កាលពីម្សិលមិញនេះ មានការផ្សាយបន្តផ្ទាល់ដែលមានចំនួនអ្នកទស្សនារហូតដល់ទៅជាង១៦Kនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលជាការ Liveនៃការប្រកួតកីឡាបាល់ទះដ៏ធំរៀបចំឡើងដោយភេសជ្ជៈប៉ូវកំលាំង Wurkz។ គួរអោយចាប់អារម្មណ៍ផងដែរថា នេះគឺជាការប្រកួតបាល់ទះវគ្គផ្តាច់ព្រ័ត្រ ដែលមានក្រុមជំរើសជើងខ្លាំងពីរចុងក្រោយបានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ គឺក្រុមសមាគមបាល់ទះវិសាខា និងក្រុមសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ។ ដោយមានការចូលរួមទស្សនាយ៉ាងច្រើនកុះករដើម្បីចង់ដឹងថា តើក្រុមមួយណារវាងពីរនេះអាចនឹងក្លាយជាម្ចាស់ប្រាក់រង្វាន់ជ័យលាភី ៥០លានរៀលបាននោះ។
គួរបញ្ជាក់ផងដែរថា ការប្រកួតនេះមានឈ្មោះផ្លូវការថា ការប្រកួតបាល់ទះ 4x4 ទូទាំងប្រទេស រឺហៅថា Wurkz Special Volleyball Cup 4x4 2024 ត ដោយមានការប្រកួត៨ក្រុមជម្រើស ធ្វើឡើងនៅឯពហុកីឡដ្ឋានជាតិ ស្តាអូឡាំពិច និងធ្វើឡើងដើម្បីជំរុញអោយកីឡាបាល់ទះកម្ពុជាអាចដណ្តើមមេដាយមាសនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខបាន! បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញ បណ្តាទស្សនិកជននៅលើប្រព័ន្ធអនឡាញ ក៏ដូចជាបងប្អូនចូលរួមទស្សនាផ្ទាល់ក៏បានរកឃើញម្ចាស់ជ័យលាភីពិតប្រាកដ ដែលបានទៅលើក្រុមវិសាខា។ ចំណែកនៅចុងបញ្ចប់នៃការប្រកួត ក៏មានការសម្តែងសិល្បៈផ្សេងៗដើម្បីអបអរការប្រកួតមួយនេះ ហើយនៅក្នុងនោះក៏មានការចូលរួម២បទពីក្រុម La Cima Cartel ផងដែរ នូវបទ«កំរ» និងបទ«ផ្កាស្លា»។ គួររំលឹកផងដែរថាកាលពីថ្ងៃហាត់សម ក្រុម La Cima Cartel ក៏បានទៅដល់ទីតាំងនោះ និងក្រៅពីសមសម្តែងហើយ ពួកគេនៅថែមទាំងប្រកួតលេងជាមួយគ្នាឯងយ៉ាងសប្បាយរីករាយ ដែលធ្វើអោយបណ្តាហ្វេនជាច្រើនចាប់អារម្មណ៍ជាខ្លាំង។