កាលពីថ្ងៃទី០៥ ខែវិច្ឆិកាថ្មីៗកន្លងទៅនេះលោកវណ្ណដា និងលោក Ravenblaze បានបង្ហាញខ្លួននៅក្នុង Podcast របស់លោក ឆេង សុភ័ក្រ្ត ហៅពូជ្រួញជាលើកដំបូង។ ទាក់ទងទៅនឹងប្រធានបទនៃរៀន Podcast Episode មួយនេះគឺមានចំណងជើងថាស្អប់ខ្ញុំចុះ បើសិនជាពិភពលោកនេះលែងទទួលស្គាល់ការពិត។ ដោយមានលោក Ravenblaze គឺជា Co-Host រួមគ្នាជាមួយនឹងពូជ្រួញ អ្នកទាំងពីរក៏បានធ្វើការជជែកសួរដេញដោលលោកវណ្ណដាជាច្រើនជាពិសេសជុំវិញទៅលើប្រធានបទមួយនេះ។
ជាការពិតណាស់ស្របពេលថ្មីៗនេះក៏កើតមានព្រឹត្តិការណ៍វិវាទ Diss Track ខ្លះៗរបស់លោកជាមួយនឹងលោកជីដេវីតផងដែរ ទើបការអញ្ជើញលោកវណ្ណដាមកក្នុងវេទិការៀន Podcast មួយនេះប្រៀបដូចជាកញ្ចក់ឆ្លុះបញ្ចាំងផ្លូវអារម្មរណ៍របស់ និងជាឳកាសល្អប្រសើរមួយដែលអាចអោយលោកបើកកកាយចំណាប់អារម្មណ៍ និងបកស្រាយពីការពិតនានាទៅលើរឿងរ៉ាវមួយនេះក្រៅពីអ្វីដែល Podcast បានផ្តោតសំខាន់គឺទៅលើការស្វែងយល់ពីបំណិនជីវិតនានារបស់លោកធ្លាប់ឆ្លងកាត់ បទពិសោធន៍ និងទស្សនៈផ្ទាល់ខ្លួន។
លោកវណ្ណដាបានបញ្ជាក់យ៉ាងច្បាស់ទៅលើទស្សនៈរបស់លោកក្នុងការប្រកាន់ខ្ជាប់នៅក្នុងជីវិតមួយចំនួនដូចជាការប្រកាន់គោលជំហរដើរតាមគុណធម៌ និងសច្ចធម៌របស់ខ្លួនឯងពោលគឺភាពត្រឹមត្រូវ និងការពិត។ មួយវិញទៀតផងដែរលោកក៏បានសង្កត់ធ្ងន់ទៅលើការបង្រៀនខ្លួនឯងអោយព្យាយាមធ្វើរឿងដែលមានប្រយោជន៍សំរាប់ខ្លួនឯងយ៉ាងហោចណាស់អោយបានមួយជារៀងរាល់ថ្ងៃ។ ក្រៅពីនេះផងដែរ លោកក៏បានបកស្រាយទៅលើការហ៊ានទទួលយកអ្វីជាការពិតដូចជាដើមកំណើតរបស់ខ្លួន និងចែករំលែកពីបទពិសោធន៍ជីវិតរបស់លោកអំពីមិត្តភាពបោកប្រាស់។
បញ្ហាកាន់តែស៊ីជំរៅជាងនេះទៅទៀតនោះគឺលោកក៏បានស្រាយចម្ងល់ទៅលើគំនិតរបស់មនុស្សភាគច្រើនដែលយល់ឃើញថាការប្រើប្រាស់ Loop នៅក្នុងបទចំរៀងគឺជាការCopy និងប្រាប់ពីមូលហេតុដូចគ្នាដែលលោកហ៊ានប្រើប្រាស់ពាក្យ«ធ្វើជាឪគេនៅឡេឡឺធ្វើឡេឡើ»នៅក្នុងបទចំរៀង Diss Track របស់លោក។ សរុបរួមមកលោកវណ្ណដាបានបង្ហាញទស្សនិកជនអោយឃើញពីលោកយ៉ាងច្បាស់ថាលោកគឺជាមនុស្សពិតៗ ទាំងអារម្មណ៍ និងគំនិត ហើយលោកពេញចិត្តនឹងបង្ហាញគុណភាព និងគុណធម៌របស់ខ្លួនទៅកាន់មនុស្សគ្រប់គ្នាផងដែរ។