កាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅនេះ លោកវណ្ណដាបានធ្វើការទំលាក់បទចម្រៀងថ្មីមួយបទទៀតបន្ទាប់ពីដំណើរបេសកកម្មរបស់លោកនៅក្នុងកម្មវិធី Rolling Loud Thailand នៅក្នុងប្រទេសថៃកន្លងមកកាលពីយប់ថ្ងៃសុក្រទី១៣ ខែមេសានេះ។ នៅក្នុងថ្ងៃជាមួយគ្នានេះផងដែរ លោកវណ្ណដាក៏ត្រូវបានទទួលស្វាគមន៍ត្រលប់មកវិញពីកម្មវិធី Rolling Loud Thailand សំដៅមកកាន់កម្មវិធីប្រគំតន្រ្តី King’s Road Angkor ខេត្តសៀមរាបដោយ Private Jet របស់ក្រុមហ៊ុនស្រាបៀហនុមានផងដែរយ៉ាងទំនើបឡូយអស្ចារ្យតែម្តង។ នៅក្នុងថ្ងៃប្រគំតន្រ្តីរបស់ក្រុមហ៊ុនស្រាបៀហនុមាន លោកវណ្ណដាបានធ្វើការចេញផ្សាយបទចម្រៀងថ្មីរបស់លោកនៅលើបណ្តាកម្មវិធី Platforms នានា ដោយមានចំណងជើងថា«អីតែមិនអី» និងមានចំណងជើងជាភាសាអង់គ្លេសថា«Not Okay But Okay»។ គួរបញ្ជាក់ផងដែរ បទចម្រៀងមួយនេះត្រូវបាននិពន្ធបទភ្លេង និងទំនុកច្រៀង ព្រមជាមួយនឹងការ Mix និង Master ដោយលោកវណ្ណដាផ្ទាល់តែម្តងដោយមានការអមលេងឧបករណ៍តន្រ្តីខ្មែរបុរាណពីសំណាក់ដៃគូរបស់លោកគឺលោកវណ្ណថាន។ រំលឹកកាលពីថ្ងៃទី១១ ខែមេសាមុននៃការចេញផ្សាយបទចំរៀងនេះ លោកវណ្ណដាធ្លាប់បានបញ្ចេញនូវប៉ារ៉ូលចំរៀងមួយឃ្លាភ្ជាប់នឹងរូបភាពមួយសន្លឹករបស់លោកឡើងថា«អូនអោយបងឈឺចាប់ រៀបនឹងស្លៀកខោដូច Superman» ដែលនេះគឺជាចេតនាមួយធ្វើអោយទស្សនិកជនកាន់តែដក់ជាប់ជាមួយនឹងអត្ថន័យនៃបទចំរៀងរបស់លោក។ ម្យ៉ាងវិញទៀតផងដែរ កត់សម្គាល់ឃើញថាត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ បទចម្រៀងរបស់លោកកំពុងឈរលើលំដាប់ Trendingទី៣នៅលើតារាងយូធូបកម្ពុជាហើយជាមួយនឹងចំនួនទស្សនាប្រមាណមួយលាន៣សែននាក់។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះបទចម្រៀងមួយនេះរបស់លោក?