ចាប់ផ្តើមជាមួយនឹងកងទ័ពអ៊ីស្រាអែល ដែលបានប្រកាសពីការស្លាប់របស់លោក Salman Habka ដែលជាមេបញ្ជាការកងវរសេនាតូចទី 53 នៃកងពលតូច Barak ទី 188 របស់អ៊ីស្រាអែលនៅក្នុងអំឡុងពេលសមរភូមិនៅភាគខាងជើងតំបន់ហ្គាហ្សាស្រ្ទីប Gaza Strip។ នេះគឺជាមុខតំណែងខ្ពស់មួយនៅក្នុងជួរកងទ័ពដែលការស្លាប់ត្រូវបានទទួលស្គាល់ដោយអ៊ីស្រាអែល។ តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក Vasily Nebenzya បាននិយាយថា"អ៊ីស្រាអែលគ្មានសិទ្ធិការពារខ្លួនក្នុងជម្លោះបច្ចុប្បន្នទេ ព្រោះពួកគេជារដ្ឋដែលទន្ទ្រានទឹកដី"។ តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិបាននិយាយថាអង្គការសហប្រជាជាតិមិនមានសិទ្ធិផ្តល់ឱ្យអ៊ីស្រាអែលនូវការអនុវត្តប្រតិបត្តិឈ្លានពាននៅទឹកដីហ្គាហ្សានោះទេ។
-
មន្រ្តីកងកម្លាំងអ៊ីស្រាអែលជាន់ខ្ពស់បានស្លាប់នៅក្នុងការប្រយុទ្ធនៅតំបន់ហ្គាហ្សា
យោងតាមសារព័ត៌មាន The Times Of Israel ចុះផ្សាយថ្ងៃទី០២ ខែវិច្ឆិកាបានអោយដឹងថា លោកវរសេនីយ៍ទោ Salman Habaka វ័យ33ឆ្នាំ ដែលជាមេបញ្ជាការកងវរសេនាតូចទី 53 នៃកងពលតូចទី 188 មកពីភូមិ Yanuh-Jat នៃជនជាតិ Druze នៅភាគខាងលិចតំបន់ Galilee របស់អ៊ីស្រាអែលត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ដោយការប្រយុទ្ធជាមួយក្រុមហាម៉ាសនៅភាគខាងជើងនៃតំបន់ហ្គាហ្សា។
លោក Habaka គឺជាមន្ត្រីជាន់ខ្ពស់បំផុតដែលត្រូវបានសម្លាប់បើគិតមកទល់ពេលនេះនៅក្នុងអំឡុងប្រតិបត្តិការឈ្លានពានរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
នៅថ្ងៃទី7 ខែតុលា នៅពេលដែលភេរវករហាម៉ាសចំនួន 2,500 នាក់បានបើកការវាយប្រហារនៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល លោក Habaka គឺជាទាហានម្នាក់ក្នុងចំណោមទាហានកងកម្លាំងអ៊ីស្រាអែលដំបូងបំផុតដែលបានចូលទៅក្នុង Kibbutz Be'eri ហើយបានបង្រ្កាបភេរវករ និងសង្គ្រោះអ្នកស្រុកជាច្រើននាក់។
មុននេះកងទ័ពអ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួនបានសម្លាប់សកម្មជនហាម៉ាសលេចធ្លោចំនួនបួននាក់ដែលជាផ្នែកមួយនៅក្នុងប្រតិបត្តិការជើងគោករបស់ខ្លួននៅតំបន់ហ្គាហ្សានេះ ហើយពួកគេរួមមាន លោក Jamil Baba មេបញ្ជាការកងកំលាំងជើងទឹកនៅកងពលតូចកណ្តាលនៃចលនាហាម៉ាស លោក Muhammad Al-Safadi មេបញ្ជាការនៃអង្គភាពមីស៊ីលប្រឆាំងរថក្រោះ លោក Momen Hegazy សកម្មជនជាន់ខ្ពស់នៅក្នុងអង្គភាពមីស៊ីលប្រឆាំងរថក្រោះរបស់ក្រុមហាម៉ាស និងលោក Muhammad Awadallah មន្ត្រីជាន់ខ្ពស់នៅក្នុងនាយកដ្ឋានផលិតរបស់ហាម៉ាស។
-
កងកម្លាំងអ៊ីស្រាអែលកាត់ផ្តាច់តំបន់ហ្គាហ្សាជាពីរ
យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី០២ ខែវិច្ឆិកាបានអោយដឹងថា យោធាអ៊ីស្រាអែល និងអង្គការសហប្រជាជាតិ បាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានធ្វើដំណើររុញច្រានតំបន់ហ្គាហ្សាពីឆ្នេរសមុទ្រមេឌីទែរ៉ាណេមកហើយកាលពីថ្ងៃព្រហស្បតិ៍ ដែលបានកាត់ផ្តាច់តំបន់នេះជាពីរ បន្សល់ទុកតំបន់ដែលមានប្រជាជនច្រើននៅភាគខាងជើងអោយនៅដាច់ដោយឡែក ហើយនោះគឺជាទីកន្លែងដែលកងទ័ពកំពុងប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស។
លោកឧត្តមនាវីទោ Rear Admiral Daniel Hagari អ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍ថា"កងកម្លាំង IDF បានឡោមព័ទ្ធទីក្រុង Gaza រួចរាល់ ដែលវាជាបន្ទាយដ៏រឹងមាំរបស់ក្រុមភេរវករ Hamas" ។
យោធាអ៊ីស្រាអែលបាននិយាយថា ពួកគេបានសម្លាប់ក្រុមសកម្មប្រយុទ្ធទាំងនេះប្រហែល ១៣០ នាក់នៅក្នុងការប្រយុទ្ធជុំវិញតំបន់ហ្កាហ្សានេះកាលពីរសៀលថ្ងៃព្រហស្បតិ៍។
អង្គការសហប្រជាជាតិបាននិយាយថា ពួកគេបានបញ្ឈប់ការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ភាគខាងជើងហើយ ដែលជាកន្លែងដែលអ្នកស្រុក 300,000 នាក់ត្រូវបានរំពឹងថានៅតែបន្តស្នាក់នៅថ្វីបើមានការបញ្ជូនដំណឹងអោយជម្លៀសចេញពីយោធាអ៊ីស្រាអែលក៏ដោយ។ អង្គការសហប្រជាជាតិបាននិយាយថា "ទីក្រុង Gaza និងភាគខាងជើងនៃ Gaza គឺសឹងតែត្រូវបានកាត់ផ្តាច់ទៅហើយ" ដោយសារតែការប្រយុទ្ធគ្នានេះ។
-
រុស្ស៊ីថាអ៊ីស្រាអែលគ្មានសិទ្ធិការពារខ្លួនក្នុងនាមជារដ្ឋទន្ទ្រាននោះទេ
យោងតាមសារព័ត៌មាន Middle East Monitor ចុះផ្សាយថ្ងៃទី០២ ខែវិច្ឆិកាបានអោយដឹងថា លោក Vasily Nebenzya តំណាងរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិបាននិយាយកាលពីម្សិលមិញថា អ៊ីស្រាអែលគ្មានសិទ្ធិការពារខ្លួនទេ ព្រោះពួកគេជារដ្ឋគ្រប់គ្រងអំណាចដោយការទន្រ្ទាន។
លោក Nebenzya បានចង្អុលបង្ហាញនៅក្នុងអំឡុងពេលសុន្ទរកថារបស់លោកនៅមុនពេលសម័យប្រជុំពិសេសបន្ទាន់នៃមហាសន្និបាតអង្គការសហប្រជាជាតិថា អង្គការសហប្រជាជាតិមិនមានសិទ្ធិផ្តល់ឱ្យអ៊ីស្រាអែលនូវអំណាចដើម្បីអនុវត្តប្រតិបត្តិការជើងគោករបស់ខ្លួននៅតំបន់ហ្គាហ្សានោះទេ។
លោកបានសង្កត់ធ្ងន់លើការអំពាវនាវរបស់ប្រទេសរបស់លោកថាឱ្យបញ្ឈប់ការបង្ហូរឈាមនៅក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីចៀសវាងការរីករាលដាលនៃវិបត្តិនៅក្នុងតំបន់ទាំងមូល និងគួរតែត្រូវធ្វើការដោះស្រាយការទូតចំពោះបញ្ហានេះ។