នៅក្នុងដំណើរសម្តែងការប្រគំតន្រ្តីនៅក្នុងប្រទេសសហរដ្ឋអាមេរិក លោកវណ្ណដា និងលោកវណ្ណថាន ខណៈបានបញ្ចប់ការប្រគំតន្រ្តីនៅក្នុងទីក្រុង Chino នៃរដ្ឋ California កាលពីថ្ងៃទី១៦ ខែមិថុនារួចមក ពួកគេទាំងពីរបានរង់ចាំបន្តការសម្តែងនៅក្នុងទីក្រុងទី២របស់ខ្លួនគឺទីក្រុង Seattle នៃរដ្ឋ Washington ដែលធ្វើឡើងកាលពីថ្ងៃទី២៩ ខែមិថុនាកន្លងទៅនេះ។ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ លោកវណ្ណដា និងលោកវណ្ណថានទើបតែបានបញ្ចប់ការប្រគំតន្រ្តីរបស់ខ្លួននៅក្នុងទីកន្លែង The Legendary Box Show នៃទីក្រុង Seattle នោះទេ ហើយនៅក្នុងថ្ងៃទី០២ ខែកក្កដានេះគឺជាថ្ងៃចុងក្រោយហើយដែលពួកគេនឹងស្នាក់នៅ និងដើរលេងកំសាន្តនៅក្នុងទីក្រុង Seattle។ គួររំលឹកផងដែរថា កាលពីនៅក្នុងការប្រគំតន្រ្តី Seattle លោកវណ្ណដាបានធ្វើការសម្តែងនូវបទចម្រៀងតាមលំដាប់ដូចខាងក្រោមរួមមាន ៖ បទ«មិនអីទេ» «Queen Bee» និង«Solo Again»។ បន្ទាប់មកលោកក៏បន្តសម្តែងបទ«Time to Rise»។
ប៉ុន្តែនៅមុនពេលសម្តែងបទដ៏លេចធ្លោមួយនេះ លោកក៏បានឆ្លៀតសម្តែងការគោរព និងស្រលាញ់ជូនទៅកាន់វិញ្ញាណក្ខន្ធលោកតាព្រឹទ្ធាចារ្យសិល្បៈ កោសល្យវោហារគង់ណៃ ដោយមិនត្រឹមតែជាមួយនឹងការពោលពាក្យពិតនៅក្នុងអារម្មណ៍របស់លោកប៉ុណ្ណោះទេ តែក៏នៅរួមជាមួយនឹងការលេងឧបករណ៍តន្រ្តីបុរាណខ្មែរ ចាប៉ីដងវែងផងដែរ។ បន្ទាប់មកលោកក៏សម្តែងបទ«មិនអាចវិលវិញ» រួមគ្នាជាមួយនឹងលោកវណ្ណថាន។ ដោយមានតាមពីក្រោយនូវបទ«សង្ក្រាន្តស្គាល់ស្នេហ៍» និងជាពិសេសបទថ្មី«Lady Mama» របស់លោក។ នៅវគ្គចុងបញ្ចប់ ក៏មានការសម្តែងរួមគ្នានូវបទ«Tomorrow Forever» របស់លោកវណ្ណថានយ៉ាងកក្រើកឆាកតែម្តង និងបិទគូថដោយបទ«បូកគីឡូ» របស់លោកវណ្ណដា។ តើទស្សនិកជនចង់អោយមានការប្រគំតន្រ្តីក្រៅស្រុកបែបនេះទៀតទេ? ហើយចង់អោយគោលដៅបន្ទាប់ជាប្រទេសណា?