សិល្បករឯករាជ្យលោកវណ្ណចេស្តាទើបតែចោលដំណឹងបុកពោះលាយឡំរំភើបមកកាន់ទស្សនិកជនកាលពីពេលថ្មីៗនេះ ដោយលោកទើបតែបង្ហាញខ្លួនយ៉ាងគួរអោយភ្ញាក់ផ្អើលក្នុងនាមជាសមាជិកថ្មីរបស់ក្រុមគ្រួសារនៃក្រុមហ៊ុនតន្រ្តី RIEL STUDIO។
កត់សម្គាល់ឃើញថា កាលពីពេលមុននេះបន្តិច នៅពីថ្ងៃទី១ ខែសីហា លោកវណ្ណចេស្តាទើបតែបានបញ្ចេញបទចម្រៀងថ្មីរបស់លោកជាផ្លូវការដែលលោកធ្លាប់បាន Tease ហ្វេនជាច្រើនដងរួចមកហើយ និងទីបំផុតបានដឹងចំណងជើងពិតប្រាកដហើយគឺថា«ម៉ាយូរី»។
លោកវណ្ណចេស្តាក៏បានបញ្ជាក់អោយដឹងទៀតផងដែរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា មូលហេតុនៃការចេញផ្សាយបទចម្រៀងមួយនេះនៅក្នុងថ្ងៃនេះ គឺដោយសារតែវាស្ថិតនៅក្នុងថ្ងៃ National Girlfriend’s Day តែម្តង។ បន្ទាប់ពីបញ្ចប់ការងារអាល់ប៊ុមចាស់«Bad Boi» លោកវណ្ណចេស្តាហាក់ដូចជាមមាញឹកការងារច្រើនជាមួយនឹងការចេញផ្សាយបទចម្រៀងថ្មីរបស់លោក។
ខណៈពេលជាមួយគ្នានេះផងដែរ លោកវណ្ណចេស្តាក៏ទើបតែបង្ហាញខ្លួនផ្តល់បទសម្ភាសន៍អោយ Pleng របស់ Smart នោះទេ ដែលផ្តោតទៅ Personal life និងជីវិតការងាររបស់លោក។ បន្ទាប់មកកាលពីថ្ងៃទី៤ ខែសីហាកន្លងទៅនេះ លោកវណ្ណចេស្តាក៏បានបង្ហាញខ្លួននៅលើផេកក្រុមហ៊ុនតន្រ្តី RIEL STUDIO តែម្តង ដែលប្រកាសពីការចូលជាសមាជិករបស់លោក និងការចាប់ផ្តើមជាមួយបទចម្រៀងដំបូងរបស់លោក«ម៉ាយូរី» នេះនៅក្នុងផលិតកម្មផ្ទាល់។
គួរបញ្ចាក់ផងដែរថា សិល្បករឯទៀតនៅក្នុង RIEL STUDIO រួមមានដូចជា លោក LUCK និងលោក VDR ជាដើម។តើទស្សនិកជនយល់ឃើញយ៉ាងណាដែរសម្រាប់ជំហានការងារសិល្បៈរបស់លោកវណ្ណចេស្តាកាលពីពេលថ្មីៗនេះ?