ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានអនុម័តសេចក្តីសម្រេចមួយស្តីពីអាហ្វហ្កានីស្ថាន បន្ទាប់ពីការវិលត្រឡប់មកកាន់អំណាចរបស់តាលីបង់ ដោយផ្តោតលើការប្រឆាំងភេរវកម្មនិងជំនួយមនុស្សធម៌។
សេចក្តីសម្រេចត្រូវបានអនុម័តដោយមានសំលេងគាំទ្រចំនួន ១៣ និងសំលេងអនុប្បវាទពីរពីប្រទេសរុស្ស៊ីនិងចិនហើយគ្មានអ្នកណាបោះឆ្នោតប្រឆាំងទេ។
សេចក្តីសម្រេចនេះ បានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការប្រយុទ្ធប្រឆាំងអំពើភេរវកម្មនៅអាហ្វហ្គានីស្ថាន និងអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងពង្រឹង ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់អាហ្វហ្គានីស្ថាន។
UNបានអំពាវនាវឱ្យគ្រប់ភាគីអនុញ្ញាត ឱ្យមានការចូលដំណើរការពេញលេញប្រកបដោយសុវត្ថិភាពនិងគ្មានការរារាំងសម្រាប់អង្គការសហប្រជាជាតិ ទីភ្នាក់ងារឯកទេសរបស់ខ្លួន ដៃគូអនុវត្ត និងដៃគូមនុស្សធម៌ទាំងអស់ ដែលចូលរួមក្នុងសកម្មភាពជួយសង្គ្រោះមនុស្សធម៌ ដើម្បីធានាថាជំនួយមនុស្សធម៌ទៅដល់អ្នកដែលត្រូវការ។
សេចក្តីសម្រេចនេះ ក៍បានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការគោរពសិទ្ធិមនុស្សរួមទាំង ស្ត្រី កុមារ និងជនជាតិភាគតិច និងលើកទឹកចិត្តឱ្យគ្រប់ភាគីស្វែងរកដំណោះស្រាយនយោបាយរួមបញ្ចូលគ្នា។
គួរបញ្ចាក់ថាក្រុមតាលីបង់កាលពីថ្ងៃសុក្រនេះបានប្តេជ្ញាថា ជនជាតិអាហ្វហ្កានីស្ថាននឹងអាចធ្វើដំណើរទៅក្រៅប្រទេសគ្រប់ពេល តាមរយៈការឆ្លងកាត់ព្រំដែនណាមួយទាំងផ្លូវអាកាសនិងផ្លូវគោក ដោយគ្មាននរណារារាំងពួកគេមិនឱ្យធ្វើដំណើរឡើយ។