អ្នកប្រឆាំងជនជាតិអង់គ្លេស-រុស្ស៊ីម្នាក់បានបាត់ខ្លួនពីពន្ធនាគារស៊ីបេរីដែលជាកន្លែងដែលលោកបានជាប់ឃុំខ្លួននៅតែម្នាក់ឯង។ ថ្មីៗនេះ ប្រទេសជប៉ុននិងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាដើម្បីចាប់ផ្តើមការស្រាវជ្រាវរួមគ្នាលើបញ្ញាសិប្បនិមិត្តរឺហៅថា AI ក្នុងក្តីសង្ឃឹមនៃការប្រើប្រាស់បច្ចេកវិទ្យានេះសម្រាប់ដ្រូនដែលនឹងធ្វើការរួមគ្នាជាមួយនឹងយន្តហោះចម្បាំងបន្ទាប់របស់ប្រទេសនេះ។ ប្រទេសកាតាកាលពីថ្ងៃចន្ទបានព្រមានទីក្រុងវ៉ាស៊ីនតោនថា ការវាយប្រហារសងសឹកណាមួយមកលើអ៊ីរ៉ង់អាចនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចចរចាដ៏សំខាន់ក្នុងការដោះលែងចំណាប់ខ្មាំងជាង 100 នាក់ដែលនៅតែបានជាប់ឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សា។
-
អ្នកប្រឆាំងជនជាតិអង់គ្លេស-រុស្ស៊ី "បាត់ខ្លួន" ពីពន្ធនាគារស៊ីបេរី
យោងតាមសារព័ត៌មាន Telegraph ចុះផ្សាយថ្ងៃទី៣០ ខែមករាបានអោយដឹងថា អ្នកប្រឆាំងជនជាតិអង់គ្លេស-រុស្ស៊ីម្នាក់បានបាត់ខ្លួនពីពន្ធនាគារស៊ីបេរី ដែលជាកន្លែងដែលលោកបានជាប់ឃុំខ្លួននៅតែម្នាក់ឯង។ ភរិយារបស់លោកបានលើកឡើងការជូនដំណឹងកាលពីថ្ងៃចន្ទនៅពេលដែលនាងបាននិយាយថា លោក Kara-Murza ដែលមានជំងឺសរសៃប្រសាទបន្ទាប់ពីបានរួចជីវិតពីការប៉ុនប៉ងបំពុលចំនួនពីរលើក បានបាត់ខ្លួន។
លោក Vladimir Kara-Murza ត្រូវបានកាត់ទោសឱ្យជាប់គុក 25 ឆ្នាំក្នុងខែមេសា ឆ្នាំ 2023 ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ និងផ្សព្វផ្សាយ "ព័ត៌មានមិនពិត" អំពីសង្គ្រាមនៅអ៊ុយក្រែន។ លោក Bill Browder ដែលជាមិត្តរបស់លោក Kara-Murza និងជាប្រធានយុទ្ធនាការយុត្តិធម៌ Global Magnitsky បាននិយាយថា "ក្នុងនាមលោកជាពលរដ្ឋចក្រភពអង់គ្លេសម្នាក់ រដ្ឋមន្ត្រីការបរទេសរបស់យើងលោក David Cameron គួរតែប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដើម្បីរំដោះលោក Vladimir"។
-
ជប៉ុន និងអាមេរិកយល់ព្រមលើការស្រាវជ្រាវ AI សម្រាប់ដ្រូន
យោងតាមសារព័ត៌មាន The Japan Times ចុះផ្សាយថ្ងៃទី២៨ ខែមករាបានអោយដឹងថា ថ្មីៗនេះ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាដើម្បីចាប់ផ្តើមការស្រាវជ្រាវរួមគ្នាលើបញ្ញាសិប្បនិមិត្តរឺហៅថា AI ក្នុងក្តីសង្ឃឹមនៃការប្រើប្រាស់បច្ចេកវិទ្យានេះសម្រាប់ដ្រូន ដែលនឹងធ្វើការរួមគ្នាជាមួយនឹងយន្តហោះចម្បាំងបន្ទាប់របស់ប្រទេសនេះ។
ប្រទេសជប៉ុនគ្រោងនឹងសហការបង្កើតយន្តហោះចម្បាំងជំនាន់ក្រោយជាមួយចក្រភពអង់គ្លេស និងអ៊ីតាលីនៅឆ្នាំ 2035។ ខណៈពេលដែលសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់របស់ប្រទេសជប៉ុនមិនមែនជាផ្នែកនៃគម្រោងយន្តហោះចម្បាំងនេះទេ ប៉ុន្តែ សហរដ្ឋអាមេរិកបានព្យាយាមពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិជាមួយទីក្រុងតូក្យូ ។
គោលបំណងនៃការសិក្សា AI រួមគ្នានេះគឺដើម្បី "ធ្វើបដិវត្តការប្រយុទ្ធតាមអាកាស ដោយរួមបញ្ចូលគ្នានូវបញ្ញាសិប្បនិមិត្តទំនើបៗ និងការរៀនម៉ាស៊ីនជាមួយនឹងដ្រូនកម្រិតខ្ពស់" នេះបើតាមកងទ័ពអាកាសសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ។
-
Qatar ព្រមានចំណាប់ខ្មាំងស្ថិតក្នុងគ្រោះថ្នាក់ប្រសិនអាមេរិកសងសឹក
យោងតាមសារព័ត៌មាន Semafor ចុះផ្សាយថ្ងៃទី៣០ ខែមករាបានអោយដឹងថា ប្រទេសកាតាកាលពីថ្ងៃចន្ទបានព្រមានទីក្រុងវ៉ាស៊ីនតោនថា ការវាយប្រហារសងសឹកណាមួយមកលើអ៊ីរ៉ង់អាចនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចចរចាដ៏សំខាន់ក្នុងការដោះលែងចំណាប់ខ្មាំងជាង 100 នាក់ដែលនៅតែបានជាប់ឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សា។
យ៉ាងណាមិញអ៊ីរ៉ង់បានបដិសេធក្នុងការជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងការវាយប្រហារដោយដ្រូនកាលពីថ្ងៃអាទិត្យដែលបានសម្លាប់ទាហានអាមេរិកបីនាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសនៅជិតព្រំដែនហ្ស៊កដានី-ស៊ីរី ប៉ុន្តែសហរដ្ឋអាមេរិក និងចារកម្មអន្តរជាតិបង្ហាញថា ក្រុមយោធាប្រូកស៊ីរបស់ទីក្រុងតេអេរ៉ង់នៅទូទាំងមជ្ឈិមបូព៌ាពិតជាកំពុងបានប្រយុទ្ធដើម្បីបញ្ចប់វត្តមានយោធាអាមេរិកនៅក្នុងតំបន់នេះពិតមែន។