កាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកាកន្លងទៅនេះ លោកវណ្ណដាបានបង្ហោះរូបភាពថ្មីៗមួយចំនួននៅលើទំព័រហ្វេសប៊ុករបស់លោក។ ដោយនៅក្នុងរូបភាពទាំងនោះបានរំលេចឡើងនូវទិដ្ឋភាពដ៏កក់ក្តៅមួយរវាងលោកវណ្ណដា និងលោកតាព្រឹទ្ធាចារ្យគង់ណៃ និងលោកយាយផងដែរ អមជាមួយនឹងរូបភាពជាច្រើនសន្លឹកដែលលោកវណ្ណដាបានថតឡើងរួមគ្នាជាមួយក្មេងៗ និងបណ្តាអ្នកគាំទ្រជាច្រើននាក់ដែលរស់នៅក្នុងតំបន់នោះ។
ខណៈលោកវណ្ណដាបានសរសេរឡើងនៅក្នុងការបង្ហោះរបស់លោកថា«ឆ្លៀតពេលចុះសួរសុខទុក្ខលោកគ្រូតាព្រឹទ្ធាចារ្យ គង់ណៃ ជូនពរលោកគ្រូឆាប់ជាសះស្បើយ សុខភាពល្អ មានទាំងកម្លាំង និងបញ្ញាជាម្លប់ដល់កូនចៅ ព្រមទាំងផ្ញើរក្តីស្រលាញ់ និងក្តីរលឹកដល់លោកយាយដូចគ្នា ពីចៅវណ្ណដា»។ នេះគឺជាការឆៀងចូលសួរសុខទុក្ខលោកគ្រូតាព្រឹទ្ធាចារ្យ គង់ណៃយ៉ាងកក់ក្តៅពីសំណាក់លោកវណ្ណដាដល់គេហដ្ឋានរបស់លោកតាផ្ទាល់តែម្តងនៅឯស្រុកឈូក ខេត្តកំពត ដែលធ្វើអោយមហាជនមានការរំភើបរំជួលចិត្តជាខ្លាំង ដែលមិនថាទោះជាពេលវេលាកន្លងហួសទៅយ៉ាងណាលោកវណ្ណដានៅតែនឹករលឹកឃើញ និងគោរពជានិច្ចដល់លោកគ្រូតាព្រឹទ្ធាចារ្យ និងលោកយាយ។
ចំណែកអមជាមួយនឹងការបង្ហោះឡើងនោះដែរ ក៏សង្កេតឃើញថាមានមតិសាធារណជនលាន់មាត់សរសើរឡើងជាហូរហែពីទឹកចិត្តដ៏ប្រពៃរបស់លោកវណ្ណដា និងអារម្មណ៍សប្បាយរីករាយរបស់លោកតាលោកយាយ។ ជាពិសេសខ្លះទៀតក៏នឹកឃើញចាប់រូបភាពត្រង់ប្លង់លោកវណ្ណដាពាក់ស្រោមជើងពណ៌សនៅក្នុងស្បែកជើងផ្ទាត់មកធ្វើប្រធានបទនិយាយឡើងថា ស្ទាវហ្មងអាយដល និងខ្លះទៀតថាសង្ស័យអាយដលខ្លាចមូសខាំហើយ។ មិនតែប៉ុណ្ណោះមនុស្សមួយចំនួនទៀតក៏លើកឡើង ចង់អោយអាយដលបង្កើតមូលនិធិសម្រាប់លោកតាគង់ណៃម្តងទៀត និងខ្លះទៀតកំពុងរង់ចាំអោយអាយដល និងលោកតាគង់ណៃមានស្នាដៃបទថ្មីជាមួយគ្នាមួយបទទៀត។ ចុះទស្សនិកជនយល់ឃើញយ៉ាងណា?