ការអញ្ជើញចូលរួមសម្តែងតំណាងអោយប្រទេសកម្ពុជានៅក្នុងកម្មវិធី Asean Music Showcase ប្រចាំអាស៊ីរបស់លោកវណ្ណដានាពេលថ្មីៗនេះ បានសាងប្រវត្តិសាស្រ្តថ្មីមួយទៀតសំរាប់តារាចម្រៀងនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងពេលថ្មីៗនេះផងដែរលោកវណ្ណដាបានធ្វើការចែករំលែកបទពិសោធន៍របស់ខ្លួនចូលរួមនៅក្នុងកម្មវិធីសម្តែងសិល្បៈតន្រ្តីនៅឯក្នុងប្រទេសសឹង្ហបុរីជាមួយអ្នកលេងនៅលើបណ្តាញសង្គម និងបានបង្ហាញការអរគុណជ្រាលជ្រៅចំពោះក្រុមហ៊ុនសែលកាតដែលបានផ្តល់ជំនួយក្នុងការធ្វើដំណើរហោះហើរដល់លោកសំរាប់មានឳកាសអាចចូលរួមសម្តែងតំណាងអោយកម្ពុជានៅក្នុងថ្ងៃទី១២ ខែតុលាកន្លងទៅនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក។
លោកវណ្ណដាបានភ្ជាប់ជាមួយនឹងវីឌីអូនៃការសម្តែងបទ«J+O» នៅឯក្នុងកម្មវិធីនោះ ដោយលោកបានអមជាមួយសារថាអរគុណសំរាប់អ្នកគាំទ្រនៅក្នុងប្រទេសសឹង្ហបុរី សង្ឃឹមថានឹងបានជួបពួកគេសារជាថ្មីក្នុងពេលឆាប់ៗនេះ។ គួរបញ្ជាក់ផងដែរមុនការចែករំលែកវីឌីអូសម្តែងមួយនេះ លោកវណ្ណដាក៏បានធ្វើការចែករំលែកបន្ត និងសម្តែងការអរគុណទៅកាន់ទស្សនាវដ្តី HipHopDX Asia ផងដែរដែលបានចុះផ្សាយពីការចេញបទចម្រៀង«C.O.D.A» របស់លោក ដោយមានការយក Footage មួយចំនួនពីព្រឹត្តិការណ៍ចូលរួមនៅក្នុងកម្មវិធី Asean Music Showcase នេះ។ លោកវណ្ណដាប្រហែលជាគិតថាការចែករំលែកបទពិសោធន៍ថ្មី និងបង្ហាញប្រវត្តិសាស្រ្តថ្មីមួយនេះគឺជាអ្វីដែលប្រជាជនកម្ពុជាគួរជាទីមោទនភាព ខណៈពេលដែលសិល្បករខ្មែរនាពេលនេះអាចឈានទៅដល់ការស្គាល់ទូលំទូលាយនៅលើឆាកអន្តរជាតិបាន។