បណ្តាសារព័ត៌មានធំៗជាច្រើនដូចជា Ajazeera បានធ្វើការចុះផ្សាយពីព្រឹត្តិការណ៍បិទកីឡាអូឡាំពិកដ៏ធំកក្រើកនៃទីក្រុងប៉ារីសកាលពីម្សិលមិញនេះ! ដោយពួកគេបានចុះផ្សាយពិពណ៌នាយ៉ាងលម្អិតនៃព្រឹត្តិការណ៍នោះតាមរយៈការ Live បន្តផ្ទាល់មក! ដោយជាមោទនភាព តាមរយៈការរៀបរាប់នៅក្នុងនោះ លោកវណ្ណដា របស់យើងក៏ត្រូវបានបង្ហាញខ្លួននៅក្នុងទំព័រសារព័ត៌មានអន្តរជាតិទាំងនោះដែរ! បន្ទាប់ពីរយៈពេល២សប្តាហ៍នៃការដំណើរការកីឡាអូឡាំពិកយ៉ាងរលូន ទីក្រុងប៉ារីសក៏បានឈានចូលមកដល់ការធ្វើកម្មវិធីបិទកីឡាអូឡាំពិកហើយកាលពីថ្ងៃអាទិត្យ ទី១១ ខែសីហាកន្លងទៅនេះ ដែលត្រូវបានធ្វើឡើងនៅ Stade de France។ គួរអោយកត់សម្គាល់ឃើញយ៉ាងនៅក្នុងព្រឹត្តិការណ៍នោះ មានតារាអាមេរិកមួយចំនួនបានបង្ហាញខ្លួនរួចជាស្រេចធ្វើការសម្តែងដូចជា Billie Eilish, Snoop Dogg, Dr Dre និងThe Red Hot Chili ដើម្បីតំណាងនាំភាពបន្តពីព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសទៅកាន់កីឡាអូឡាំងពិកឆ្នាំ២០២៨នៅទីក្រុង Los Angeles។
យ៉ាងណាផងដែរ អ្វីដែលគួរកត់សម្គាល់មួយទៀត និងនាំភាពលេចធ្លោផងនោះ គឺការមានវត្តមាននៃតារាអាស៊ីអាគ្នេយ៍របស់យើងតែមួយគត់ លោកវណ្ណដា នៅក្នុងការសម្តែងបិទនៃព្រឹត្តិការណ៍មួយនេះកាលពីម្សិលមិញ ដែលបាននាំភាពភ្ញាក់ផ្អើល និងមោទនភាពយ៉ាងខ្លាំងសម្រាប់ប្រទេសកម្ពុជា! នៅក្នុងសម្តែងបិទនេះ គឺរួមមានការចាប់ផ្តើមដោយការសម្តែងដោយក្រុមតារាចម្រៀងជនជាតិបារាំង Phoenix ដែលបានច្រៀងនូវបទ«Lisztomania» បន្ទាប់មកក៏បានចូលរួមដោយអ្នកចម្រៀងជនជាតិបារាំង Kawinski និងអ្នកចម្រៀងស្រីជនជាតិបែលហ្ស៊ិក Angele បានច្រៀងនូវបទល្បីល្បាញមួយនៅក្នុងរឿង Drive ដែលមានចំណងជើងថា«Nightcall» ។ បន្ទាប់មកពួកគេក៏ត្រូវបានចូលរួមដោយលោកវណ្ណដានូវបទ«If i ever feel better» ហើយលោកវណ្ណដាក៏បានច្រៀងនូវបទ «Time To Rise និងអ្នកចម្រៀងដៃគូជនជាតិបារាំង AIR ក៏បានបង្ហាញខ្លួនឡើងសម្តែងនូវបទ«Playground Love» ដោយមាន Thomas Mars នៃក្រុមPhoenix ចូលរួមច្រៀង និងបញ្ចប់ដោយអ្នកចម្រៀងជនជាតិអាមេរិក Ezra Koening នៃក្រុម Vampire Weekend ចូលរួមច្រៀងផងដែរនូវបទ«Tonight»។