កាលពីយប់ថ្ងៃទី១៤ ខែឧសភាកន្លងទៅនេះ មានត្រឹមទស្សនិកជន VIP មួយចំនួនប៉ុណ្ណោះដែលបានចូលរួមទស្សនានៅក្នុងកម្មវិធីសម្តែងពិសេសមួយរបស់លោកវណ្ណដាដែលមានឈ្មោះថា Zinvo Blade VannDa រៀបចំឡើងដោយក្រុមហ៊ុននាឡិកាដៃ Klassy Watch ផ្ទាល់។ គួររំលឹកផងដែរថាកាលពីថ្ងៃទី៣០ ខែមេសា ក្រុមហ៊ុននាឡិកាដៃ Klassy Watch ធ្លាប់បានចេញសេចក្តីប្រកាសរួចមកហើយអំពីដំណឹងនៃការបង្កើតកម្មវិធីប្រគំតន្រ្តី VIP មួយសំរាប់លោកវណ្ណដានៅក្នុងថ្ងៃទី១៤ ខែឧសភានេះ ដែលត្រូវនឹងថ្ងៃទិវាមាតាអន្តរជាតិ។ ក្រុមហ៊ុនបានអោយដឹងទៀតថាដើម្បីចូលរួមទស្សនាពួកគេគ្រាន់តែតំរូវអោយបញ្ជាទិញនាឡិកាដៃ Zinvo Blade VannDa ដូចលោកវណ្ណដាមួយខ្សែប៉ុណ្ណោះ នឹងទទួលបានសំបុត្រចូលរួមភ្លាមៗជាមួយនឹងកាដូអនុស្សាវរីយ៍មួយចំនួន។ គួរបញ្ជាក់ផងដែរថា តំលៃនាឡិកាដៃ Zinvo Blade VannDa មួយខ្សែដែលមានលោកវណ្ណដាជាតំណាងនោះមានតំលៃរហូតទៅដល់$450ឯណោះ ដោយមិនចាំបាច់សង្ស័យច្រើនទេថាភ្ញៀវ VIP របស់យើងនឹងទទួលបានតំលៃសមាមាត្រត្រលប់ទៅវិញយ៉ាងណាខ្លះពីការចូលរួមក្នុងរាត្រីដ៏អាថ៌កំបាំងមួយនេះ។ ជាក់ស្តែងអ្វីដែលពួកគេទទួលបានគឺការសម្តែងយ៉ាងរន្ថើនឆាក ដោយមានលោកវណ្ណដា រួមជាមួយនឹងក្រុម La Cima Cartel នៃផលិតកម្មរួមគ្នា បានជះរាងឡួយសង្ហាបង្ហាញពីស្ទីលរាំនិងច្រៀងនៃសិល្បៈ Hip Hop យ៉ាងពិតប្រាកដដ៏រស់រវើកនៅលើវេទិកា។ មិនតែប៉ុណ្ណោះលោកវណ្ណដាក៏បានបញ្ចេញបទថ្មីមួយបទមកសម្តែងពន្ញាក់អារម្មណ៍ទស្សនិកជនផងដែរ ដែលជាបទតនឹងបទ Hot Boy របស់លោកនៅក្នុងអាល់ប៊ុម Skull1 មានចំណងជើងថា«Hot Boy 2» និងមានតំរុយថាទើបនឹងតាក់តែងនោះទេ ដោយមានឃ្លាខ្លះបានរៀបរាប់ពីសកម្មភាពថ្មីៗរបស់លោកដូចជា«ខ្ញុំនៅសុខៗសោះ គេហៅខ្ញុំឡើងឆាក Rolling Loud»។ តើទស្សនិកជនយល់ឃើញយ៉ាងណាចំពោះបទថ្មីរបស់លោកវណ្ណដាដែលមិនទាន់ចេញផ្សាយមួយនេះ?