អង្គការសហប្រជាជាតិបានព្រមានថា អាហ្វហ្គានីស្ថាននឹងប្រឈមនឹងគ្រោះអត់ឃ្លាន ប្រសិនបើសហគមន៍អន្តរជាតិមិនស្វែងរកមធ្យោបាយ ដើម្បីរក្សារនូវលំហូរសាច់ប្រាក់ចូលទៅក្នុងប្រទេសនេះ ទោះបីជាមានការខ្វាយខ្វល់ពីរដ្ឋតាលីបង់ក៏ដោយ។ ទឹកប្រាក់ចំនួនជិត១០ពាន់លានដុល្លាររបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថាន ត្រូវបានបង្គរនៅឯធនាគារបរទេស ដែលត្រូវបានគេយល់ថា វានឹងជះឥទ្ធិពលមកលើរដ្ឋបាលនៃប្រទេសនេះ ប៉ុន្តែបេសកជនពិសេសរបស់ អ.ស.ប ប្រចាំអាហ្វហ្គានីស្ថាន លោក Deborah Lyons បានប្រាប់ក្រុមប្រឹក្សារសន្តិសុខ កាលពីថ្ងៃព្រហស្បតិ៍ថា មធ្យោបាយមួយដែលគេបានរកឃើញគឺ ធ្វើយ៉ាងដូចម្តេចឲ្យសាច់ប្រាក់ហូរចូលមកក្នុងប្រទេស ដើម្បីកុំឲ្យមានការដួលរលំនៃសេដ្ឋកិច្ច និងសន្តិសុខរបៀបរៀបរយសង្គម។
លោកបានបន្ថែមទៀតថា ការធ្លាក់ចុះនៃតម្លៃទឹកប្រាក់ទំនិញ និងប្រេងឥន្ធនៈឡើងថ្លៃ ព្រមទាំងការដែលគ្មានសាច់ប្រាក់នៅក្នុងធនាគាររដ្ឋ គ្មានប្រាក់ខែបើកឲ្យបុគ្គលិក សុទ្ធតែជាបញ្ហា។ យើងត្រូវតែធ្វើឲ្យសេដ្ឋកិច្ចដំណើរការទៅមុខឲ្យបាន ២ទៅ៣ខែសិន ដើម្បីផ្តល់ឱកាសឲ្យពួកតាលីបង់ ចេះបត់បែនគោរពសិទ្ធមនុស្ស រៀបចំសណ្តាប់ធ្នាប់សង្គម និងសម្របខ្លួនទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិ។
គួររំលឹកដែរថា ប្រទេសដែលផ្តល់ជំនួយដែលដឹកនាំដោយសហរដ្ឋអាមេរិកបានចំណាយ៧០ភាគរយ ក្នុងការទ្រទ្រង់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន អស់រយៈពេល២០ឆ្នាំនេះ៕