ចក្រភពអង់គ្លេសបានជំរុញទីក្រុងប៊ែកឡាំងដែលស្ទាក់ស្ទើរអោយផ្គត់ផ្គង់អាវុធមីស៊ីលរយៈចម្ងាយឆ្ងាយ Taurus ដល់ទីក្រុង Kyiv បើទោះបីជាមានការបែកធ្លាយរឿងរ៉ាវដ៏អាម៉ាស់មួយទៅកាន់ទូរទស្សន៍រុស្ស៊ី។ ប្រទេសចិនកាលពីថ្ងៃពុធបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានប្រើប្រាស់ហ្វីលីពីនជា "កូនអុក" នៅសមុទ្រចិនខាងត្បូង ខណៈដែលវិវាទរវាងប្រជាជាតិអាស៊ីទាំងពីរនេះកាន់តែកើនឡើងជុំវិញជម្លោះទឹកដីរបស់ពួកគេនៅក្នុងតំបន់។ មន្ត្រីម៉ាល់ឌីវបាននិយាយកាលពីថ្ងៃអង្គារថាពួកគេបានបញ្ជាឱ្យទាហានឥណ្ឌាចាកចេញពីប្រជុំកោះ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង "ជំនួយយោធា" ជាមួយប្រទេសចិន។
-
UK ជំុរញអាល្លឺម៉ង់បញ្ចូនមីស៊ីល Taurus ទៅកាន់អ៊ុយក្រែន
យោងតាមសារព័ត៌មាន Guardian ចុះផ្សាយថ្ងៃទី០៤ ខែមីនាបានអោយដឹងថា ចក្រភពអង់គ្លេសបានជំរុញទីក្រុងប៊ែកឡាំងដែលស្ទាក់ស្ទើរអោយផ្គត់ផ្គង់អាវុធមីស៊ីលរយៈចម្ងាយឆ្ងាយ Taurus ដល់ទីក្រុង Kyiv បើទោះបីជាមានការបែកធ្លាយរឿងរ៉ាវដ៏អាម៉ាស់មួយទៅកាន់ទូរទស្សន៍រុស្ស៊ីអំពីការហៅទូរស័ព្ទសម្ងាត់មួយដែលពាក់ព័ន្ធនឹងមន្ត្រីកងទ័ពអាកាសអាល្លឺម៉ង់បានបញ្ចេញឡើងថាកងទ័ពចក្រភពអង់គ្លេសបានកំពុងស្ថិតនៅទឹកដីនៃប្រទេសអ៊ុយក្រែនក៏ដោយ។
យោធា Luftwaffe របស់អាល្លឺម៉ង់បាននិយាយឡើងថា វត្តមានយោធារបស់ចក្រភពអង់គ្លេសនៅក្នុងប្រទេសអ៊ុយក្រែននឹងជួយប្រទេសនេះក្នុងការកំណត់ជ្រើសរើសគោលដៅនៅក្នុងប្រទេសរុស្ស៊ី។ ជាជាងរិះគន់អាល្លឺម៉ង់ជាសាធារណៈជុំវិញការបែកធ្លាយនេះ អង់គ្លេសបានលើកទឹកចិត្តសម្ព័ន្ធមិត្តឱ្យផ្តល់អាវុធមីស៊ីលរយៈចម្ងាយឆ្ងាយដូចពួកគេដែរ។
-
ចិនចោទប្រកាន់អាមេរិកប្រើប្រាស់ហ្វីលីពីនជាកូនអុកនៅសមុទ្រចិនខាងត្បូង
យោងតាមសារព័ត៌មាន Barron’s ចុះផ្សាយថ្ងៃទី០៦ ខែមីនាបានអោយដឹងថា ប្រទេសចិនកាលពីថ្ងៃពុធបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានប្រើប្រាស់ហ្វីលីពីនជា "កូនអុក" នៅសមុទ្រចិនខាងត្បូង ខណៈដែលវិវាទរវាងប្រជាជាតិអាស៊ីទាំងពីរនេះកាន់តែកើនឡើងជុំវិញជម្លោះទឹកដីរបស់ពួកគេនៅក្នុងតំបន់។
ទីក្រុងម៉ានីលបានកោះហៅតំណាងចិនម្នាក់កាលពីថ្ងៃអង្គារ បន្ទាប់ពីពួកគេបាននិយាយថា នាវាឆ្មាំឆ្នេរសមុទ្រចិនបានបណ្តាលឱ្យមានការប៉ះទង្គិចគ្នាជាមួយទូកហ្វីលីពីន។ ប្រទេសចិនបាននិយាយថាខ្លួនបានចាត់វិធានការគ្រប់គ្រងលើនាវាហ្វីលីពីន ដែល“បំពានខុសច្បាប់” ទៅក្នុងដែនទឹក និងក៏ដូចជាការចោទប្រកាន់កប៉ាល់ហ្វីលីពីនថា “មានចេតនា” វាយប្រហារមកលើខាងភាគីចិនវិញ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ម៉ៅ នីង បានប្រាប់អ្នកយកព័ត៌មានថា "ប្រទេសចិនកំពុងជំរុញសហរដ្ឋអាមេរិកមិនអោយប្រើប្រាស់ហ្វីលីពីនធ្វើជាកូនអុក ដើម្បីបង្កបញ្ហានៅក្នុងសមុទ្រចិនខាងត្បូង" ។
-
ចិន-ម៉ាល់ឌីវចុះកិច្ចព្រមព្រៀងការពារជាតិខណៈមានចម្រូងចម្រាស់នឹងឥណ្ឌា
យោងតាមសារព័ត៌មាន DW ចុះផ្សាយថ្ងៃទី០៥ ខែមីនាបានអោយដឹងថា មន្ត្រីម៉ាល់ឌីវបាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានបញ្ជាឱ្យទាហានឥណ្ឌាចាកចេញពីប្រជុំកោះ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង "ជំនួយយោធា" ជាមួយប្រទេសចិន។
រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាល់ឌីវ និងមន្ត្រីយោធាជាន់ខ្ពស់ចិន "បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីការផ្តល់ជំនួយយោធាដោយឥតគិតថ្លៃរបស់ប្រទេសចិនដល់សាធារណរដ្ឋម៉ាល់ឌីវ ជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ" នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិនៅលើបណ្តាញសង្គម X។
ឥណ្ឌា និងម៉ាល់ឌីវមានទំនាក់ទំនងល្អជាមួយគ្នានៅក្នុងប្រវត្តិសាស្ត្រ តែបែរជាប្រែជូរចត់ បន្ទាប់ពីប្រធានាធិបតីគាំទ្រចិន លោក Mohamed Muizzu បានឡើងកាន់អំណាច និងបង្កើតPlatform "India Out" នៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន។