1. Trump ប្រកាសថា “ពិភពលោកឈានដល់ការឡើងកំដៅនុយក្លេអ៊ែរ”
យោងតាមសារព័ត៌មាន Anadolu Agency ចុះផ្សាយកាលពីថ្ងៃទី១២ ខែមេសា បានអោយដឹងថា អតីតប្រធានាធិបតីអាមេរិកលោក Donald Trump និយាយថា "ការឡើងកំដៅនុយក្លេអ៊ែរ" គឺជាបញ្ហាដ៏ធំបំផុតដែលពិភពលោកកំពុងប្រឈមមុខលើសពីបញ្ហានៃការឡើងកំដៅផែនដីទៅទៀត។ លោក Trump បានប្រាប់អ្នកសម្ភាសន៍នៅក្នុងសារព័ត៌មាន Fox News លោក Tucker Carlson ក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃអង្គារថា "គ្មាននរណាម្នាក់និយាយអំពីនុយក្លេអ៊ែរទេ...ដែលជាបញ្ហាដ៏ធំបំផុតរបស់យើងមាននៅលើពិភពលោកទាំងមូលនេះ។ ហើយវាមិនមែនជាការឡើងកំដៅផែនដីទេ តែវាជាការឡើងកំដៅនុយក្លេអ៊ែរ"។ លោកបាននិយាយថា "ហើយអ្វីដែលអាចធ្វើអោយរឿងមួយនេះអាចកើតឡើងបាននោះគឺត្រូវការត្រឹមមនុស្សរោគចិត្តម្នាក់ប៉ុណ្ណោះ ...ហើយវាចំណាយពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ អ្នកមិនចាំបាច់រង់ចាំដល់ទៅ200ឆ្នាំ រឺ300 ឆ្នាំទេដើម្បីអោយរឿងនេះកើតឡើងបាននោះ"។ លោក Trump ក៏បានសម្តែងការព្រួយបារម្ភអំពីសមត្ថភាពអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី និងផលប៉ះពាល់របស់វាទៅលើអ៊ុយក្រែនផងដែរ។ Trump ក៏ត្រូវបានសួរផងដែរថាតើលោកនឹងដកខ្លួនចេញពីការប្រកួតប្រជែងតំណែងប្រធានាធិបតីឆ្នាំ 2024 ដែរឬទេ ប្រសិនបើលោកត្រូវបានកាត់ទោសពីបទចោទប្រកាន់ណាមួយ រួមទាំងករណីដែលទាក់ទងនឹងការបង់ប្រាក់រក្សាសំងាត់ដល់តារាភាពយន្តរឿងមនុស្សពេញវ័យអ្នកស្រី Stormy Daniels។ លោកបានឆ្លើយតបថា លោកនឹងមិនបោះបង់ចោលក្នុងកាលៈទេសៈណាមួយឡើយ។
2. អាមេរិចផ្តល់អាវុធព័ត៌មានពេលវេលាជាក់ស្តែង (Intel) ដល់ឥណ្ឌាប្រឆាំងនឹងចិន
យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃទី១១ ខែមេសាបានអោយដឹងថា នៅពេលដែលភាពតានតឹងរវាងចិន និងឥណ្ឌាបានកើនឡើងនៅតាមជួរភ្នំហិម៉ាឡៃយ៉ាដែលមិនអាចទទួលយកបាន ហើយអ្នកជំនាញមួយចំនួនបានព្រមានថាការប៉ះទង្គិចគ្នានាពេលអនាគតអាចកើនឡើងទៅជាសង្រ្គាមពេញលេញរវាងប្រទេសយក្សប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរនេះ សហរដ្ឋអាមេរិកក៏បានកំពុងផ្តោតឡើងវិញលើជម្លោះព្រំដែនដែលមានអាយុកាលរាប់ទសវត្សរ៍នេះ–រួមទាំងបញ្ហាជាច្រើនទៀត ហើយក្នុងនោះក៏មានតួនាទីយ៉ាងសកម្មក្នុងការចែករំលែកព័ត៌មានសម្ងាត់ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន ដើម្បីពិនិត្យមើលសកម្មភាពរបស់ចិននៅក្នុងតំបន់ផងដែរ។ ការស៊ើបការណ៍សម្ងាត់តាមពេលវេលាជាក់ស្តែងដែលផ្តល់ដោយសហរដ្ឋអាមេរិកអំពីទីតាំងរបស់ចិននៅតាមបណ្តោយព្រំដែនដែលមានចម្ងាយ2,000 ម៉ាយ បានជួយប្រទេសឥណ្ឌាទប់ស្កាត់ដោយជោគជ័យលើ"ការលុកលុយ" ពីសំណាក់យោធាចិនកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍នៅក្នុងខែមីនា។ របាយការណ៍នេះបាននិយាយថា ព័ត៍មាននេះបានផ្តល់ឱ្យឥណ្ឌានូវ "រូបភាពផ្កាយរណបដែលអាចធ្វើសកម្មភាពបាន" ហើយ "កាន់តែលម្អិត និងចែករំលែកកាន់តែលឿន" ។ របាយការណ៍នេះបានបន្ថែមថា ព័ត៌មានជំនួយនេះអាចជួយកងទ័ពក្នុងការអាចត្រៀមប្រឆាំងទៅនឹងដំណាក់កាលហាត់សាកល្បងរបស់ចិនអោយកាន់តែប្រសើរ និងដឹងអំពីវិធីដែលឥណ្ឌាអាចឆ្លើយតប និងវាយបកបាន និងរួមទាំងដើម្បីស្វែងរកអ្វីដែលឥណ្ឌាអាចមើលឃើញបាន" និងអាចបង្ខំឱ្យចិនដកថយ។
3. ភូមិរុស្ស៊ីស្ថិតក្នុងកំរាស់ផេះ 8.5cm បន្ទាប់ពីមានបន្ទុះភ្នំភ្លើង
យោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយនៅថ្ងៃទី១១ ខែមេសាបានអោយដឹងថា ភ្នំភ្លើងសកម្មបំផុតមួយក្នុងចំណោមភ្នំភ្លើងសកម្មបំផុតរបស់រុស្ស៊ីបានផ្ទុះឡើងនៅលើឧបទ្វីប Kamchatka ភាគខាងកើត ដោយបានបញ្ចេញផេះយ៉ាងសន្ធោសន្ធៅទៅលើមេឃ ធ្វើឲ្យភូមិឋាននានារសាត់ដោយធូលីភ្នំភ្លើងពណ៌ប្រផេះ និងបង្កឱ្យមានការព្រមានពីអាកាសចរណ៍។ ភ្នំភ្លើង Shiveluch បានផ្ទុះឡើងក្រោយពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃអង្គារ ដោយឈានដល់កម្រិតកំពូលប្រហែល 6 ម៉ោងក្រោយមក ហើយបានបញ្ចេញពពកផេះលើផ្ទៃដី 108,000 គីឡូម៉ែត្រការ៉េ នេះបើយោងតាមសាខាតំបន់ Kamchatka នៃការស្ទាបស្ទង់ភូមិសាស្ត្រនៃបណ្ឌិត្យសភារុស្ស៊ីនៃវិទ្យាសាស្ត្រ។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្របាននិយាយថា ប្រហែល 24 ម៉ោងបន្ទាប់ពីភ្នំភ្លើងចាប់ផ្តើមផ្ទុះ ការរញ្ជួយដីកម្រិត 5.8 រិចទ័របានវាយប្រហារនៅលើឆ្នេរសមុទ្រ Kamchatka ។ កម្អែលភ្នំភ្លើងបានហូរចេញពីភ្នំភ្លើង ធ្វើឱ្យព្រិលរលាយ និងជំរុញឱ្យមានការព្រមានអំពីលំហូរភក់តាមផ្លូវហាយវេក្បែរនោះទៀតផង។ ភូមិនានាត្រូវបានក្រាលដោយផេះពណ៌ប្រផេះដែលមានជម្រៅ ៨,៥ សង់ទីម៉ែត្រ។
4. តើ AI នឹងជំនួសសង្គ្រាមដែលមនុស្សបញ្ជាដែររឺទេនាពេលអនាគត?
យោងតាមសារព័ត៌មាន Foreign Policy ចុះផ្សាយកាលពីថ្ងៃទី១១ ខែមេសា បានអោយដឹងថា បច្ចេកវិទ្យា AI ចុងក្រោយបំផុត ដែលត្រូវបានស្គាល់ថា Generative pre-trained transformers (GPT) អាចនឹងធ្វើអោយផ្លាស់ប្តូរទាំងស្រុងនូវភូមិសាស្ត្រនយោបាយនៃសង្រ្គាម និងការរារាំង។ បច្ចេកវិជ្ជានេះអាចធ្វើឱ្យសង្រ្គាមកាត់បន្ថយចំនួននៃការស្លាប់ និងអាចពង្រឹងការរារាំងទៀតផង។ តាមរយៈការពង្រីកតួនាទីដ្រូនដែលដឹកនាំដោយ AI នៅក្នុងកងទ័ពអាកាស កងទ័ពជើងទឹក និងកងទ័ពជើងគោក នោះមនុស្សអាចនឹងត្រូវបានរួចជីវិត។ មន្ទីរបញ្ចកោណបានកំពុងពិសោធន៍រួចរាល់ហើយជាមួយនឹង AI bots ដែលអាចបើកយន្តហោះចម្បាំង F-16 ដែលត្រូវបានកំណែប្រែ ហើយរុស្ស៊ីបាននឹងកំពុងសាកល្បងយានយន្តដែលមានលក្ខណៈស្រដៀងនឹងរថក្រោះដំណើរការដោយស្វ័យប្រវត្តិ។ ប្រទេសចិនកំពុងប្រញាប់ប្រញាល់ដាក់ឱ្យដំណើរការប្រព័ន្ធដើរដោយ AI របស់ខ្លួនដូចគ្នា។ កម្មវិធីដែលដំណើរការដោយ AI អាចដឹកនាំប្រទេសមហាអំណាចកាត់បន្ថយពេលវេលាក្នុងការធ្វើការសម្រេចចិត្តរបស់ពួកគេថែមទៀតផង។ ពួកគេអាចនឹងពឹងផ្អែកលើការវាយតម្លៃយុទ្ធសាស្ត្ររបស់ AI មិនថាសូម្បីតែរឿងសង្គ្រាមនុយក្លេអ៊ែរក៏ដោយ។
5. តើចិនជាអ្នកនៅពីក្រោយមូលដ្ឋានចារកម្មនៅកៀកនឹងឥណ្ឌាមែនទេ?
យោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយនៅថ្ងៃទី១១ ខែមេសាបានអោយដឹងថាក្រុមអ្នកវិភាគបាននិយាយថា មានតែប្រទេសចិនទេដែលមានធនធាន និងការលើកទឹកចិត្តក្នុងការកសាងការដំឡើងយោធានៅលើកោះមួយក្រុមរបស់មីយ៉ាន់ម៉ា នៅជិតប្រជុំកោះយុទ្ធសាស្រ្តឥណ្ឌា។ វិទ្យាស្ថានគោលនយោបាយ Chatham House ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍កាលពីខែមុនបានចេញផ្សាយរបាយការណ៍ដែលបានវាយតម្លៃរូបភាពផ្កាយរណបថ្មីនៃកោះ Coco ដែលមានទីតាំងនៅតំបន់សំខាន់យុទ្ធសាស្ត្រនៅឈូងសមុទ្រ Bengal ដែលមានចម្ងាយ 55 គីឡូម៉ែត្រពីភាគខាងជើងនៃកោះ Andaman និង Nicobar របស់ប្រទេសឥណ្ឌា ដែលជាកន្លែងមានមូលដ្ឋានអាកាស និងមូលដ្ឋានកងទ័ពជើងទឹក។ ប្រទេសចិនកាលពីថ្ងៃចន្ទបានវាយបកវិញចំពោះរបាយការណ៍នេះដោយក្រសួងការបរទេសនៃទីក្រុងប៉េកាំងដោយលើកឡើងថាវា "មិនសមហេតុផល" នោះទេ។ អ្នកនាំពាក្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋកំពុងកាន់អំណាចរបស់មីយ៉ាន់ម៉ាមុននេះបានហៅការចោទប្រកាន់ចិនថាកំពុងសាងសង់មូលដ្ឋានស៊ើបការណ៍នៅលើកោះនេះថាមិនច្បាស់លាស់នោះទេ។ ប្រទេសចិនបានទទួលមូលដ្ឋានទ័ពជុំវិញមហាសមុទ្រឥណ្ឌាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយក្រុមហ៊ុនចិនបានគ្រប់គ្រងកំពង់ផែពាណិជ្ជកម្មនៅស្រីលង្កា និងប៉ាគីស្ថាន ហើយប្រទេសនេះបានទិញមូលដ្ឋានយោធាក្រៅប្រទេសដំបូងរបស់ខ្លួននៅ Djibouti ក្នុងឆ្នាំ 2016 ។ លោក Singh ដែលជាសាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយនៅសកលវិទ្យាល័យ British Columbia បាននិយាយថាគោលបំណងរបស់ចិនជាមួយនឹងការដំឡើងនេះ ទំនងជានឹងដើម្បីត្រួតពិនិត្យកងទ័ពជើងគោក កងទ័ពជើងទឹក និងទ័ពអាកាសរបស់ប្រទេសឥណ្ឌា រួមទាំងទីតាំងសាកល្បងកាំជ្រួចសំខាន់ៗផងដែរ។