កាលពីថ្ងៃសុក្រទី២៨ ខែកក្កដាកន្លងទៅនេះ កំពូលតារាចម្រៀងរ៉េបមួយរូបរបស់អាមេរិចគឺលោក Travis Scott បានធ្វើការទំលាក់អាល់ប៊ុមចម្រៀងថ្មីរបស់លោក ដែលមានចំណងជើងថា«Utopia» បន្ទាប់ពីបណ្តាអ្នកគាំទ្របានរង់ចាំអស់រយៈពេល៥ឆ្នាំ។
គួរបញ្ជាក់ផងដែរថា អាល់ប៊ុម«Utopia» គឺអាល់ប៊ុមស្ទូឌីអូទី៤របស់លោក Travis Scott ដែលបានចេញផ្សាយបន្ទាប់ពីក្រោយរយៈពេល៥ឆ្នាំនៃការចេញផ្សាយអាល់ប៊ុមចុងក្រោយបំផុតរបស់លោកដែលមានឈ្មោះថា «Astroworld»។
អ្វីដែលកាន់តែគួរអោយចាប់អារម្មណ៍ថែមទៀតនោះគឺថា អាល់ប៊ុម«Utopia» នេះផងដែរ ក៏ត្រូវបានលោក Travis Scott មានគំរោងក្នុងការយកទៅសម្តែងនៅឯប្រាសាទពីរ៉ាមីត Giza នៃប្រទេសអេហ្ស៊ីបក្នុងថ្ងៃចេញផ្សាយដំបូងផងដែរ។ ប៉ុន្តែការប្រគំតន្រ្តី Special Live Stream មួយនេះក៏ត្រូវបានលុបចោលវិញ ដោយសារតែបញ្ហានៃខាងផលិតកម្ម ដែលមានន័យថាការសម្តែងនេះមិនអាចធ្វើឡើងនៅលើវាលខ្សាច់បានទេ នេះបើយោងតាមសេចក្តីប្រកាសពីទីភ្នាក់ងារកម្សាន្ត Live Nation Middle East។
ចំណែកកាលពីពេលថ្មីៗនេះផងដែរ ការតាំងចិត្តរបស់លោក Travis Scott ក្នុងការលើកអាល់ប៊ុមនេះនៅសម្តែងនៅទីតាំងបុរាណល្បីៗអន្តរជាតិមិនបានឃ្លាតចាកពីលោកនេះទេ។ កាលពីពេលថ្មីៗនេះផងដែរ លោក Travis Scott បានប្រកាសឡើងថា លោកនឹងមានការសម្តែងនៃអាល់ប៊ុម«Utopia»របស់លោកនៅឯ Circus Maximum របស់ទីក្រុងរ៉ូមនៃប្រទេសអ៊ីតាលី នៅថ្ងៃទី០៧ ខែសីហាខាងមុខនេះហើយ។
ទាក់ទងនឹងអាល់ប៊ុមដែលមានទាំងអស់១៩បទនេះ លោក Travis Scott ធ្លាប់បានបង្ហើបអត្ថន័យអោយដឹងថា«Utopia is something that people feel is so far-fetched and out of reach, some perfect state of mind. But you create it yourself. There are people who achieve Utopia every day.»។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរ?