1. ការរារ៉ាំងរបស់រុស្ស៊ីមិនអាចបញ្ឈប់ហ្វាំងឡង់ក្នុងការចូលជាមួយ Nato បាន
ប្រទេសហ្វាំងឡង់កាលពីថ្ងៃអង្គារបានក្លាយជាសមាជិកទី31នៃអង្គការណាតូគឺជាជំហានយុទ្ធសាស្ត្រមួយដែលអាចបង្កើនព្រំដែនសម្ព័ន្ធភាពយោធាទ្វេរជាមួយរុស្ស៊ី និងផ្តល់ឱ្យសម្ព័ន្ធមិត្តនូវសមត្ថភាពយោធាបន្ថែមទៀត។សម្រាប់ទីក្រុងមូស្គូដែលបានព្រមានម្តងហើយម្តងទៀតទៅកាន់អង្គការណាតូក្នុងការប្រឆាំងការពង្រីកវិសាលភាពដែនដីរបស់ពួកគេ នៅទីបំផុតការចូលជាសមាជិករបស់ហ្វាំងឡង់បានពង្រីកទឹកដីប្លុករបស់ណាតូកាន់តែចូលជ្រៅមកដល់មាត់ទ្វារខាងលិចរបស់ខ្លួន។ ក្នុងនាមជាសមាជិកណាតូ ប្រទេសហ្វាំងឡង់ត្រូវបានចងភ្ជាប់ដោយការការពារគ្នាទៅវិញទៅមករបស់សម្ព័ន្ធភាព យោងតាមមាត្រាទី ៥។ ពួកគេនឹងទទួលបានអត្ថប្រយោជន៍មិនត្រឹមតែពីជំនួយយោធាធម្មតារបស់សម្ព័ន្ធមិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានមកពីការទប់ស្កាត់នុយក្លេអ៊ែររបស់ពួកគេផងដែរ។ ជាថ្នូរមកវិញ ប្រទេសអឺរ៉ុបខាងជើងមួយនេះដែលមានបំណងបង្កើនថវិកាការពារជាតិរបស់ខ្លួន40 ភាគរយនៅឆ្នាំ 2026 អាចចូលរួមចំណែកធនធានយោធាមួយចំនួនរបស់ខ្លួនដើម្បីការពារសម្ព័ន្ធមិត្ត។ មិនតែប៉ុណ្ណោះ ប្រទេសដែលចូលរួមជាមួយអង្គការណាតូក៏មានន័យថា មានព្រំដែនរាប់រយគីឡូម៉ែត្របន្ថែមទៀតដើម្បីការពារសម្ព័ន្ធភាពផងដែរ។
2. គណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យមានប្រតិកម្មចំពោះសវនាការលោក Trump
ការចោទប្រកាន់ប្រឆាំងនឹងអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ត្រូវបានលាតត្រដាងហើយ ដោយបង្ហាញថាមេដឹកនាំគណបក្សសាធារណរដ្ឋប្រឈមមុខនឹងបទឧក្រិដ្ឋចំនួន 34 នៃការក្លែងបន្លំកំណត់ត្រាអាជីវកម្មនៅទីក្រុងញូវយ៉ក។ ខណៈដែលលោក Trump បានសារភាពថាមិនមានកំហុសចំពោះការចោទប្រកាន់នេះទេ។ កត់សម្គាល់ឃើញផងដែរថាមានគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យមួយចំនួនបានបង្ហាញប្រតិកម្មទៅលើសវនាការនេះ។ អ្នកតំណាងរដ្ឋ Michigan និងជាអ្នកគណបក្សប្រជាធិបតេយ្យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា"ប្រវត្តិសាស្ត្រនឹងចងចាំលោក Donald Trump មិនត្រឹមតែជាប្រធានាធិបតីដំបូងគេដែលត្រូវបានចោទប្រកាន់ពីរដងប៉ុណ្ណោះទេ ប៉ុន្តែជាប្រធានាធិបតីដំបូងគេដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ" ។ រីឯអ្នកគណបក្សប្រជាធិបតេយ្យរដ្ឋតិចសាស់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ខណៈពេលដែលការកាត់ក្តីរបស់អតីតប្រធានាធិបតីគឺមិនធ្លាប់មានពីមុនមក មេធាវីស្រុក Manhattan បានបង្ហាញភាពក្លាហានដ៏អស្ចារ្យក្នុងការឱ្យលោក Donald Trump ចេញមុខទទួលខុសត្រូវ" ។ អ្នកគណបក្សប្រជាធិបតេយ្យម្នាក់នៅទីក្រុងញូវយ៉កបាននិយាយឡើងនៅពេលអ្នកយកព័ត៌មានសួរលោកថាមានសារជូនទៅកាន់លោក Trump ដែរឬទេ លោកក៏ឆ្លើយថា៖ «ត្រូវទទួលខុសត្រូវ ហើយចេញអោយឆ្ងាយ»។ អ្នកគណបក្សសាធារណរដ្ឋនៃរដ្ឋតិចសាស់បាននិយាយនៅលើ Twitter ថា "ការចោទប្រកាន់របស់លោក Donald Trump គឺជារឿងនយោបាយទាំងស្រុង និងគ្មានមូលដ្ឋាននោះទេ។ Schumer ដែលជាអ្នកគណបក្សប្រជាធិបតេយ្យនៅទីក្រុងញូវយ៉កបានបង្ហោះលើ Twitter ថា“ខ្ញុំជឿថា លោក Donald Trump នឹងមានការកាត់ក្តីដោយយុត្តិធម៌ ដែលអនុវត្តតាមការពិត និងច្បាប់។ មិនមានកន្លែងនៅក្នុងប្រព័ន្ធយុត្តិធម៌របស់យើងសម្រាប់ឥទ្ធិពលខាងក្រៅ ឬការគំរាមកំហែងណាមួយនៅក្នុងដំណើរការផ្លូវច្បាប់នោះទេ។ នៅពេលសវនាការដំណើរការ ការតវ៉ាគឺជាសិទ្ធិរបស់អាមេរិក ប៉ុន្តែការតវ៉ាទាំងអស់ត្រូវតែធ្វើឡើងដោយសន្តិវិធី។
3. អតីតឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសថា Trump មានទំនាក់ទំនងចម្លែកជាមួយពូទីន
កាលពីថ្ងៃទី៥ ខែមេសានេះ មានកិច្ចសម្ភាសន៍មួយជាមួយនឹងអតីតឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅសហរដ្ឋអាមេរិកលោក Lord Darroch នៅក្នុងសារព័ត៌មាន Sky News។ មានការសួរទាក់ទងឡើងនឹងការយល់ឃើញរបស់លោក Trump ទៅលើរឿងរ៉ាវដែលលោកធ្លាប់បាននិយាយឡើងថា អ្វីដែលបានកើតឡើងនៅប្រទេសចិន អ៊ីរ៉ង់ រុស្ស៊ី ក៏ដូចជាអ៊ុយក្រែននឹងមិនអាចកើតឡើងបានទេប្រសិនបើលោកក្លាយជាប្រធានាធិបតី។ អតីតឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅសហរដ្ឋអាមេរិកលោក Lord Darroch ក៏បានធ្វើការបកស្រាយឡើងថាចំណុចទាក់ទងនឹងអ៊ុយក្រែនបើនិយាយដោយស្មោះត្រង់ អ្វីដែលនៅចងចាំអំពីលោក Donald Trump នៅជាប្រធានាធិបតីគឺលោកតែងតែនិយាយអំពី ទំនាក់ទំនងដ៏អស្ចារ្យរបស់លោកជាមួយនឹងលោកវ្ល៉ាឌីមៀ ពូទីន ប៉ុន្តែមិនដឹងថាលោកពូទីនយល់ឃើញយ៉ាងណាពីលោក Trump វិញនោះទេ។ ហើយចាំថាលោកនៅខាងពូទីន ដោយមិនមានភស្តុតាងនៃការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតប្រឆាំងនឹងអាជ្ញាធរសន្តិសុខផ្ទាល់ខ្លួនរបស់លោកឡើយ។ អាចនិយាយបានថាទំនាក់ទំនងរបស់ពួកគេពិតជាចម្លែកខ្លាំងណាស់។ ហើយលោកមិនចង់ឃើញប្រធានាធិបតីអ៊ុយក្រែនទេ លុះត្រាតែប្រជាជនអ៊ុយក្រែនធ្វើការព្យាយាមជីកកកាយលើប្រធានាធិបតី Biden ដូច្នេះលោកគិតថាកំណត់ត្រារបស់លោកចំពោះអ៊ុយក្រែនគឺជារឿងរ៉ាវច្របូកច្របល់លាយឡំគ្នា។ កាលពីខែកុម្ភៈ ឆ្នាំមុន ប្រតិកម្មដំបូងរបស់លោកបន្ទាប់ពីឃើញរុស្ស៊ីលុកលុយអ៊ុយក្រែននោះគឺការយល់ឃើញថានេះគឺជំហ៊ានដ៏ឈ្លាសវៃរបស់លោក Vladimir Putin ថ្វីបើលោកពិតជាបានត្រលប់កែខ្លួនបន្តិចប៉ុន្តែនោះគឺជាប្រតិកម្មដំបូងរបស់លោក ដែលនេះពិតជាអាចប្រាប់ពីគំនិតបានថាលោក Donald Trump នឹងអាចចូលមកដោះស្រាយរឿងរបស់អ៊ុយក្រែនបានត្រឹមពេល២៤ ម៉ោងប៉ុណ្ណោះ។
4. ឥស្សរជនរុស្ស៊ីចាប់ផ្តើមសញ្ជឹងគិតអំពីអនាគតដែលគ្មានលោកពូទីន
លោក Abbas Galyamov អ្នកវិភាគនយោបាយដែលបានចំណាយពេលនៅក្នុងវិមានក្រឹមឡាំង បានអះអាងឡើងថាឥស្សរជនដែលសមាជិករបស់ពួកគេតែងតែជឿជាក់លើសមត្ថភាពរបស់លោកពូទីនក្នុងការរក្សារបបរបស់លោក នឹងភ្ញាក់រលឹកឡើងថាគឺវាអាស្រ័យលើ ពួកគេដែលអាចជួយសង្រ្គោះខ្លួនឯងបាន។ លោកនិយាយថា នេះនឹងបង្កើនការស្វែងរកអ្នកបន្តតំណែងពីលោកពូទីនដែលអាចធ្វើទៅបាននៅក្នុងប្រព័ន្ធមួយនេះ។ បញ្ជីបេក្ខជនមានសក្តានុពលខ្ពស់របស់លោក Galyamov រួមមានលោក Dmitry Patrushev កូនប្រុសរបស់លោក Nikolai Patrushev ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខ និងជាឧត្តមគតិម្នាក់នៃរបបនេះ។ លទ្ធភាពដែលធ្លាប់ស្គាល់ច្រើនជាងនេះរួមមានលោក Sergei Kiriyenko ដែលជាអនុប្រធានបុគ្គលិកនៅវិមានក្រឹមឡាំង។ លោក Sobyanin អភិបាលក្រុងម៉ូស្គូ; និងលោក Mikhail Mishustin នាយករដ្ឋមន្ត្រី ដែលអាចបង្កើតសម្ព័ន្ធភាពជាមួយអ្នកបង្កើតសន្តិសុខមួយចំនួន និងដើរតួជាអ្នកចរចាកម្រិតមធ្យមជាមួយលោកខាងលិចបាន។ យ៉ាងណាក៏ដោយ ដូចដែលលោក Alexei Navalny មេដឹកនាំគណបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគាររបស់រុស្ស៊ីបានជជែកវែកញែកនៅក្នុង Washington Post ថាមធ្យោបាយតែមួយគត់ដើម្បីបញ្ឈប់វដ្ដនៃចក្រពត្តិជាតិនិយមគ្មានទីបញ្ចប់នេះគឺរុស្ស៊ីត្រូវធ្វើវិមជ្ឈការអំណាច និងប្រែក្លាយខ្លួនទៅជាសាធារណៈរដ្ឋសភា។ ក្រៅពីនេះអ្វីដែលអាចទាក់ទាញឥស្សរជនរុស្ស៊ីបានផងដែរនោះក៏អាចជាប្រជាធិបតេយ្យរដ្ឋសភាដែលអាចជាជម្រើសដ៏សមហេតុផលមួយដូចគ្នា។ ការអនុវត្តន៍បែបនេះនឹងអាចជួយរក្សាអំណាចមិនអោយផ្តួលរំលំដោយក្រុមដែលឃោឃៅជាងនេះដូចជាក្រុមរបស់លោកYevgeny Prigozhin ម្ចាស់ក្រុមយោធា Wagner។
5. រុស្ស៊ីបើកការសងសឹកមកលើកំពង់ផែOdessa?
រុស្ស៊ីបានវាយប្រហារលើទីក្រុងកំពង់ផែ Odessa របស់អ៊ុយក្រែន។ វាត្រូវបានគេនិយាយ មានប្រើប្រាស់ដ្រូនចំនួន ១៧ គ្រឿង ដើម្បីទម្លាក់គ្រាប់បែកមកលើទីក្រុងនេះ។ ទាំងនេះគឺជាដ្រូន Shahid Kamikaze របស់អ៊ីរ៉ង់។ ដ្រូន Kamikaze នេះបង្កើតឡើងដើម្បីបុកចូល និងបំផ្លាញគោលដៅ។ ពួកវាគឺជាដ្រូនធ្វើអត្តឃាត។ ប្រទេសរុស្ស៊ីបានបើកដំណើរការដ្រូនទាំងនេះចំនួន១៧គ្រឿង មកលើអ៊ុយក្រែន។ អ៊ុយក្រែននិយាយថាខ្លួនបានបាញ់ទម្លាក់ពួកវាបាន14គ្រឿង។ មិនមានករណីគ្រោះថ្នាក់ដល់ជីវិតនោះទេ ប៉ុន្តែហេតុអ្វីបានជារឿងនេះគួរឱ្យចាប់អារម្មណ៍បន្ទាប់ពីរុស្ស៊ីតែងតែធ្លាប់បានប្រើការវាយប្រហារ និងវាយលុកមកលើអ៊ុយក្រែនជាញឹកញាប់? ដោយសារតែរឿងរ៉ាវមួយនេះអាចត្រូវបានគេមើលឃើញថាជា ករណីសងសឹក។ ជាការពិតទៅ មានករណីបន្ទុះគ្រាប់បែកនៅលើទឹកដីប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យកន្លងទៅនេះ និងបានបណ្តាលអោយអ្នកសរសេរប្លុកយោធារុស្ស៊ីម្នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុង Saint Petersburg។ រុស្ស៊ីកំណត់គោលដៅលើអ៊ុយក្រែនចំពោះឧប្បត្តិហេតុនេះ ពីព្រោះវិមានក្រឹមឡាំងជឿជាក់ថាអ៊ុយក្រែនកំពុងសហការជាមួយអ្នកប្រឆាំងក្នុងប្រទេសរុស្ស៊ី ហើយកំពុងប្រើប្រាស់ពួកគេសម្រាប់សកម្មភាពភេរវកម្មនេះ។ អ្នកនាំពាក្យរបស់វិមានគ្រឹមឡាំងលោក Dimitri peskov បានបង្ហាញថានេះគឺជាហេតុផលមួយដែលរុស្ស៊ីប្រើប្រាស់ដើម្បីភាពស្មើគ្នានៃការប្រកាសសង្គ្រាមរបស់ពួកគេជាមួយនឹងអ៊ុយក្រែន។