ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះមានរឿងចៃដន្យមួយដោយសិល្បករប្រចាំប្រទេសរបស់យើងលោកវណ្ណដាក៏មានថ្ងៃកំណើតនៅចំថ្ងៃនោះផងដែរដែលត្រូវនឹងថ្ងៃទី២២ ខែមករា។ ម្ល៉ោះហើយនៅក្នុងរាត្រីថ្ងៃខួបកំណើតរបស់លោកផ្ទាល់ លោកវណ្ណដាក៏បានធ្វើការទំលាក់បទចម្រៀងថ្មីមួយបទដែលមានចំណងជើងថា«ជំពូកទី១»សំរាប់ជាកាដូអាំងប៉ាវពិសេសក្នុងឳកាសពិធីបុណ្យឆ្នាំចិនជូនចំពោះបណ្តាអ្នកគាំទ្ររបស់លោក។
បន្ទាប់ពីលោកវណ្ណដាបានចែករំលែកសកម្មភាពមួយចំនួននៅអំឡុងមុនពេលថ្ងៃខួបកំណើតរបស់លោក មានរឿងលើសពីការស្មានទុកមួយដោយនៅពាក់កណ្តាលរាត្រីថ្ងៃទី២២នោះ លោកវណ្ណដាក៏បានធ្វើការប្រកាសចេញផ្សាយបទថ្មីរបស់លោកភ្លាមៗសំរាប់ជាកាដូពិសេសជូនដល់បណ្តាអ្នកគាំទ្ររបស់លោកជាមួយនឹងខេបសិនរូប«ផាវ»មកជាមួយនឹងការពន្ញាក់អារម្មណ៍។
គួរបញ្ជាក់ផងដែរបទចម្រៀងថ្មីមួយបទនោះមានចំណងជើងថា«ជំពូកទី១» ដែលមានអត្ថន័យទាក់ទងអំពីដំណើរជីវិតផ្ទាល់ខ្លួនរបស់លោកវណ្ណដាហាក់ដូចជាការឆ្លុះបញ្ចាំងត្រលប់មកវិញអំពីខ្លួនយើងម្នាក់ៗ ហើយសក្តិសមជាចម្រៀងសំរាប់ថ្ងៃកំណើតរបស់លោកផងដែរ។ គួររំលឹកផងដែរបទនេះទៀតសោតក៏ត្រូវបានលោកវណ្ណដាធ្លាប់បញ្ចេញ Teaser កាលពីពេលថ្មីៗនេះរួចមកហើយ គ្រាន់តែមិនទាន់ដឹងកាលបរិច្ឆេទបញ្ចេញច្បាស់លាស់ នៅទីបំផុតអត្ថន័យពេញលេញទាំងស្រុងក៏ត្រូវបានលាតត្រដាងហើយ។
ប៉ុន្តែមានរឿងចម្លែកចិត្តមួយនៅខណៈដែលលោកវណ្ណដាបានធ្វើការ Live នៅលើបណ្តាញសង្គមរបស់លោកមុនពេលចេញផ្សាយបទចម្រៀង ក៏មានអ្នកគាំទ្រខ្លះបានធ្វើការសាកសួរអំពីគម្រោងចេញផ្សាយបទចម្រៀងថ្មីរបស់លោក តែលោកវណ្ណដាបែរជាផ្តល់ពត៌មានខុសដោយបញ្ជាក់ថាអាចនឹងចេញផ្សាយនៅរយៈពេល៦ខែខាងមុខនោះទេ ទើបនេះជាចម្ងល់មួយថាហេតុអ្វីលោកវណ្ណដាមិនព្រមប្រាប់ការពិតភ្លាមៗ?នេះអាចនិយាយបានថាមិនគួរណាជឿទុកចិត្តរឿងរ៉ាវដែលលោកវណ្ណដាបាននិយាយ១០០ភាគរយនោះទេ ម្យ៉ាងទៀតភាពមិនច្បាស់លាស់នេះក៏អាចជាផ្នែកមួយនៃវិធីសាស្រ្ត Marketing របស់ពួកគេផងដែរ។