កម្មវិធីបំរើសេវាចម្រៀងឌីជីថល Spotify បានចាប់ផ្តើមបើកដំណើរការនៅក្នុងប្រទេសកម្ពុជាលើកដំបូងនៅក្នុងឆ្នាំ២០២១ថ្មីៗនេះទេ ដោយបានធ្វើអោយសិល្បករនៅក្នុងប្រទេសយើងអាចឈានទៅដល់ការស្គាល់ទូលំទូលាយនៅលើសកលលោក។នាពេលបច្ចុប្បន្ននេះ Spotify មានចំនួនអ្នកប្រើប្រាស់ជាប្រចាំប្រមាណ ៤៣៣ លាននាក់ និងអ្នកប្រើប្រាស់ Premiumចំនួន ១៨៨លាននាក់សរុបយោងទៅតាមទិន្នន័យចុងក្រោយនៅក្នុងឆ្នាំ២០២២នេះ។ យ៉ាងណាមិញផងដែរSpotifyបានកត់ត្រាកំរងទិន្នន័យអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជានេះ និងបានកត់សំគាល់ឃើញថាលោកវណ្ណដាគឺជាតារារ៉េបតែម្នាក់តែទទួលបានចំនួនអ្នកស្តាប់ច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ដោយមានអ្នកស្តាប់ប្រចាំខែប្រមាណ៨ម៉ឺុននាក់ និងមានចំនួនអ្នក Follow សរុបរហូតទៅដល់១សែននាក់ឯណោះ។ ទន្ទឹងនឹងនោះផងដែរ លោក Tena គឺជាតារាចម្រៀងចំណាត់ថ្នាក់ទី២ទទួលបានចំនួនអ្នកស្តាប់ច្រើនជាងគេ ដោយមានអ្នកស្តាប់ប្រចាំខែប្រមាណ ២ម៉ឺុន៧ពាន់នាក់។ ក្រៅពីអ្នកទាំងពីរហើយ សិល្បករ៣រូបទៀតនៅក្នុងចំណោមតារាងកំពូលទាំង៥ មានលោកតាស៊ិនស៊ីសាមុត លោកម៉ានិត និងក្រុម Smallband។ គួរអោយកត់សំគាល់ផងដែរថាក្រៅពីសិល្បករក្នុងស្រុកទាំងនេះហើយ Spotify ក៏បានរកឃើញថាតារាចម្រៀងបរទេសដែលទទួលបានការពេញនិយមខ្លាំងជាងគេនៅក្នុងប្រទេសយើងមានដូចជាក្រុម BTS, Justin Bieber, Taylor Swift, Olivia Rodrigo, Ariana Grande, និង BLACKPINK ផងដែរ។