នៅព្រឹកថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីអបអរសាទរខួបលើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួម នៃជម្លោះកម្ពុជាហៅកាត់ថា «កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស» នៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្តិភាព។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា តាងនាមឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញថ្លែងសុន្ទរកថាមួយប្រកបដោយអត្ថន័យខ្លឹមសារ។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមានតំណាងមកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និងការិយាល័យអង្គការសហប្រជាជាតិ នៅរាជធានីភ្នំពេញ។
«នៅក្នុងពិធី ឯកឧត្តម Jean-Yves Le Drian រដ្ឋមន្រ្តីកិច្ចការអឺរ៉ុប និងការបរទេសបារាំង និងលោកជំទាវ Retno L.P. Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី នឹងផ្ញើសារអបអរសាទរមកចូលរួម ខណៈ ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាតំណាងឱ្យអង្គទូតទាំងអស់»។
កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ដែលគេស្គាល់ជាទូទៅថា «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» គិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ គឺមានអាយុឆ្នាំ៣០ហើយ។ រយៈពេល៣០ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់គ្រប់វិញ្ញាសារនិងការលំបាកតូចធំរាប់មិនអស់ ទម្រាំទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍដូចសព្វថ្ងៃ។
ផ្តើមចេញពីជំនួបលើកទី១ជំនួបរវាងសម្តេច នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅវេអង់តែដឺនរ័ប្រទេសបារាំងនិងជំនួបជាច្រើនបន្តបន្ទាប់ដោយមានការសម្របសម្រួលពីប្រទេសជាមិត្តផងនោះ ក៏ឈានដល់ជំនួបចុងក្រោយ និងឈានទៅការចុះកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមរបស់កម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅប្រទេសបារាំង។កិច្ចព្រមព្រៀងនេះ ក្រៅតែពីចុះហត្ថលេខាដោយភាគីជម្លោះរបស់ខ្មែរទាំង៤ភាគីហើយនោះ ក៏មានការចូលរួមចុះហត្ថលេខាដឹងឮពីបណ្តាប្រទេសចំនួន១៧ផ្សេងទៀតរួមមាន៖ អាមេរិក, អង់គ្លេស, បារាំង, សូវៀត និងចិន, ឥណ្ឌូនេស៊ី, វៀតណាម,ឡាវ,ថៃ សិង្ហបុរី, ម៉ាឡេស៊ី, ហ្វីលីពីន, ប្រ៊ុយណេ, យូហ្គោស្លាវី, ឥណ្ឌា, ជប៉ុន, កាណាដា និងអូស្រ្តាលីផងដែរ៕