អ្វីដែលគួរចាប់អារម្មណ៍បំផុតសំរាប់ការលេងបណ្តាញសង្គម Tik Tok គឺទទួលបានវិដេអូខ្លីៗជាច្រើន និងត្រូវនឹងចំណង់ចំណូលចិត្តរបស់យើងតែម្តង ដែលខុសពីបណ្តាញសង្គមហ្វេសប៊ុកដែលមានលាយចំរុះជាច្រើន! ហើយសិល្បករកម្ពុជារបស់យើងក៏កំពុងងាកមកប្រើប្រាស់បណ្តាញសង្គម Tik Tok ថែមទៀត! មើលទៅវិធីសាស្រ្តទាញទីផ្សាររបស់ពួកគេកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង! សមាជិកក្រុមបារមីក៏ហាក់ដូចជាចាប់ផ្តើមប្រើប្រាស់បណ្តាញសង្គម Tik Tok ផងដែរដោយចាប់ផ្តើមពីក្រុម Polarix ដូចជាពេលថ្មីៗនេះពួកគេទើបតែចាប់ផ្តើមលេង Tik Tok និងបានបង្ហោះវិដេអូសកម្មភាពក្រោយឆាកនៃបទ "ចាប៉ី" របស់ពួកគេរួចមកហើយនេះទេ។
ចំណែកលោកវណ្ណដាវិញក៏ទើបតែបានប្រកាសថាចូលរួមជាមួយក្រុម Polarix ផងដែរក្នុងការប្រើប្រាស់បណ្តាញសង្គម Tik Tok ជាលើ់កដំបូង! គួរបញ្ជាក់ផងដែរកាលពីថ្ងៃសុក្រ ទី០២ ខែធ្នូកន្លងទៅនេះ លោកវណ្ណដាបានចែករំលែក Link គណនី Tik Tok របស់ខ្លួនទៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក រួមទាំងមានការបញ្ជាក់ពីខាងបារមីផងដែរថា គណនី Tik Tok របស់លោកវណ្ណដាមួយនេះគ្រប់គ្រងឡើងពីបារមី Admin។
ទន្ទឹមនឹងនោះផងដែរក្រុម Polarix ក៏បានបង្ហោះរូបរួមគ្នាជាមួយលោកវណ្ណដាផងដែរនៅលើទំព័រហ្វេសប៊ុករបស់ពួកគេ អមជាមួយការចុះហត្ថលេខាដ៏ស្រស់ស្អាតរបស់លោកវណ្ណដា ហាក់ដូចជាការទទួលស្វាគមន៍នៃក្រុមបារមីម្នាក់ទៀតមកកាន់បណ្តាញសង្គម Tik Tok យ៉ាងដូច្នោះឯង។ ភ្លាមៗនោះផងដែរលោកវណ្ណដាក៏បានចែករំលែកវិដេអូ Tik Tok ដំបូងបំផុតរបស់លោកនៅលើបណ្តាញសង្គម Tik Tok ផងដែរដែលជាសកម្មភាពក្រោយឆាកនៃការសម្តែងបទ "Time To Rise" របស់លោកជាមួយក្រុមបារមីនៅក្នុងថ្ងៃធ្វើពិធីបិទកីឡាជាតិលើកទី៣។ ត្រឹមរយៈពេល៣ថ្ងៃប៉ុណ្ណោះគណនី Tik Tok របស់កំពូលតារារ៉េបរូបនេះទទួលបានការ Follow ដល់ទៅ239,3Kនាក់ឯណោះយ៉ាងគួរជាទីសាទរ។