជាមួយនឹងអាល់ប៊ុមនេះ។ អ្វីៗទាំងអស់ដែលបានតាក់តែងឡើងសុទ្ធសឹងតែជាការពិត គ្មានទេការភូតភរ ហើយលោកនៅតែសប្បាយចិត្ត បើទោះបីជាបានចេញវានៅក្នុងកំឡុងពេលនៃការផ្ទុះជំងឺកូវីដក៏ដោយ។
៥. គន្លឹះនៅពីក្រោយភាពជោគជ័យនៅក្នុងវិថីសិល្បៈរបស់លោក នោះគឺជាការខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព គ្មានភាពអាត្មានិយម និងចេះគោរពអ្នករាល់គ្នានៅជុំវិញ។ ជាការពិតបើយើងចង់ក្លាយជាមនុស្សកំពូល យើងត្រូវតែព្យាយាមឲ្យខ្លាំង ហើយត្រូវហ៊ានឆ្លងកាត់ពេលវេលាលំបាកៗឲ្យច្រើន។ សម្រាប់រូបលោកវណ្ណដាផ្ទាល់ បានដាក់អារម្មណ៍ទាំងអស់នៅក្នុងតន្រ្តី ហើយបានខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីផ្តល់ឲ្យប្រជាជនខ្មែរនូវតន្រ្តីមួយដែលល្អឥតខ្ចោះ ដែលអាចជំរុញលើកទឹកចិត្តដល់ពួកគាត់ ហើយឲ្យពួកគាត់ត្រូវតែស្គាល់នូវអ្វីដែលជាខ្លួនឯង។ លោកបានបន្ថែមទៀតថា សម្រាប់បទ Time To Rise មុនដំបូងវាគ្រាន់តែជាខ្សែរភាពយន្តខ្លីមួយប៉ុណ្ណោះ ដែលពេលនោះរូបលោកនិងក្រុមការងារបានខិតខំប្រឹងប្រែងរិះរកឧបករណ៍ភ្លេងខ្មែរដើម្បីផ្សំឲ្យត្រូវគ្នា ដូច្នេះពួកយើងបានចាប់ផ្តើមនូវយុទ្ធនាការជាច្រើន ដើម្បីធ្វើបទនេះ។ បទ Time To Rise មានអត្ថន័យច្រើន។
រូបលោកបានខិតខំប្រឹងស្រាវជា្រវទាក់ទងនឹងប្រវត្តិសាស្រ្ត ហើយនឹងអ្វីទាំងអស់ដែលជាប់ពាក់ព័ន្ធ។ បន្ទាប់មក លោកក៏មានអារម្មណ៍ថាត្រូវតែបញ្ចូល លោកតា ព្រឹទ្ធាចារ្យ គង់ណៃនៅក្នុងបទនេះ ពីព្រោះគាត់គឺជាអ្នកសិល្បៈជើងចាស់ និងជាគំរូមួយរបស់លោក ដូច្នេះទើបជាហេតុដែលរូបលោកចង់នាំដាក់បញ្ចូលសម្លេងគាត់ ដើម្បីឆ្ពោះទៅកាន់មួយកំរិតទៀតនៃសិល្បៈ។ ម្យ៉ាងវិញទៀតការដាក់បញ្ចូលគ្នារវាងតន្រ្តីខ្មែរ និងតន្រ្តី ហុីបហបគឹពិតជាសំខាន់ខ្លាំងណាស់ សម្រាប់លោក បើបទណាមួយសាកសមនឹងការដាក់សម្លេងឧបករណ៏ខ្មែរ រូបលោកនឹងដាក់បញ្ចូល តែបើមិនសាកសមនោះទេ លោកនឹងមិនដាក់បញ្ចូលនោះទេ។ ជាចុងក្រោយរូបលោកបានបន្តថា សព្វថ្ងៃតន្រី្តហុីបហបកំពុងតែរីកចម្រើនខ្លាំងនៅក្នុងប្រទេសកម្ពុជា ហើយក្តីប្រាថ្នាចុងក្រោយមួយទៀតរបស់លោកនោះ គឺចង់ឃើញតន្រ្តីហុីបហបទាំងអស់នៅក្នុងអាសុីអាគ្នេយ៍ មានការរួមបញ្ចូលគ្នា ហើយផ្សព្វផ្សាយទៅកាន់ពិភពលោក៕
បកប្រែដោយ៖ ម៉ៅ គុយដង់