បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ការប្រគំតន្រ្តីដ៏ធំអស្ចារ្យគំរប់ខួប២៥ឆ្នាំរបស់ក្រុមហ៊ុនសែលកាតដែលបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែធ្នូកន្លងទៅនេះនៅឯផ្សារទំនើបអ៊ីអនម៉លសែនសុខ លោកវណ្ណដាបានធ្វើការបង្ហោះនូវរូបភាពមួយចំនួននៅក្នុងថ្ងៃប្រគំតន្រ្តីអមជាមួយនឹងសារដ៏មានអត្ថន័យជ្រាលជ្រៅផងដែរ។ លោកបានសរសេរឡើងថា "ការងារខ្ញុំជាការងារដែលស្របជាមួយបេះដូង ធ្វើដោយបេះដូង ព្យាបាលបេះដូងអ្នកគាំទ្រ"។ ការបង្ហាញអារម្មណ៍ពិតមួយនេះពិតជាបានធ្វើអោយចាក់ដោតចិត្តអ្នកគាំទ្រខ្លាំងមែនទែន ព្រោះសូម្បីតែនៅក្នុងរូបភាពដែលលោកបានបង្ហោះក៏ស្តែងឡើងពិតៗដូចគ្នាជាមួយនឹងកាដូដែលជាទឹកចិត្តរបស់អ្នកគាំទ្របានប្រគល់មកអោយលោកដែលមានដូចជាលុយទាំងបាច់ តុក្កតាធំតូច និងជាពិសេសមានទាំងសាប៊ូកក់សក់ និងម្ស៉ៅស៊ុបខ្នរឡើង។
វាជាការលេងកំប្លែងដែលចាក់ដោតចិត្តមែនទែន សូម្បីតែអ្នកគាំទ្រគ្នាឯងក៏ហួសចិត្តដែរ។ ចំណែកលោកវណ្ណដាក៏អត់ហួសចិត្តមិនបានបង្ហោះរូបភាពកាត់សាញមួយចែករំលែកអ្នកគាំទ្របានសើចសប្បាយដែរ។ តែក៏មិនភ្លេចនូវពេលវេលាល្អៗ និងការរួមសហការជាមួយនឹងមិត្តភក្តិនៅក្នុងក្រុមរបស់ខ្លួនដូចគ្នាដែលមានដូចជាក្រុមលោក Polarix និងកញ្ញា Sophia Kao ដែលមានវត្តមាននៅក្នុងការប្រគំតន្រ្តីនោះដូចគ្នា។ កំរងរូបភាពទាំងនេះត្រឹមតែជាមួយផ្នែកនៃភាពសប្បាយរីករាយនៃការប្រគំតន្រ្តីគំរប់ខួប២៥ឆ្នាំរបស់សែលកាតប៉ុណ្ណោះ ព្រោះទន្ទឹមនឹងនោះក៏មានវត្តមានចូលរួមពី Ambassador និង Influencer ជាច្រើនរូបទៀតរបស់សែលកាតដែលមានដូចជាលោកថេណា ព្រះនាងតូចជេនណា កញ្ញារ៉េតស៊ូហ្សាណា កញ្ញាមីណា លោក Ravenblaze ជាដើម។ គួរបញ្ជាក់ផងដែរលោកវណ្ណដាក៏បានធ្វើការបង្ហោះ Story នៅលើគណនីបណ្តាញសង្គមផងដែរថានេះជាលើកដំបូងហើយដែលលោកបានស្គាល់រសជាតិទទួលបានកំរងលុយបែបនេះ។