កាលពីថ្ងៃទី២ ខែឧសភាពកន្លងទៅនេះ បន្ទាប់ពីតារារ៉េបពន្លកថ្មីរបស់ផលិតកម្ម Galaxy Navatra លោក Young Spider បានធ្វើការទំលាក់បទចម្រៀងរ៉េបថ្មីមួយនៅក្នុងខណៈពេលដែលផ្ទុះរឿងកំហឹងរបស់ម្ចាស់ផលិតកម្មលោកផ្ទាល់គឺលោកឧកញ្ញាឡេង ណាវ៉ាត្រាជាមួយនឹងកំពូលRapperស្រុកខ្មែរគឺលោកវណ្ណដា បានធ្វើអោយមហាជនជាច្រើនចាប់អារម្មណ៍ឃើញថាភ្លើងកំហឹងទាំងអម្បាលម៉ានក៏អាចលេចចេញតាមរយៈបទចម្រៀងមួយនេះផងដែរ។ គួររំលឹកផងដែរថាកាលពីពេលថ្មីៗនេះមានរឿងចោទប្រកាន់ថាបណ្តាអ្នកគាំទ្រ Robot របស់លោកវណ្ណដាបានវាយប្រហារលើបទចម្រៀង«ស្រឡាញ់អ្វីដែលខ្មែរមាន» របស់លោកឧកញ្ញាផ្ទាល់ ទើបលោកឧកញ្ញាសំរេចបង្ហាញការមិនពេញចិត្តមួយចំនួនទៅកាន់លោកវណ្ណដាជាសាធារណៈ និងដើម្បីការពារអង្គភាពរបស់លោកផ្ទាល់។
យ៉ាងណាមិញ បទចម្រៀងរ៉េបដែលទស្សនិកជនមួយចំនួនជឿជាក់ថាអាចជាបទចម្រៀង Disstrack របស់ផលិតកម្ម Galaxy Navatra នេះគឺមានចំណងជើងថា«កុំឈ្លើយ» និងត្រូវបានទស្សនិកជនមួយចំនួនវិភាគឡើងថាពិតជាមានពាក្យពេចន៍ដៀមដាមទៅកាន់តួឯករបស់យើងចាប់ឆ្នោតត្រូវលើកនេះពិតមែន ហើយជាពិសេសទៀតក៏មានចំនុចខ្លះទៀតដែលលោក Young Spider បង្ហាញឡើងត្រង់ៗថា«អញគឺជាអ្នកចាំការពារជាគ្នា នេះហើយគ្រួសារ» ជាដើម។
អ្វីដែលកាន់តែមិននឹកស្មានដល់ជាងនេះទៅទៀត បន្ទាប់ពីបទចម្រៀង«កុំឈ្លើយ»ចេញមិនទាន់បានប៉ុន្មានផង ក៏លេចបទចម្រៀង«កុំ J+O» មកទៀតក្នុងថ្ងៃជាមួយគ្នានេះ ដែលបកស្រាយឡើងដោយតួអង្គថ្មីជាអ្នកគាំទ្រម្នាក់របស់លោកវណ្ណដាតែម្តងមានឈ្មោះថាលោក Raazy រីឯអត្ថន័យវិញគឺហាក់ដូចជា Disstrack ទៅកាន់លោក Young Spider យ៉ាងនោះឯង។ នៅពេលនេះទស្សនិកហាក់សង្កេតបានឃើញទាំងសងខាងហើយថា ម្នាក់ៗកំពុងមានឆ្មាំចាំជួយការពាររៀងខ្លួន ដោយ Galaxy Navatra មានលោក Young Spider ចំណែកលោកវណ្ណដាក៏មានលោក Raazy តើបន្តទៀតនឹងមានរឿងអ្វីកើតឡើង ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរ?