កាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅនេះ សង្កេតឃើញថា បន្ទាប់ពីលោកវណ្ណដាបានដកឃ្លាអស់មួយរយៈពីកម្មវិធីបណ្តាញសង្គម រូបលោកក៏បានវិលត្រលប់មកជាមួយនឹងសារបង្ហើបពីអារម្មណ៍ពិតមួយចំនួននៅលើ Story Instagram និង Facebook។
លោកវណ្ណដាបានរៀបរាប់អោយដឹងថា៖«ខ្ញុំសង្ឃឹមថាអ្នកគាំទ្ររបស់ខ្ញុំសុខទុក្ខធម្មតាទេ ថ្មីៗនេះខ្ញុំកំពុងតែមមាញឹកជាមួយនឹងការធ្វើអាល់ប៊ុមរបស់ខ្ញុំ ដោយមិនមានការហៅទូរស័ព្ទចេញ ការផ្ញើរសារ រឺចេញក្រៅក្នុងអំឡុងពេលនេះទេ។ ខ្ញុំមានអារម្មណ៍ថាផ្នែកនៃជីវិតរបស់ខ្ញុំកំពុងតែបាត់បង់។» លោកក៏បានបន្តទៀតថា«ខ្ញុំគិតថាមានហេតុផលជាច្រើនដែលធ្វើអោយអ្នកទាំងអស់គ្នាមានអារម្មណ៍ថាខ្លួនឯងកំពុងតែវង្វេង ប៉ុន្តែក៏មានវិធីជាច្រើនដែលអាចធ្វើអោយអ្នកទាំងអស់គ្នាស្វែងរកខ្លួនឯងឃើញឡើងវិញដែរ»។
បន្ទាប់មកលោកវណ្ណដាក៏បានបញ្ចេញសារមួយទៀតដោយភ្ជាប់នឹងរូបថតរបស់លោកកាលពីនៅកុមារភាពថា៖«ជូនចំពោះអ្នកដែលគិតចង់បោះបង់នៅថ្ងៃនេះ សូមមើលមកក្មេងម្នាក់នេះមិនដែលបោះបង់នោះទេ!!»។ កន្លងទៅប្រហែលជាមួយស្របក់ លោកក៏បានធ្វើការបង្ហោះឡើងជាថ្មីម្តងទៀតដោយលើកឡើងថា «Things are messed up in the world, Nowadays people need more Motivation to Go on»។
ក្រោយមក លោកវណ្ណដាក៏បានបិទគូថដោយសារលើកទឹកចិត្តចុងក្រោយជា Quote របស់លោកថា«ដំណោះស្រាយដ៏ល្អបំផុតនៅថ្ងៃនេះ គឺត្រៀមខ្លួនរួចរាល់សម្រាប់បញ្ហានៅថ្ងៃស្អែក ហើយបញ្ហាវាក៏មិនមែនជាបញ្ហាដែរ ដរាបណាអ្នកមិនគិតថាវាជាបញ្ហា រៀនដោះកុំភ្លេចរៀនស្រាយ»។ តើទស្សនិកជនមានចំណាប់អារម្មណ៍យ៉ាងណាចំពោះការយល់ឃើញរបស់លោកវណ្ណដា?