ជារឿងល្អគាប់ប្រសើរមែនដែលគុនល្បុក្កតោរបស់ខ្មែរយើងត្រូវបានបញ្ចូលនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូថ្មីៗនេះ ទន្ទឹមនឹងនេះផងដែរក៏នឹងមានការរៀបចំពិធីអបអរកម្មវិធីបិទកីឡាជាតិលើកទី៣នៅពហុដ្ឋានជាតិមរតកតេជោនៅថ្ងៃទី៣០ ខែវិច្ឆិកាថ្ងៃនេះ ដោយមានបញ្ចូលការសម្តែងទស្សនីយភាពគុនល្បុក្កតោគួរជាទីមោទនភាពបំផុត។ យ៉ាងណាមិញក្នុងការអបអរវិស័យកីឡាដ៏ខ្ពង់ខ្ពស់ឧត្តុងឧត្តមមួយនេះក៏មានសិល្បករជួរមុខតំណាងនៅក្នុងប្រទេសកម្ពុជាចូលរួមសម្តែងជាច្រើនរូប សុទ្ធសឹងជាសិល្បករស្នូលមានប្រជាប្រិយភាពយ៉ាងក្រៃលែងដោយក្នុងនោះមានដូចជាលោកវណ្ណដា លោកជីដេវីត និងអ្នកនាងឳកសុគន្ធកញ្ញាផងដែរ។ គួរបញ្ជាក់ផងដែរកម្មវិធីកីឡាជាតិលើកទី៣នេះ ក៏មានរាប់បញ្ចូលកីឡាជនពិការជាលើកដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាផងដែរ។
សំរាប់មុនថ្ងៃបិទនៃកម្មវិធីកីឡាជាតិផងដែរ ក៏ឃើញមានរូបភាពចែករំលែកបន្តគ្នាជាច្រើនទាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក និងនៅលើ Tik Tok នូវវត្តមានកំពូលសិល្បកររបស់យើងចូលរួមហាត់សមយ៉ាងអធឹកអធមខ្លាំងមែនទែន។ លោកជីដេវីតបានធ្វើការចែករំលែករូបភាពមួយចំនួនក្នុងថ្ងៃហាត់សមរបស់លោកជាមួយនឹង Hashtag ដាក់ថា Top of the lady ដែលហាក់ទំនងដូចជាលោកនឹងជ្រើសរើសយកបទមួយនេះមកសម្តែងនៅក្នុងថ្ងៃបិទនៃកម្មវិធីផងដែរ។ សង្កេតឃើញថាសិល្បករយើងម្នាក់ៗពិតជាប្រឹងប្រែងហាត់សមយ៉ាងសស្រាក់សស្រាំដើម្បីត្រៀមខ្លួនអោយរួចរាល់សំរាប់ការសម្តែងនៅក្នុងថ្ងៃ៣០ស្អែកនេះ។ មិនថាអ្នកទាំងអស់គ្នាជាហ្វេនរបស់លោកវណ្ណដា លោកជីដេវីត រឺអ្នកនាងឳកសុគន្ធកញ្ញានោះទេតែអេដមីនជឿជាក់ថាអ្នកទាំងអស់គ្នាត្រូវតែជាហ្វេនរបស់វិស័យកីឡានៅកម្ពុជាទាំងអស់គ្នា!