កាលពីថ្ងៃទី០៧ ខែមេសាកន្លងទៅនេះ បទចម្រៀងចូលឆ្នាំ Collab ដំបូងបង្អស់រវាងលោកវណ្ណថាន និងលោកវណ្ណដាមានចំណងជើងថា «កំលោះស្រុកស្រែ» ត្រូវបានចេញផ្សាយឡើងនៅលើឆាណែលយូធូបផ្លូវការរបស់លោកវណ្ណថានផ្ទាល់ និងកំពុងផ្ទុះប្រជាប្រិយភាពយ៉ាងខ្លាំងក្លាពីសំណាក់ទស្សនិកជន។ គួរបញ្ជាក់ផងដែរថា នៅមុនពេលចេញផ្សាយបទចម្រៀងនេះជាផ្លូវការ លោកវណ្ណថាន និងលោកវណ្ណដាបានធ្វើការពន្ញាក់អារម្មណ៍ទស្សនិកជនដ៏អស្ចារ្យដោយបានលើកយកបទចម្រៀងមួយនេះទៅសម្តែងជូនបណ្តាអ្នកគាំទ្រទស្សនាជាមុននៅក្នុងការប្រគំតន្រ្តីបុណ្យភួមិមានជើងកាលពីថ្ងៃទី០២ ខែមេសាកន្លងទៅនេះ។ ម៉្លោះហើយការសម្តែងរបស់អ្នកទាំងពីរក៏បានធ្វើអោយផ្ទុះឡើងប្រធានបទទាក់ទងនឹងបទថ្មីរបស់ពួកគេជារឿយៗ ដែលកាន់តែធ្វើអោយមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងទន្ទឹងរង់ចាំដល់ថ្ងៃនៃការចេញផ្សាយ។ ជាក់ស្តែងត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះនៃការចេញផ្សាយ បំណាច់សន្ទុះគាំទ្រដ៏ខ្លាំងក្លា បូករួមទាំងការពេញចិត្ត និងការទន្ទឹងរង់ចាំរបស់ទស្សនិកជន ក៏បានធ្វើអោយបទចម្រៀងមួយនេះលោតឡើងជាមួយនឹងចំនួនអ្នកចូលទស្សនារហូតដល់ជិត៣លានដងនៅលើយូធូប។ សង្កេតឃើញថាបទចម្រៀងមួយនេះបានធ្វើអោយមហាជនជាច្រើនបង្ហាញឡើងនូវចំណាប់អារម្មណ៍ខុសៗប្លែកពីគ្នាដូចជាមនុស្សមួយចំនួនបានបង្ហាញពីការស្ងើចស្ញប់ស្ញែងទៅលើការរួមបញ្ចូលគ្នានៃសិល្បៈតន្រ្តីសម័យ និងបុរាណ ចំណែកឯខ្លះទៀតបានបង្ហាញការពេញចិត្តជាពិសេសទៅលើប៉ារូលចំរៀងរបស់ពួកគេ។ ចុះទស្សនិកជនវិញមានចំណាប់អារម្មណ៍យ៉ាងណាខ្លះទៅលើបទចម្រៀងមួយនេះ?