អាមេរិក៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines បានប្រកាសពីគម្រោងបញ្ឈប់បុគ្គលិកជិត ៦០០នាក់ ពីការងាររបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិកបន្ទាប់ពីខកខានមិនបានអនុវត្តតាមគោលការណ៍ចាក់វ៉ាក់សាំងជាកំហិតរបស់ក្រុមហ៊ុននេះ។ នេះយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រុមហ៊ុន United Airlines បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍អាមេរិកដំបូងគេដែលតម្រូវឲ្យបុគ្គលិកក្នុងស្រុកទាំងអស់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កាលពីដើមខែសីហាកន្លងទៅនេះ។
ក្រុមហ៊ុននេះបានអះអាងថាគេនឹងចាប់ផ្តើមដំណើរការលើការបញ្ឈប់បុគ្គលិកចំនួន ៥៩៣នាក់ ដែលបានសម្រេចចិត្តមិនចាក់វ៉ាក់សាំងចាប់ពីថ្ងៃអង្គារសប្តាហ៍នេះ។
លោក Scott Kirby នាយកប្រតិបត្តិក្រុមហ៊ុន United Airlines បាននិយាយថា ការបញ្ឈប់បុគ្គលិកនេះគឺជាការសម្រេចដ៏លំបាកប៉ុន្តែការរក្សាសុវត្ថិភាពរបស់ក្រុមការងារគឺជាចំណុចអាទិភាពដំបូងបង្អស់របស់ក្រុមហ៊ុន។
ទោះជាយ៉ាងណាក្រុមហ៊ុនអាកាសចរណ៍ United Airlines បានអះអាងថាបុគ្គលិកអាចបន្តការងាររបស់ពួកគេបានប្រសិនបើពួកគេចាក់វ៉ាក់សាំងនៅមុនកិច្ចប្រជុំសម្រេចចុងក្រោយ។
ទោះជាយ៉ាងនេះក្តីក្រុមហ៊ុនក៏បានទទួលសំណើសុំលើកលែងការចាក់វ៉ាក់សាំងពីបុគ្គលិកប្រមាណជិត ៣% នៃបុគ្គលិកសរុបនៅក្នុងសហរដ្ឋអាមេរិកចំនួន ៦៧.០០០នាក់ផងដែរ ដោយពួកគេបានលើកឡើងពីហេតុផលសាសនានិងវេជ្ជសាស្ត្រ។
រហូតមដល់ពេលនេះបុគ្គលិករបស់ក្រុមហ៊ុន United Airlines ប្រមាណជាង ៩៩% នៅក្នុងសហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងរួចរាល់ ដោយមិនរាប់បញ្ចូលអ្នកដែលបានស្នើសុំការលើកលែងឡើយ។
ចាប់តាំងពីពេលលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ជាឱ្យក្រុមហ៊ុនអាមេរិកទាំងអស់ដែលមានកម្មករជាង ១០០នាក់ឡើងទៅតម្រូវឱ្យនិយោជិតធ្វើការចាក់វ៉ាក់សាំងឬធ្វើតេស្តរកមេរោគកូវីដ១៩ឲ្យបានញឹកញាប់។ ប៉ុន្តែសហជីពសម្រាប់អាកាសយានិកក្រុមហ៊ុនអាកាសចរណ៍អាមេរិកជាច្រើនកំពុងស្នើសុំសេតវិមានលើកលែងអ្នកបើកយន្តហោះពីការចាក់វ៉ាក់សាំងនេះ។
សមាគមសម្ព័ន្ធអាកាសយានិកបាននិយាយថា ប្រហែល ៣០% នៃអាកាសយានិក ១៤.០០០ នាក់របស់អាមេរិកមិនបានទទួលការចាក់វ៉ាក់សាំងនិងព្រមានថាការបញ្ឈប់អ្នកបើកយន្តហោះដែលមិនបានចាក់វ៉ាក់សាំងអាចនាំឱ្យមានការខ្វះខាតអ្នកបើកយន្តហោះយ៉ាងធ្ងន់ធ្ងរនៅក្នុងរដូវវិស្សមកាលខែវិច្ឆិកានិងធ្នូខាងមុខនេះ៕