មានទស្សនិកជនជាច្រើនបានដឹងពីដំណើរបេសកកម្មការងាររបស់លោកវណ្ណដានៅឯក្លឹប Raise របស់ប្រទេសជប៉ុនកាលពីពេលថ្មីៗនេះ ក៏ប៉ុន្តែក៏មានទស្សនិកជនជាច្រើនប្រហែលជានឹងភ្ញាក់ផ្អើលប្រសិនបើដឹងថាក្នុងដំណើរបេសកម្មការងារនៅឯប្រទេសជប៉ុននេះរបស់លោកវណ្ណដា មិនមែនត្រឹមតែជាការអញ្ជើញចូលរួមសម្តែងនៅឯក្នុងក្លឹបនេះប៉ុណ្ណោះទេ។
ជាក់ស្តែងយោងតាមការបង្ហោះនៅលើ Story របស់ផលិតកម្មបារមីកាលពីថ្ងៃទី១៨ ខែកក្កដាកន្លងទៅនេះ រួមទាំងការបង្ហោះឡើងនូវរូបភាពតែមួយពីតារាចម្រៀងរ៉េបថៃលោក F.Hero នៅលើគណនី Instagram របស់លោក បន្ថែមជាមួយនឹងរូបភាពផ្សេងទៀតដែលបង្ហាញពីសកម្មភាពរបស់លោកនៅឯក្នុងប្រទេសជប៉ុនថ្មីៗនេះ សបញ្ជាក់អោយឃើញថាលោកវណ្ណដា និងលោក F.Hero បានមានវត្តមានរួមគ្នាហើយសហការផលិតតន្រ្តីនៅឯប្រទេសជប៉ុននេះផងដែរ។
កត់សម្គាល់មួយទៀតផងដែរថា លោក F.Hero ថែមទាំងបាន Mention បញ្ជាក់ពីទីតាំងដែលពួកគេបានធ្វើការសហការផលិតចំរៀងរួមគ្នាថែមទៀតផងដែរនៅលើគណនី Instagram របស់លោក។ ដោយទីតាំងនោះគឺមានឈ្មោះថា Red Bull Studio Tokyo។
ថ្វីបើលោកវណ្ណដាមិនបានបញ្ចេញនូវព័ត៌មានមួយនេះ ខាងផលិតកម្មបារមី ក៏ដូចជាលោក F.Hero ហាក់ដូចជាបានចោលតំរុយខ្លះៗរួចមកហើយទៅកាន់ទស្សនិកជន ជាក់ស្តែងតាមរយៈការបញ្ជាក់យ៉ាងច្បាស់នៅលើរូបភាព Story មួយនោះ ដោយមានបង្ហាញ Emoji ទង់ជាតិប្រទេសកម្ពុជា ជប៉ុន និងថៃរួមគ្នា។
ចំណែកលោក F.Hero ក៏បានសរសេរឡើងនៅលើការបង្ហោះរបស់លោកថា«Big Time In Tokyo» ជាមួយនឹង Emoji ទង់ជាតិទាំងបីដូចគ្នា។ សរុបមកនេះគឺជាការចោលតំរុញខ្លះៗដែលបង្ហាញថាលោកវណ្ណដានឹងមានគម្រោងសហការផលិតតន្រ្តីជាមួយលោក F.Hero និងសិល្បករមកពីក្រុម Red Bull Studio Tokyo។ ចុះទស្សនិកជនវិញយល់ឃើញយ៉ាងណាដែរ?