កាលពីថ្ងៃទី០៣ ខែតុលាកន្លងទៅនេះ ដែលត្រូវនឹងថ្ងៃបិណ្ឌ៤ នៃអំឡុងថ្ងៃកាន់បិណ្ឌដែលបងប្អូនប្រជាពលរដ្ឋខ្មែរសព្វសាធុជនទាំងឡាយតែងតែនាំគ្នាមកអញ្ជើញធ្វើទាននៅឯទីវត្តអារាម ក្នុងថ្ងៃនេះផងដែរ លោកវណ្ណដាដែលជាអាយដលមួយរូបរបស់បងប្អូនប្រជាពលរដ្ឋខ្មែរក៏បានធ្វើការចែករំលែកកំរងរូបភាពមួយចំនួនរបស់លោកអញ្ជើញមកវត្តជាមួយនឹងក្រុមគ្រួសាររបស់លោកដូចគ្នានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
នេះឆ្លុះបញ្ចាំងអោយឃើញពីគំរូល្អមួយក្នុងការធ្វើទានរបស់សិល្បករយើង និងបានជំរុញលើកទឹកចិត្ត រឺផ្សព្វផ្សាយសកម្មភាពវិជ្ជមានទាំងនេះដល់បងប្អូនប្រជាជនទូទៅ។ ខណៈមួយផ្នែកក៏បានបង្ហាញជំហគាំទ្រ គោរព និងការពាររបស់លោកវណ្ណដាផងដែរទៅលើព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងប្រជាពលរដ្ឋខ្មែរ។
ជាមួយនឹងគ្នានេះដែរ លោកវណ្ណដាក៏បានបង្ហាញចំណាប់អារម្មណ៍របស់លោកឡើងនៅលើខេបសិនថា«បិណ្ឌ៤ ជ្រះថ្លាណាស់ជាមួយព្រះរស់ និងបងប្អូន បានសរុបទាំងអស់ចំនួន៧វត្ត សូមជូនកុសល្យផលបុណ្យជូនពុកម៉ែយាយតាបងប្អូនទាំងអស់គ្នាផង សាធុ»។
ជាក់ស្តែងយោងទៅតាមបង្ហោះនោះផ្ទាល់ រួមទាំងការចែករំលែករបស់អ្នកដែលដឹងពីប្រភពនេះ បានបង្ហាញឡើងអោយដឹងថា លោកវណ្ណដាបានអញ្ជើញទៅទីវត្តអារាមមួយចំនួននៅក្នុងខេត្តកណ្តាល ដែលរួមមានដូចជាវត្តពិជ័យសាគរ វត្តចុងកោះទឹកវិល និងវត្តស្វាយបូទុមឌិនសុវណ្ណារាមជាដើម។
ខណៈជាមួយគ្នានេះដែរ លោកវណ្ណដាក៏បានទទួលការចោមរោមគាំទ្រ គោរពស្រលាញ់ពីមនុស្សជាច្រើន ទាំងឧបាសក ទាំងបព្វជិត និងជាពិសេសប្អូនៗកុមារដែលបង្ហាញការស្រលាញ់ដោយមកសុំហត្ថលេខាត្រឹមក្រដាសមួយចុងប៉ិត គួរអោយរំជួលចិត្តមែនទែន។ លោកវណ្ណដាបានអញ្ជើញទៅវត្តហើយ ចុះទស្សនិកបានអញ្ជើញទៅវត្តហើយរឺនៅ?