លោក Sardar Umar Alam អ្នកតំណាងយូណេស្កូប្រចាំកម្ពុជាបានលើកឡើងថា សម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជាត្រូវបានទទួលរងនូវការជួញដូរដោយខុសច្បាប់តាំងពីរាប់រយឆ្នាំមកហើយ។ លោកថា សិល្បៈខ្មែរត្រូវបានកោតសរសើរយ៉ាងខ្លាំងនៅទូទាំងពិភពលោកហើយវត្ថុវប្បធម៌រាប់មិនអស់ត្រូវបានលួច និងលក់ដោយខុសច្បាប់នៅលើទីផ្សារសិល្បៈអន្តរជាតិ។
បើតាមលោក Sardar Umar Alam កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ និងក្នុងការចរចាដើម្បីប្រគល់ស្នាដៃល្អឯកដែលបានលួចនោះមកវិញដែលប្រជាជនកម្ពុជាចាត់ទុកថា សម្បត្តិវប្បធម៌ទាំងនោះជាសម្បត្តិដែលមានតម្លៃសិល្បៈ វិទ្យាសាស្ត្រ និងស្មារតីដ៏អស្ចារ្យសម្រាប់ប្រជាជាតិ។ អង្គការយូណេស្កូជឿជាក់ថា ការការពារនិងឆ្មាំមើលបេតិកភណ្ឌវប្បធម៌ពិភពលោកគឺជាមូលដ្ឋានគ្រឹះក្នុងការសម្រេចបាននូវរបៀបវារៈឆ្នាំ ២០៣០។
ការលើកឡើងរបស់លោក Sardar Umar Alam នៅក្នុងសន្និសីទអន្តរជាតិ ស្តីពីការការពារនិងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ។ ចំណែកលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់ថា សម្បត្តិវប្បធម៌គឺជាមូលដ្ឋានគ្រឹះ នៃអតីតកាលបច្ចុប្បន្នកាល និងអនាគតរបស់ជាតិសាសន៍នីមួយៗដែលតម្រូវឱ្យបណ្តាប្រទេសអ្នកពាក់ព័ន្ធទាំងអស់រួមគ្នាការពារនិងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ឱ្យមានប្រសិទ្ធភាព ។
បើតាមលោកស្រីរដ្ឋមន្ត្រី សម្បត្តិវប្បធម៌ឆ្លុះបញ្ចាំងពីអត្តសញ្ញាណវប្បធម៌ ប្រាជ្ញា ចំណេះដឹង និងមោទនភាពជាតិសាសន៍មួយ។ សម្បត្តិវប្បធម៌រួមចំណែកដល់ពិភពលោក និងធ្វើឱ្យជីវិតរបស់យើងកាន់តែសម្បូរបែបតាមរយៈចំណេះដឹងវិទ្យាសាស្ត្រដែលបញ្ជ្រាបចូលហើយដោយសារតម្លៃជាប្រវត្តិសាស្ត្រនិងភាពងាយខូចខាតរបស់សម្បត្តិវប្បធម៌ វាអាចជាកម្លាំងបង្រួបបង្រួមសម្រាប់ប្រជាជាតិ។
សូមបញ្ជាក់ថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានសហការរៀបចំសន្និសីទអន្តរជាតិស្ដីពី "ការការពារនិងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ ៖ ទស្សនៈពីអាស៊ាន" រយៈពេល៤ថ្ងៃ ដោយចាប់ពីថ្ងៃទី៥-៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប៕