កាលពីថ្ងៃទី30 ខែវិច្ឆិកាកន្លងទៅនេះ ក្រុមហ៊ុន Spotify បានចែករំលែកទិន្នន័យដំណាច់ឆ្នាំដែលហៅថា Spotify Wrapped Review មកកាន់សិល្បករទូទាំងពិភពលោកក៏ដូចជាសំរាប់អ្នកស្តាប់ទាំងឡាយដែលប្រើប្រាស់កម្មវិធីស្តាប់តន្រ្តី Spotify ផងដែរ។ គួរបញ្ជាក់ផងដែរទិន្នន័យទាំងនេះត្រូវបានរាប់ចាប់តាំងពីថ្ងៃទី01ខែមករា និងបញ្ចប់ទៅវិញនៅក្នុងថ្ងៃទី31 ខែតុលាជារៀងរាល់ឆ្នាំ ហើយបានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១៦មកម្ល៉េះ។ យ៉ាងណាមិញសំរាប់សិល្បកររបស់យើងលោកវណ្ណដាផងដែរក៏ទទួលបានការ Review Spotify Wrapped ពី Spotify ផងដែរដែលធ្វើអោយលោកអាចដឹងពីទិន្នន័យរបស់អ្នកគាំទ្រលោកនៅលើកម្មវិធីមួយនេះបាន។
តាមរយៈការចែករំលែកទិន្នន័យ Spotify Wrapped 2022 របស់លោកវណ្ណដាយើងសង្កេតឃើញថាលោកទទួលបានចំនួន Stream រហូតទៅដល់9.3លានដងឯណោះ រីឯចំនួនអ្នកស្តាប់នៅក្បែរខ្ទង់ជាង38ម៉ឺននាក់ និងចំនួនម៉ោងស្តាប់វិញគឺនៅប្រហែលជា56ម៉ឺនម៉ោងហើយត្រូវបានស្តាប់ឡើងនៅក្នុង162ប្រទេស។ លោកវណ្ណដាបានក្លាយជា Top Artist សំរាប់អ្នកគាំទ្រជាង3ម៉ឺននាក់ និងTop 10 Artist សំរាប់អ្នកគាំទ្រជាង69ពាន់នាក់ និងTop 5 Artist សំរាប់អ្នកគាំទ្រជាង56ពាន់នាក់។ ម្យ៉ាងវិញទៀតផងដែរវណ្ណដាក៏ទទួលបានទិន្នន័យ Listeners’ Personality ដែលជាអ្នកស្តាប់ប្រភេទ The Nomad ដែលមានន័យថាអ្នកស្តាប់បទចម្រៀងរបស់លោកគឺជាប្រភេទអ្នកស្តាប់ចូលចិត្តស្តាប់ចំរៀងមកពីប្រភពឆ្ងាយៗ ហើយនៅពេលពួកស្វែងរកឃើញបទចម្រៀងដែលពួកគេចូលចិត្តហើយ ពួកគេនឹងស្តាប់វាជារៀងរហូត។
តួយ៉ាងគួរបញ្ជាក់ផងដែរចរិតប្រភេទអ្នកស្តាប់ The Nomad មួយនេះគឺស្ថិតនៅក្នុងចំណោមចរិតប្រភេទអ្នកស្តាប់ទាំង១៦ទៀតរបស់ Spotify ដែលមានដូចជា The Adventurer, The Musicologist, The Time Traveler, The Maverick, The Replayer, The Devotee, The Voyager, The Jukeboxer, និង The Deep Diver ជាដើម។ យ៉ាងណាមិញផងដែរសំរាប់ Top Artist Globally នៅដំណាច់ឆ្នាំ២០២២នេះផងដែរគឺបានទៅលើ Bad bunny ដែលស្ថិតនៅលើលេខរៀងទី១នៅលើតារាង បន្តបន្ទាប់មកតាមដោយ Taylor Swift, Drake, The Weekend, ក្រុមចម្រៀង BTS, Lana Del Rey ជាដើម។