កាលពីថ្ងៃទី០៣ ខែមិថុនាកន្លងទៅនេះ លោកវណ្ណដាបានបង្ហើបតាមរយៈការបង្ហោះនៅលើ Story Facebook របស់លោក ថាលោកបានទៅលេងក្រុមគ្រួសាររបស់លោកអោយបានមុនពេលចូលរួមកម្មវិធី Sabaidee Fest។ គួរបញ្ជាក់ផងដែរថា កម្មវិធី Sabaidee Fest គឺជាកម្មវិធីចំរុះតន្រ្តីវប្បធម៌របស់អាស៊ីអាគ្នេយ៍ ដែលរៀបចំឡើងធ្វើឡើងនៅឧទ្យាន Prado ទីក្រុង Chino នៃរដ្ឋ California ឆ្នាំនេះដោយមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនា។ គួររំលឹកផងដែរថា កាលពីដើមខែតុលា ឆ្នាំ២០២៣ នៅលើ Instagram របស់ Sabaidee Fest ធ្លាប់បានបង្ហាញរួចមកហើយពីការអញ្ជើញចូលរួមរបស់សិល្បករបារមីទាំងបីរូបដែលមានកញ្ញា Sophia Kao លោកវណ្ណដា និងលោកវណ្ណថានមកកាន់កម្មវិធីរបស់ពួកគេ។
យ៉ាងណាមិញផងដែរ ការសម្តែងរបស់ពួកគេនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនាខាងមុខនេះ ខណៈដែលសបុត្រចូលរួមមានតំលៃចាប់ពីប្រមាណជា៤៥ដុល្លាសំរាប់ការចូលរួមរយៈពេលមួយថ្ងៃ រហូតដល់៨៤ដុល្លាសំរាប់ក្នុងរយៈពេល៣ថ្ងៃ និងសំបុត្រវីអាយភីរយៈពេល៣ថ្ងៃគឺមានតំលៃប្រមាណជា១៨៤ដុល្លាឯណោះ។ ម្យ៉ាងវិញទៀតផងដែរ នៅខាងលោកវណ្ណដាកាលពីពេលថ្មីៗនេះ គឺហាក់ដូចជាមានការអបអរជប់លៀងមកកាន់លោក ដោយលោកទទួលបានកាដូប្រអប់ធំមក Unboxing ជាមួយក្រុមការងារតែម្តង។ ហើយបន្ទាប់ពី Unbox នោះ ក៏ធ្វើអោយទស្សនិកជនគ្រប់គ្នាលើបណ្តាញសង្គមមានការភ្ញាក់ផ្អើល និងអស់សំណើច ព្រោះខាងនោះគឺសុទ្ធតែផ្លែធុរេនដែលបករួចជាច្រើន គួរអោយចង់ញ៉ាំ។ តើទស្សនិកជនមានពាក្យពេចន៍ជូនពរលោកវណ្ណដាដូចម្តេចខ្លះសំរាប់ការអញ្ជើញទៅកាន់សហរដ្ឋអាមេរិកជាលើកដំបូងរបស់លោក?