BBC-
រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស Ben Wallace បាននិយាយថាប្រព័ន្ធរ៉ុក្កែតដែលបាញ់បានរយៈចម្ងាយឆ្ងាយ M270 វានឹងជួយអ៊ុយក្រែនការពារខ្លួនឯងប្រឆាំងទៅនឹងរុស្សី។ រដ្ឋាភិបាលអង់គ្លេសមិនបានបញ្ជាក់ថា តើអាវុធនេះមានចំនួនប៉ុន្មាននឹងត្រូវបញ្ជូនទៅ ប៉ុន្តែ BBC យល់ថាវាប្រហែលជា៣គ្រឿងក្នុងលើកទី១។ សេចក្តីសម្រេចនេះជាកិច្ចសហការណ៍រួមជាមួយនឹងសហរដ្ឋអាមេរិក ដែលបានប្រកាសកាលពីសប្តាហ៍មុនដែលបាននិយាយថានឹងផ្តល់នូវប្រព័ន្ធរ៉ុក្កែតនេះផងដែរ។
ទង្វើរដែលធ្វើឡើងដោយសហរដ្ឋអាមេរិកបានធ្វើឲ្យទីក្រុងមូស្គូមានការខឹងសម្បារនិងកាលពីថ្ងៃសៅរ៍ លោកប្រធានាធិបតីរុស្សី Vladimir Putin បានគំរាមថានឹងពង្រីកបញ្ជីរមុខព្រួញដែលរុស្សីនឹងវាយប្រហារនៅក្នុងអ៊ុយក្រែន បើសិនជាលោកខាងលិចបញ្ជូនអាវុធដែលមានរយៈចម្ងាយឆ្ងាយឲ្យទៅអ៊ុយក្រែន។ រដ្ឋាភិបាលអង់គ្លេសបាននិយាយថា យោធាអ៊ុយក្រែននឹងត្រូវបានបង្វឹកពីរបៀបប្រើប្រាស់វានៅក្នុងអង់គ្លេសក្នុងសប្តាហ៍ខាងមុខ។ ក្នុងការប្រកាសនៃទង្វើរនេះ លោក Wallace បាននិយាយថា អង់គ្លេសនឹងដើរតួនាទីក្នុងការផ្គត់ផ្គង់កងកម្លាំងអ៊ុយក្រែន ជាមួយនឹងអាវុធសំខាន់ៗដែលពួកគេត្រូវការ ដើម្បីការពារប្រទេសរបស់គេ។
លោកនិយាយទៀតថា “ក្នុងការដែលរុស្សីផ្លាស់ប្តូរតាក់ទិក ដូច្នេះយើងត្រូវមានកាតព្វកិច្ចដើម្បីគាំទ្រអ៊ុយក្រែន”។ “ប្រព័ន្ធរ៉ុក្កែតដ៏មានប្រសិទ្ធភាពនិងសមត្ថភាពនេះ វានឹងអាចធ្វើឲ្យមិត្តអ៊ុយក្រែនរបស់យើងការពារខ្លួនគេដោយល្អប្រសើរប្រឆាំងទៅនឹងការប្រើប្រាស់នូវកាំភ្លើងផ្លោងរបស់រុស្សីដោយច្រងេងច្រងាង ដែលកងកម្លាំងរបស់ Putin បានប្រើដោយគ្មានការបែងចែកក្នុងការកំទេចទីក្រុងទាំងឡាយឲ្យរាបដល់ដី។ អង់គ្លេសនិងសហរដ្ឋអាមេរិកបានដឹកនាំក្នុងការផ្គត់ផ្គង់អាវុធទៅកាន់អ៊ុយក្រែន ប៉ុន្តែបានផ្តល់ប្រព័ន្ធរ៉ុក្កែតដ៏ទំនើប ដែលជាការផ្លាស់ប្តូរដ៏សំខាន់មួយ BBC បាននិយាយ។
ប្រព័ន្ធកាំជ្រួចហ្វូងរបស់អង់គ្លេសនេះ អាចបាញ់បាន១២គ្រាប់ពីលើដីទៅលើដីក្នុងរយៈពេល១នាទី និងអាចបាញ់បានចម្ងាយ៨០គ.ម.ដោយត្រង់ជាទីបំផុតដែលអាចបាញ់បានឆ្ងាយជាងរ៉ុក្កែតដែលអ៊ុយក្រែនកំពុងតែប្រើប្រាស់សព្វថ្ងៃ វាមានលក្ខណៈស្រដៀងគ្នាទៅនឹងប្រព័ន្ធដែលអាមេរិកបានបញ្ជូនទៅឲ្យអ៊ុយក្រែន M142 (HIMARS)។ កាលពីសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោន បាននិយាយថាគេនឹងបញ្ជូន HIMARS ៤គ្រឿងទៅឲ្យអ៊ុយក្រែន បន្ទាប់ពីបានទទួលនូវការធានាថា អ៊ុយក្រែននឹងប្រើប្រាស់វាសំរាប់ការពារខ្លួន និងមិនបាញ់ចូលទៅក្នុងទឹកដីរុស្សីនោះទេ៕