ភ្នំពេញ៖ បន្ទាប់ពីមើលឃើញសក្តានុពលនៃការដាំដុះដំណាំស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា បន្តកើនឡើងជាលំដាប់ ជាមួយកំណើនការប្រមូលផលកាន់តែខ្ពស់ជារៀងរាល់ឆ្នាំ បានជំរុញឲ្យក្រុមហ៊ុន TPJ របស់ជប៉ុន គ្រោងនឹងវិនិយោគបើករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីចំនួនពីរកន្លែងបន្ថែមទៀត នៅក្នុងខេត្តកំពង់ធំ និងកំពង់ចាម ដើម្បីបង្កើនការនាំចេញទៅកាន់ប្រទេសជប៉ុន និងទីផ្សារផ្សេងទៀត។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) បានឲ្យដឹងថា ក្រុមហ៊ុន TPJ របស់ជប៉ុនសព្វថ្ងៃនេះ មានរោងចក្របកគ្រាប់ខ្នាតតូចមួយកន្លែងរួចស្រេចហើយនៅកម្ពុជា និងមានបំណងបើករោងចក្រខ្នាតធំចំនួនពីរទៀតនាពេលខាងមុខ ដើម្បីបង្កើនការនាំចេញទៅ ទីផ្សារជប៉ុនចំនួន ១ម៉ឺនតោន ក្នុងមួយឆ្នាំ។
លោកបានបន្តថា សព្វថ្ងៃនេះ ក្រុមហ៊ុនជប៉ុនបានទិញគ្រាប់ស្វាយចន្ទីកែច្នៃរួចហើយពីប្រទេសឥណ្ឌា ដូច្នេះជប៉ុនចង់បង្កើតរោងចក្រនេះឡើង ដើម្បីផ្គត់ផ្គង់ទីផ្សារជប៉ុនដោយផ្ទាល់ ក៏ដូចជា ទីផ្សារទូទៅផងដែរ។ ប៉ុន្តែសម្រាប់ទីផ្សារជប៉ុន នៅក្នុងឆ្នាំ ២០២២នេះ គ្រោងនឹងបញ្ជាទិញគ្រាប់ស្វាយចន្ទីស្ងួតចំនួន ៣ពាន់តោន ពោលគឺស្មើនឹង ៣០ភាគរយ។
ទិន្នន័យចំនួនចម្ការស្វាយចន្ទីក្រៅផ្លូវការដែលសមាគមស្វាយចន្ទីកម្ពុជា ប្រមូលបានលើផ្ទៃដីដាំដុះចំនួន ១០ខេត្ត ក្នុងចំណោម ២២ខេត្ត ប្រចាំឆ្នាំ ២០២១ មានចំនួន ៤៩ម៉ឺនហិកតា ពោលគឺ ស.ស.ក ប៉ាន់ប្រម៉ាណផ្ទៃដីដាំដុះស្វាយចន្ទីសរុប៨០ម៉ឺនហិកតា ក្នុងនោះ មានចំនួនជាង ១១ម៉ឺន៥ពាន់ហិកតា។
យោងទៅលើតួលេខពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានឲ្យដឹងថា ទិន្នផលគ្រាប់ស្រាយចន្ទីរបស់កម្ពុជា លក់ទៅប្រទេសវៀតណាម នៅឆ្នាំ ២០២១ មានប្រមាណ ១,១លានតោន ដែលគិតជាទឹកប្រាក់ចំនួន ១,៨៤ពាន់លានដុល្លារអាមេរិក។
យោងតាមរបាយការណ៍ពីសមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា ដោយបញ្ហាជំងឺកូវីដ-១៩ តម្លៃស្វាយចន្ទីស្រស់ធ្លាក់ថ្លៃពីរឆ្នាំជាប់ៗគ្នា ប៉ុន្តែឆ្នាំ២០២១ តម្លៃគ្រាប់ឆៅឡើងបន្តិច ៣.០០០រៀលក្នុង១គីឡូក្រាម ដែលធ្វើឱ្យកសិករគ្មានឃ្លាំងស្តុកទុកមានការខាតបង់។ ទោះយ៉ាងណា សមាជិក សមាគមស្វាយចន្ទីកម្ពុជា ដែលមានឃ្លាំងបានរក្សាទុកគ្រាប់ស្ងួតលក់បានចន្លោះ ៥.០០០រៀល ទៅ ៧.២០០រៀល ក្នុងមួយគីឡូក្រាម នាអំឡុងខែកញ្ញាឆ្នាំ ២០២១។
ដោយសារខ្វះឃ្លាំងសហគមន៍ ស.ស.ក មិនអាចធ្វើតាមតម្រូវការបញ្ជាទិញរបស់ក្រុមហ៊ុនបរទេសមួយចំនួនបានឡើយ ស្របពេលដែលឃ្លាំងសហគមន៍នេះ ដែលមានទាំងទីតាំងហាលគ្រាប់ត្រូវចំណាយមិនតិចជាង ១លានដុល្លារអាមេរិក មានសមត្ថភាពស្តុកគ្រាប់ស្ងួតចំនួន ៥.០០០តោន សម្រាប់ទុកលក់ពេលគ្រាប់ឆៅឡើងថ្លៃ នាខែសីហា ឬកញ្ញា ដូច្នេះ ការលក់គ្រាប់ស្រស់ធ្វើឱ្យកសិករបាត់បង់តម្លៃបន្ថែម តម្លៃតាមឈ្មួញកណ្តាលក្រឡុកផងដែរ៕