ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានលាតត្រដាងឡើងថា កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខាឡើងនៅក្នុងការបង្កើតស្ពានដីមួយដែលតភ្ជាប់រវាងកំពង់ផែទីក្រុងឌូបៃ និងកំពង់ផែនៃទីក្រុង Haifa របស់អ៊ីស្រាអែលដែលកាន់កាប់។ គោលបំណងនៃកិច្ចព្រមព្រៀងនេះត្រូវបានអះអាងឡើងថាគឺដើម្បី"ចៀសអោយផុតពីការគំរាមកំហែងពីប្រទេសយេម៉ែនក្នុងការបិទផ្លូវសមុទ្រ"។
-
អ៊ីស្រាអែល និង UAE ធ្វើកិច្ចព្រមព្រៀងបង្កើតស្ពានដី
យោងតាមសារព័ត៌មាន Almayadeen ចុះផ្សាយថ្ងៃទី០៥ ខែធ្នូបានអោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានលាតត្រដាងឡើងថា កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខាឡើងនៅក្នុងការបង្កើតស្ពានដីមួយដែលតភ្ជាប់រវាងកំពង់ផែទីក្រុងឌូបៃ និងកំពង់ផែនៃទីក្រុង Haifa របស់អ៊ីស្រាអែលដែលកាន់កាប់។ គោលបំណងនៃកិច្ចព្រមព្រៀងនេះត្រូវបានអះអាងឡើងថាគឺដើម្បី"ចៀសអោយផុតពីការគំរាមកំហែងពីប្រទេសយេម៉ែនក្នុងការបិទផ្លូវសមុទ្រ"។
ការវិវត្តថ្មីនេះចង្អុលបង្ហាញអោយឃើញពីតម្រូវការរបស់អ៊ីស្រាអែលក្នុងការត្រូវការជំនួយ និងការគាំទ្រពីសម្ព័ន្ធមិត្តនៅក្នុងតំបន់របស់ខ្លួន ជាពិសេសពីប្រទេសអារ៉ាប់រួមដែលជាប្រទេសមួយព្រួយបារម្ភពីការគាំទ្ររបស់យេម៉ែនមកលើប៉ាឡេស្ទីនខ្លាំងជាងគេ។
ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលធ្លាប់បានលាតត្រដាងថា អ៊ីស្រាអែលបានស្នើសុំប្រទេសមួយចំនួន ដូចជាអង់គ្លេស និងជប៉ុន ក្នុងការបង្កើតកងនាវាចរអន្តរជាតិ ដើម្បី ធានានូវសេរីភាពនៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Bab el-Mandab។
-
អ៊ីស្រាអែលសម្លាប់មេបញ្ជាការហាម៉ាសជាងពាក់កណ្តាល
យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី០៦ ខែធ្នូបានអោយដឹងថា អ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់មេបញ្ជាការថ្នាក់កណ្តាលរបស់ក្រុមហាម៉ាសប្រហែលជាងពាក់កណ្តាលនៅតំបន់ហ្គាហ្សា ហើយកំពុងដាក់សម្ពាធលើកន្លែងលាក់ខ្លួនរបស់មេដឹកនាំហាម៉ាសទាំងនោះ ដោយបានរៀបចំយុទ្ធសាស្ត្រមួយចំនួនដើម្បីបង្អាក់សមត្ថភាពប្រយុទ្ធរបស់ពួកគេ។
រហូតមកដល់ពេលនេះ អ៊ីស្រាអែលបានបរាជ័យក្នុងការធ្វើឃាតមេដឹកនាំជាន់ខ្ពស់របស់ក្រុមភេរវករហាម៉ាស ដែលរួមមានដូចជាលោក Yahya Sinwar មេដឹកនាំក្រុមហាម៉ាស់នៅហ្គាហ្សា និងលោក Mohammed Deif ប្រធានស្លាបប្រដាប់អាវុធរបស់ក្រុមនេះ។ ប៉ុន្តែការប្រយុទ្ធគ្នាពេលនេះកំពុងប្រមូលផ្តុំនៅជុំវិញតំបន់ Khan Younis ដែលជាបន្ទាយដ៏រឹងមាំមួយរបស់ក្រុមហាម៉ាសនៅភាគខាងត្បូង ដែលយោធាអ៊ីស្រាអែលបាននិយាយថា លោក Sinwar និងឯទៀតត្រូវបានលាក់ខ្លួននៅទីនោះ។
-
អារ៉ាប៊ីសាអូឌីតជំរុញអាមេរិកអត់ធ្មត់ដែលក្រុមឧទ្ទាមវាយប្រហារនៅសមុទ្រក្រហម
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី០៧ ខែធ្នូបានអោយដឹងថា អារ៉ាប៊ីសាអូឌីតបានស្នើឱ្យសហរដ្ឋអាមេរិកមានការអត់ធ្មត់ក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធ Houthis របស់យេម៉ែនទៅលើនាវាទាំងឡាយនៅលើសមុទ្រក្រហម។
ក្រុមអ្នកដែលគ្រប់គ្រងប្រទេសយេម៉ែនបាននិយាយថា ការវាយប្រហាររបស់ពួកគេគឺជាការបង្ហាញពីការគាំទ្រទៅលើប៉ាឡេស្ទីន ហើយបានប្តេជ្ញាថាពួកគេនឹងបន្តវាយប្រហាររហូតទាល់តែអ៊ីស្រាអែលបញ្ឈប់ការវាយលុករបស់ខ្លួនលើតំបន់ហ្គាហ្សាស្ទ្រីប ដែលមានចម្ងាយត្រឹមតែជាង 1,000 ម៉ាយពីកន្លែងដែលពួកគេកាន់អំណាចនៅទីក្រុង Sanaa។
ទីក្រុងរីយ៉ាដ ដែលជាប្រទេសនាំចេញប្រេងកំពូលរបស់ពិភពលោក បានឃ្លាំមើលខណៈដែលមីស៊ីលរបស់ឧទ្ទាម Houthi ធ្លាប់ត្រូវបានបាញ់មកលើទឹកដីរបស់ខ្លួន ដែលជាប្រទេសនៅតាមបណ្តោយសមុទ្រក្រហម ទើបទីក្រុងរីយ៉ាដបានបញ្ជូនដំណឹងមកកាន់សហរដ្ឋអាមេរិកមានការអត់ធ្មត់ ទើបនោះជំលោះមិនរីករាលដាលធំឡើង។