កាលពីពេលថ្មីៗនេះលោកវណ្ណដាបានចែករំលែកចំណាប់អារម្មណ៍នៅលើ official facebook page របស់លោកអំពីបទចំរៀង«Time to Rise»។ លោកបានធ្វើការរៀបរាប់អរគុណដល់ព្រឹទ្ធាចារ្យគង់ណៃ ដល់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាអរគុណដល់ក្រុមការងារទាំងមូល។ ក្រៅពីនេះផងដែរលោកក៏បានរៀបរាប់អំពីខ្លឹមសារជុំវិញនៃបទចម្រៀងមួយនេះ ដែលលោកប្រៀបធៀបវាទៅនឹងកញ្ចក់ឆ្លុះបញ្ចាំងមួយអំពីការអភិរក្ស និងការអភិវឌ្ឍលើកតម្កើងមរតកជាតិដែលអាចធ្វើអោយប្រជាជនទាំងក្នុងនិងក្រៅប្រទេសបានស្គាល់ពីសិល្បៈខ្មែរ។ នៅចុងបញ្ចប់ផងដែរ លោកវណ្ណដាក៏បានបង្ហើបថានឹងមានកាដូអ្វីមួយពិសេសសំរាប់អបអរបទចម្រៀង«Time to Rise»នេះទទួលបាន100លានViewផងដែរ។ បើក្រលេកទៅមើលការ Live Q&A របស់លោកមួយនៅលើបទចម្រៀង«Khmer Blood» លោកក៏ធ្លាប់បានឆ្លើយសំនួរមួយទាក់ទងនឹងបទចម្រៀង«Time to Rise»នេះរួចមកហើយ។ ដោយលោកមានគំរោងថាអាចនឹងចេញបទចម្រៀង «Time to Rise» នេះភាគ២ផងដែរនៅពេលបទចម្រៀង «Time to Rise» ទទួលបាន100លានView។ ក្រៅពីលោកវណ្ណដាហើយ អ្នកនាង Laura Mam ក៏បានធ្វើការចែករំលែកចំណាប់អារម្មណ៍ដែលបទ «Time to Rise» ទទួលបានការចូលទស្សនា 100 លានដងនៅលើយូធូបផងដែរ។ អ្នកនាងបានរៀបរាប់ត្រួសៗប្រាប់ពីចំនុចខ្លះៗថាធ្លាប់មានមនុស្សប្រាប់អ្នកនាងថា«ការធ្វើបទ Original គឺមិនអាចទៅរួចទេ» ម្យ៉ាងវិញទៀតផងដែរ ក៏មានពាក្យមួយចំនួនទៀតលើកឡើងថា«អាជីវកម្មមួយចំនួនមិនអោយតំលៃសិល្បៈប្រពៃណីយើងទេ» ដែលទាំងនេះសុទ្ធជាប្រយោគចាក់ដោតធ្វើអោយអ្នកនាងចង់ជំនះធ្វើវាអោយបាន។ អ្នកនាងបន្តថាទីបំផុតអ្នកនាងផ្ទាល់បានយល់ហើយអ្វីគឺជាឧបសគ្គ នោះគឺជាការបរាជ័យ។ ការបរាជ័យម្តងហើយម្តងទៀតធ្វើអោយមនុស្សយើងបោះបង់។ ជោគជ័យនៅលើបទ«Time to Rise»នេះបានបង្ហាញថា ខ្មែរយើងអាចចាប់ផ្តើមក្រោកឈរហើយ នៅទីបំផុតតំលៃសិល្បៈប្រពៃណីខ្មែរពិតជាមានតំលៃនៅពេលយើងព្រមក្រោកឈរទាំងអស់គ្នា។