មុននេះបន្តិច មុនពេលដំណើរកម្មវិធី TBF Fan Meeting Party នៅថ្ងៃទី១៤ ខែសីហាថ្មីៗនេះ កញ្ញាទេពបូព្រឹក្សបានបញ្ចេញរូបភាពរបស់កញ្ញាក្នុងសំលៀកបំពាក់គួរអោយចាប់អារម្មណ៍ចំនួនពីរឈុតរួចមកហើយដែលធ្វើអោយគ្រប់គ្នាសន្និដ្ឋានថាជាឈុតសំលៀកបំពាក់ប្រើប្រាស់នៅក្នុងអាល់ប៊ុមចំរៀងថ្មីរបស់កញ្ញា។ ដោយក្នុងនោះកញ្ញានៅមិនទាន់បានបញ្ជាក់ចំណងជើងបទចំរៀងអោយបានច្បាស់ការនៅឡើយទេ គ្រាន់តែធ្វើការបកស្រាយពាក្យពេចន៍មួយចំនួនទាក់ទងទៅនឹងរូបភាពឈុតសំលៀកបំពាក់ដ៏មានភាពច្នៃប្រឌិតនោះ ក៏ដូចជាពាំនាំសារសំខាន់នៃអត្ថន័យបទចំរៀងដែលជិតចេញមក។ សារទាំងនោះមានដូចជាក្បាលក្រោមមេឃជើងជាន់ធរណី ចង់ដើរទៅមុខត្រូវពឹងលើជើងទាំងពីរ រឿងគួរមិនគួរ ត្រូវគិតវាអោយស្រួល ព្រោះនៅពេលយើងដួល គេនឹងលែងអោយតំលៃ។
បន្ទាប់មកក៏មានសារគួរអោយចាប់អារម្មណ៍មួយទៀតបានបង្ហោះឡើងបន្តថា គិតសូមអ្នកគិតអ្វីជាគោលៗ មុនអ្នកចង់អោយព្រះជួយ ប្រើខួរក្បាលជាជំនួយជួយដល់ខ្លួនឯងសិន។ តំរុយមិនអស់ត្រឹមនេះទេ សូម្បីតែនៅលើសំបុត្រចូលរួមទស្សនាកម្មវិធីហ្វេនមីតធីងរបស់កញ្ញាទេពបូព្រឹក្សក៏មានរូបរបស់កញ្ញាក្នុងសំលៀកបំពាក់ឈុតនោះដែរ ដែលបណ្តាលអោយទស្សនិជនកាន់តែចាប់អារម្មណ៍ និងចង់ដឹងថាតើនឹងមានអ្វីផ្តល់ជូនពិសេសនៅក្នុងកម្មវិធីហ្វេនមីតធីងនោះ។ រហូតមកដល់ថ្ងៃកម្មវិធីដំណើរការឡើងក៏ឃើញថាកញ្ញាទេពបូព្រឹក្សបានបញ្ចេញបទចំរៀងថ្មីរបស់កញ្ញាដែលមានចំណងជើងថា«ទេវរាជ» ដោយការចាក់ផ្សាយជា Audio សំលេងមកកាន់ទស្សនិកជនស្តាប់កំសាន្តជាពិសេសមុនពេល MV បទចំរៀងនេះនឹងចេញជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ។ យោងទៅតាមកិច្ចសម្ភាសន៍ Behind the scene របស់លោកចាដេតជាមួយកញ្ញាទេពបូព្រឹក្សបានអោយដឹងថា កញ្ញាទេពបូព្រឹក្សបានបង្ហើបថា MV ថ្មីនៃបទចំរៀង«ទេវរាជ» នេះនឹងកាន់តែអស្ចារ្យជាងបទចំរៀង «Top Of the Lady» ប្រហែលជា៣ដងឯណោះ។