បន្ទាប់ពីបញ្ចប់ការប្រគំតន្រ្តី TrueFest ភ្លាមៗ លោកវណ្ណដាក៏បានចេញសេចក្តីប្រកាសថ្មីៗមួយទៀតទាក់ទងនឹងការសម្តែងរបស់លោកពេលឆាប់ៗខាងមុខនេះកាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅ។ សង្កេតឃើញថាដំណើរការងាររបស់លោកវណ្ណដាគឺមមាញឹកតែម្តងមួយរយៈពេលចុងក្រោយនេះ ចំណែកបណ្តាអ្នកគាំទ្ររបស់លោកវណ្ណដាវិញក៏នៅតែបង្ហាញការគាំទ្រយ៉ាងមោះមុតដល់លោកដោយតាមរយៈការតាមដានរាល់គ្រប់សកម្មភាពរបស់លោក ក៏ដូចជាការចូលរួមទស្សនាការសម្តែងផ្ទាល់របស់លោកជាដើម។
ខណៈនេះផងដែរ នៅក្នុងគំរោងការងារថ្មីមួយទៀតរបស់លោកវណ្ណដាមួយនេះ ក៏ពិតជាបានធ្វើអោយបណ្តាអ្នកគាំទ្រក្រៅប្រទេសរីកមុខរីកមាត់តែម្តង ដោយសារតែលោកវណ្ណដាទើបតែបានប្រកាសថាខ្លួននឹងត្រូវចេញសម្តែងនៅក្លឹប Raise Ginza ប្រទេសជប៉ុននៅក្នុងថ្ងៃទី១៦ ខែកក្កដាខាងមុខនេះ នៅមុនថ្ងៃឈប់សំរាកនៃប្រទេសជប៉ុន។ ជាមួយនឹងគ្នានេះផងដែរ លោកក៏បានបញ្ជាក់ថានឹងមានការចូលរួមសម្តែងជាមួយនឹងតារ៉ារ៉េបជប៉ុនស្រីដ៏ល្បីម្នាក់ដែលត្រូវបានស្គាល់ហៅថា Awich។ Awich មានឈ្មោះពិតថា Akiki Urasaki គឺជាសិល្បករ Hip Hop មួយរូបដែលបានចូលរួមជាមួយនឹងផលិតកម្ម Univeral Music Japan កាលពីឆ្នាំ២០២០។
លោកវណ្ណដាបានអោយដឹងទៀតថានេះគឺជាលើកដំបូងហើយដែលលោកបានចេញទៅសម្តែងនៅកម្មវិធីនៃប្រទេសជប៉ុន និងមានអារម្មណ៍ពិតជារំភើបមែនទែន ដែលត្រូវបានអញ្ជើញទៅសម្តែង និងមានឳកាសបានជួបអ្នកគាំទ្រនៅក្រៅប្រទេស ក៏ដូចជាបងប្អូនខ្មែរដែលរស់នៅទីនោះផងដែរ។
គួរបញ្ជាក់ផងដែរថា នៅក្នុងប្រទេសជប៉ុន ថ្ងៃទី១៧ ខែកក្កដា គឺជាថ្ងៃបុណ្យឈប់សំរាកជាតិដែលមានឈ្មោះថា«Marine Day» រឺហៅថាបុណ្យសមុទ្រ។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរសំរាប់ការសម្តែងខាងមុខនេះរបស់លោក?