ដឹងតែផ្អើលចូលឆ្នាំទៀតហើយ! បទថ្មីរបស់លោកវណ្ណថាន និងលោកវណ្ណដា ដែលធ្លាប់បានបង្ហើបឡើងកាលពីរយៈពេល៥ខែមុន កំពុងតែគ្រោងទំលាក់នៅក្នុងពេលឆាប់ៗនេះ។ ដោយនៅក្នុងការបង្ហោះមួយរបស់លោកវណ្ណថានលើបណ្តាញសង្គមហ្វេសប៊ុកដែលមានរូបភាពផ័រស្ទ័ររបស់លោករួមគ្នាជាមួយនឹងលោកវណ្ណដាលើបទចម្រៀងនេះ បានសរសេរឡើងថា«សុំទោសផងណា ដែលអោយចាំយូរ»។
គួរបញ្ជាក់ផងដែរថា បទនេះគឺជាបទតែមួយរបស់ពួកគេ ដែលធ្លាប់បានធ្វើអោយផ្ទុះកក្រើកឡើងជាមួយនឹងវិដេអូឃ្លីបចំរៀងខ្លីដែលត្រូវបានស្គាល់ឡើងជាមួយប៉ារ៉ូលចំរៀងថា«អូនចាំទេៗ» កាលពីរយៈពេល៥ខែមុន។ និងកាលពីប៉ុន្មានថ្ងៃមុននេះផងដែរ លោកវណ្ណថានក៏បានធ្វើការបង្ហើបឡើងនូវបទចម្រៀងនេះម្តងទៀតនៅលើទំព័រហ្វេសប៊ុករបស់លោកដែលមានវិដេអូច្រៀងឡើងរួមគ្នាជាមួយលោកវណ្ណដា ព្រមជាមួយនឹងខេបសិនខាងលើថា«នាងអើយអោយបងសុំទោស» និងរួមជាមួយនឹងខមមែនពីក្រោមដាក់ថា«បងមិនអាចវិលវិញទេ»។ ទាំងនេះក៏បានធ្វើអោយមហាជនមួយចំនួនបានចាប់ផ្តើមផ្លាស់ប្តូរបទចម្រៀងមួយនេះពីចំណងជើងថា«អូនចាំទេ» ទៅជា«បងមិនអាចវិលវិញទេ»។
បន្ទាប់ពីទន្ទឹងរង់ចាំជាយូរ នៅទីបំផុតបទចម្រៀងដែលត្រូវបកស្រោមនេះ ត្រូវបានកត់សម្គាល់ឡើងថា អាចនឹងធ្វើអោយកក្រើកវាយលុកដូចរដូវកាលចូលឆ្នាំខ្មែរនូវបទ«កំលោះស្រុកខ្មែរ» កាលពីឆ្នាំទៅ ដោយបទនេះក៏មានលាយឡំនឹងសាច់ភ្លេងបែបបុរាណខ្មែរ រួមជាមួយនឹងបរិយាកាសសប្បាយៗដែលកែប្រែនៅក្នុងមនោសញ្ចេតនាសោកសៅ។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរ?