ប្រាកដណាស់ថាលោកវណ្ណដាធ្លាប់បានភ្លក្សរសជាតិកូកាកូឡាពីមុនមកយ៉ាងហោចណាស់ក៏បានម្តងនៅក្នុងឆាកជីវិតរបស់លោកដែរ តែម្តងនេះគឺជាលើកដំបូងហើយក្នុងនាមជា BA ឬទូតសុឆន្ទះ នៃក្រុមហ៊ុនភេសជ្ជៈដ៏ធំជាងគេនៅលើពិភពលោក! ទូតសុឆន្ទៈរបស់ក្រុមហ៊ុនភេសជ្ជៈកូកាកូឡាទីបំផុតត្រូវបានលាតត្រដាងហើយដែលជាសិល្បករវ័យក្មេងដ៏មានប្រជាប្រិយភាពប្រចាំប្រទេសជាលោក ម៉ាន វណ្ណដានោះឯង ដែលទីបំផុតរូបលោកបានបង្ហាញខ្លួននៅក្នុងសន្និសីទសារព័ត៌មាននៃចុះកិច្ចព្រមព្រៀងកន្លងទៅនេះ ព្រមទាំងបានភ្លក្សរសជាតិភេសជ្ជៈកូកាកូឡាជាលើកដំបូងផងដែរក្នុងនាមជា BA របស់ក្រុមហ៊ុនភេសជ្ជកូកាកូឡា។
កាលពីថ្ងៃទី១០ ខែមករាកន្លងទៅនេះក្រុមហ៊ុនភេសជ្ជៈកូកាកូឡាបានធ្វើការណែនាំទូតសុឆន្ទៈថ្មីរបស់ពួកគេនៅក្នុងសន្និសីទសារព័ត៌មានមួយអំពីចុះកិច្ចព្រមព្រៀង ដោយបានបង្ហាញមុខលោកម៉ានវណ្ណដាជាតំណាងរបស់ពួកគេផ្ទាល់នៅក្នុងឈុតសំលៀកបំពាក់ Suit ដ៏ស្រស់សង្ហា។ នៅក្នុងសន្និសីទសារព័ត៌មាននោះត្រូវបានប្រមាញ់រូបភាពបានដោយមានរូបលោកវណ្ណដាត្រូវបានអមសងខាងដោយ CEO របស់ក្រុមហ៊ុន Coca Cola និង បារមី កំពុងតែធ្វើការភ្លក្សរសជាតិភេស្ជជៈកូកាកូឡាជាកិច្ចស្វាមគន៍ដ៏មានអត្ថន័យនៃការរួមសហការរវាងក្រុមហ៊ុនទាំងពីរ ក៏ដូចជាការអបអរសាទរមកដល់លោកម៉ានវណ្ណដាដែលក្លាយជា BA របស់ក្រុមហ៊ុនជាផ្លូវការហើយ។
បន្ថែមពីលើនេះក្រុមហ៊ុនកូកាកូឡាបានលើកឡើងថានៅក្នុងឆ្នាំ២០២៣នេះផលិតកម្មបារមី និងក្រុមហ៊ុនភេសជ្ជៈកូកាកូឡាបានត្រៀមខ្លួនរួចជាស្រេចនឹងនាំយកអ្វីថ្មីៗមកកាន់អតិថិជនគ្រប់គ្នា។ គួរអោយចាប់អារម្មណ៍ផងដែរនៅក្នុងថ្ងៃតែមួយនឹងគ្នានេះ ក្រុមហ៊ុនភេសជ្ជៈ Sting ក៏បានធ្វើកម្មវីធីគំរប់ខួបបីឆ្នាំនៃការរួមសហការការងារជាមួយនឹងលោកជីដេវីតផងដែរក្រោមការចូលរួមពីអ្នកគាំទ្រជាច្រើននាក់ផងដែរ។ តើនេះអាចជាយុទ្ធសាស្រ្តសងសឹកMarketing មួយរវាងអ្នកទាំងពីរដែររឺទេ? ខណៈដែលសារមុនលោកវណ្ណដាបានទំលាក់ Disstrack នៅថ្ងៃប្រគំតន្រ្តីរបស់លោកជីដេវីត? យ៉ាងណាមិញផងដែររឿងរ៉ាវទាំងពីរកាន់តែសាងការចាប់អារម្មណ៍ឡើងព្រោះវាមិនត្រឹមជាសង្គ្រាមយុទ្ធសាស្រ្តទីផ្សារចម្រៀងរបស់អាយដលទាំងពីរទេ តែក៏ជាចំនុចចាប់ផ្តើមសង្គ្រាមយុទ្ធសាស្រ្តទីផ្សារនៃក្រុមហ៊ុនភេសជ្ជៈទាំងពីរផងដែរ។