កាលពីយប់់ថ្ងៃអាទិត្យទី១០ ខែកញ្ញាកន្លងទៅនេះ នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ មានការចាក់ផ្សាយបន្តផ្ទាល់នូវការប្រកួតកីឡាបាល់ទាត់សប្បុរសធម៌មួយរវាងក្រុមផ្ការីកគ្រប់រដូវ និងក្រុមអតីតជម្រើសជាតិ។ ដោយការប្រកួតនេះគឺក្នុងគោលបំណងប្រមែប្រមូលថវិកាជួយដល់ការព្យាបាលអតីតខ្សែការពារជម្រើសជាតិកម្ពុជាមួយរូបដែលលោកមានឈ្មោះថា ហួត សុគន្ធា កំពុងរងគ្រោះដោយសារជំងឺខូចតម្រងនោមប្រមាណជា១០ឆ្នាំមកហើយ។
គួរបញ្ជាក់ផងដែរថា ការប្រកួតនេះត្រូវបានធ្វើឡើងនៅឯកីឡាដ្ឋានស្តាតចាស់ ហើយនៅក្នុងលទ្ធផលនៃការប្រកួត ក្រុមផ្ការីកគ្រប់រដូវបានយកឈ្នះលើក្រុមអតីតជម្រើសជាតិនៅក្នុងការនាំមុខគ្រាប់ប៉េនាំងទី។ នេះអត់មិនបាននឹងការចាប់អារម្មណ៍ទៅវីរៈបុរសឆ្នើមអ្នកចាំទីដ៏អស្ចារ្យប្រចាំក្រុមផ្ការីកគ្រប់រដូវ គឺលោក Tra Yako ដែលលោកមានសមត្ថភាពជាច្រើនទាំងផ្នែកច្រៀង សម្តែង និងលេងកីឡាថែមទៀតផង។
កាលពីយប់ថ្ងៃអាទិត្យសប្តាហ៍មុននេះ ក្រុមផ្ការីកគ្រប់រដូវបានចាប់ផ្តើមឡើងដោយការលេងដេញតាមពិន្ទុពីក្រោយក្រុមអតីតជម្រើសជាតិ រហូតដល់ក្នុងលទ្ធផល៥ទល់នឹង៥ស្មើគ្នា លុះមកដល់វគ្គកាត់សេចក្តីប៉េនាំងទី នៅទីបំផុតលោក Tra Yako បានជួយ Save គ្រាប់បាល់ប៉េនាំងទីបានសំរេចធ្វើអោយអាចយកឈ្នះលើក្រុមអតីតជម្រើសជាតិទាំងប្រកៀកប្រកិតគ្នាតែម្តង។
គួរបញ្ជាក់ផងដែរថា លោក Tra Yako គឺជាតារាចម្រៀង ហើយក៏ជាតារាសម្តែងមួយរូបដែលធ្លាប់បានលេងសម្តែងតួនៅក្នុងរឿងភាគល្បីៗមួយចំនួនដូចជានិស្ស័យស្នេហ៍នាងមនោរាហ៍ សង្គ្រាមបេះដូង និងរឿងមន្តស្នេហ៍ចៅស្រីជាដើម។ ចុះចំណែកទស្សនិកជនយល់ឃើញយ៉ាងណាដែរទៅលើការលេងបាល់របស់សិល្បករឆ្នើមមួយរូបនេះវិញ?