កាលពីថ្ងៃទី១៤ ខែវិច្ឆិកាកន្លងទៅនេះ កំពូលតារាចំរៀងហ៊ីបហប់ពីររូបក្នុងប្រទេសកម្ពុជាបានធ្វើអោយផ្ទុះរឿងគួរអោយភ្ញាក់ផ្អើលមួយកើតឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយពួកគេទាំងពីរបានលាតអារម្មណ៍ពិតផ្ទាល់ខ្លួនជាសាធារណៈតាមរយៈសំណេរជាភាសាអង់គ្លេសដ៏វែងអន្លាយដែលមិនធ្លាប់ឃើញពួកគេធ្វើបែបនេះពីមុនមកទេ។ លោកវណ្ណដាសម្តែងឡើងថានេះគឺជាសំណេរដំបូងនិងចុងក្រោយគេបង្អស់ហើយសំរាប់លោកទៅលើបញ្ហាបទចំរៀងបែកធ្លាយរបស់លោក ដោយលោកបានទទូចសុំអោយប្រសិនណាបើធ្វើការងារជាក្រុមសមាជិកម្នាក់ៗគួរណាតែត្រូវមានទឹកចិត្តស្មោះត្រង់ចំពោះគ្នា គោរពស្នាដៃ និងទឹកចិត្តលះបង់របស់គ្នាទៅវិញទៅមក។
លោកវណ្ណដាក៏បានបន្ថែមទៀតផងថា "សំរាប់អ្នកទទួលបានបទចំរៀងបែកធ្លាយរបស់ខ្ញុំហើយប្រសិនបើអ្នកនៅមានទឹកចិត្តគោរពខ្ញុំ និងខ្លួនឯងមេត្តារក្សាទុកស្តាប់ខ្លួនឯងចុះ"។ លោកក័បានលើកឡើងថាចាប់ពីពេលនេះតទៅរាល់បទចំរៀងបែកធ្លាយទាំងអស់លោកនឹងបោះចោលវាទាំងអស់។ នៅក្នុងយប់ជាមួយគ្នានោះផងដែរលោកជីដេវីតក៏បានធ្វើការបង្ហោះសំណេរបង្ហាញអារម្មណ៍ពិតរបស់លោកដូចគ្នាទាក់ទងទៅលើបញ្ហាតែមួយ។
លោកជីដេវីតបានរៀបរាប់ឡើងអោយដឹងលោកយល់ឃើញថាប្រសិនបើការពិតនៃរឿងទាំងមូលត្រូវបានលាតត្រដាងឡើងតាំងពីដំបូងនោះហើយ ដែលពួកគេបានអូសទាញលោកចូលទៅពាក់ព័ន្ធដើម្បីបង្កើតជារឿងរ៉ាវគឺគ្រាន់តែជាវិធី Marketing មួយបែបប៉ុណ្ណោះ។ លោកជីដេវីតឈ្វេងយល់ថាថ្វីបើភាពអយុត្តិធម៌តែងតែកើតលើលោក តែលោកសុខចិត្តទទួលយកវាចុះព្រោះនេះគឺជាភាពសមាមាត្រដែលលោកទទួលបានពីការក្លាយជាបុគ្គលសាធារណៈដែលមានឥទ្ធិពលសាយភាយទៅកាន់មនុស្សជាច្រើននាក់។ លោកជីដេវីតបន្តលើកឡើងថា"ជានិច្ចកាល ភាពត្រឹមត្រូវរឺ មិនត្រឹមត្រូវគឺមិនអាចសំរេចបានឡើយដោយត្រឹមតែពាក្យសំដី និងកំហឹងរបស់អ្នកនោះទេ តែពេលវេលានឹងអាចបង្ហាញអ្នកទៅកាន់ផ្លូវត្រឹមត្រូវបាន"។