កាលពីថ្ងៃទី១៤ និងទី១៥ ខែមិថុនាកន្លងទៅនេះ តារាចម្រៀងរ៉េបល្បីៗប្រចាំតំបន់អាស៊ីបានមកប៉ះគ្នាហើយនៅក្នុងកម្មវិធី Sabaidee Fest ដែលធ្វើឡើងនៅសហរដ្ឋអាមេរិចហើយ។ ដោយនៅក្នុងថ្ងៃទី១ គឺជាថ្ងៃដែលពួកគេបានជួបសំណេះសំណាលជាមួយនឹងអ្នកគាំទ្រនៅក្នុងកម្មវិធី Meet &Greet ដែលបានធ្វើឡើងនៅល្ងាចម៉ោង៤រសៀលនៅឯ VIP Area។ នៅក្នុងនោះក៏មានការជួបជាមួយនឹងតារារ៉េបកម្ពុជារបស់ក្រុមបារមី ដែលមានលោកវណ្ណដា និងលោកវណ្ណថានជាអ្នកតំណាង ហើយខាងប្រទេសថៃវិញក៏មានការជួបជាមួយនឹងក្រុម Hype The Train ដែលមានលោក Spriteនិងលោក OG Bobby អញ្ជើញចូលរួមផងដែរ។ នៅក្នុងយប់ថ្ងៃទី២គឺជាវត្តមាននៃការចូលរួមសម្តែងរបស់ពួកគេទាំងអស់គ្នាយ៉ាងកក្រើកឆាក ដែលធ្វើអោយផ្ទុះសំលេងគាំទ្រយ៉ាងខ្លាំងក្លា ក្លាយជារាត្រីកាលមួយដ៏គួរអោយចងចាំ។
វាមិនមែនជាឳកាសញឹកញាប់ទេ ដែលកំពូលសិល្បកររ៉េបប្រចាំប្រទេសរបស់ខ្លួនបានមកជួបជុំគ្នានិងផ្តល់ការសម្តែងយ៉ាងអស្ចារ្យបែបនេះ។ សង្កេតឃើញថានៅក្នុងនោះដែរលោកវណ្ណដាបានសម្តែងនូវបទ«Run The Town»ជាមួយនឹងលោក Sprite ជាថ្មីម្តងទៀតបន្ទាប់ពីការប្រគំតន្រ្តី Skull Tour នៅភ្នំពេញ។ ចំណែកលោក OG Bobby ក៏បានសម្តែងបទ«Bong» ជាមួយនឹងលោកវណ្ណដាជាថ្មីម្តងទៀតផងដែរបន្ទាប់ពីការសម្តែងរបស់ពួកគេនៅក្លឹបកំសាន្តភ្នំពេញ។ ខណៈលោកវណ្ណដា និងលោកវណ្ណថានក៏បានសម្តែងរួមគ្នាជាច្រើនបទ ប៉ុន្តែអ្វីដែលគួរអោយកត់សម្គាល់ខ្លាំងបំផុតនោះគឺនៅក្នុងមុនការសម្តែងបទ«Khmer Blood»។ ដោយលោកវណ្ណដាបានបង្ហាញចំណាប់អារម្មណ៍ដ៏ជ្រួតជ្រាបថា«មូលហេតុដែលលោកត្រូវសរសេរចំរៀងបន្ត មិនអាចបញ្ឈប់ការងារនេះបានគឺក៏ព្រោះតែពួកយើងទាំងអស់គ្នាត្រូវការសំលេង ត្រូវការ Music ដើម្បីទៅមុខទៀត»។