តាំងពីកម្មវិធី Cambodian Idol Season 4 បានបញ្ចប់ទៅនៅក្នុងខែកញ្ញាមក ឃើញថាអស់រយៈពេលជាង៤ខែមកហើយ តែយើងសង្កេតឃើញថាអ្នកបានបញ្ចេញបទចម្រៀងរៀងៗខ្លួនតាមរយៈផលិតកម្មរស្មីហង្សមាស។ ជាកស្តែងលោក លីម តិចម៉េង បានបញ្ចេញបទចម្រៀងដំបូងគេបំផុត ដែលមានចំណងជើងថា«អរគុណហ្វេន» ដែលជាប្រភេទបទកន្ទ្រីម លាយរ៉េប បានចេញផ្សាយឡើងកាលពីថ្ងៃទី២៤ ខែកញ្ញា។ បន្តមកទៀតលោកក៏បាន ញ្ចេញនូវបទចម្រៀង២បទបន្ថែមទៀតដែលមានចំណងជើងថា«អស់ស្មោះត្រឹមកំលោះកំពង់ចាម» និងមួយបទទៀតរួមសហការការងារដំបូងជាមួយនឹងជ័យលាភីនៃកម្មវិធីប្រកួតចម្រៀងដទៃទៀតដែលមានលោកចាន់សុបញ្ញា ភឿនសុភាព និងពេជ្រថៃផងដែរ ក្រោមចំណងជើងបទចម្រៀងថា«កឋិនធីលម៉ូង» ផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា។មិនតែប៉ុណ្តោះនៅដើមខែវិច្ឆិកាលោកក៏មានចម្រៀងមួយបទទៀតរួមជាមួយកញ្ញារ៉េតស៊ូហ្សាណា ក្រោមបទ “ស្ម័គ្រធ្វើសង្សារបីថ្ងៃ”។ នៅក្នុងខែធ្នូនេះផងដែរ លោកលីមតិចម៉េងក៏ទើបតែបានទំលាក់បទចំរៀងថ្មីពីរបទទៀតចុងក្រោយដែលមានដូចជាបទ«ចង់ធ្វើកូនប្រសារម៉ាក់បងទេ» ជាប្រភេទបទ Pop នៅថ្ងៃទី១៨ ខែធ្នូ និងបទ«រីករាយឆ្នាំថ្មី២០២៣» ដែលជាប្រភេទបទ Rock នៅថ្ងៃទី២៥ ខែធ្នូ។
ដោយនៅក្នុងនោះលោក ថុល សុភិទិ ក៏បានធ្វើការទំលាក់បទចម្រៀងដំបូងបំផុតដែលមានចំណងជើងថា«ស្មោះទ្រង់ទ្រាយធំ» កាលពីថ្ងៃទី១៩ ខែវិច្ឆិកា និងចំនួន៣បទទៀតនៅក្នុងខែធ្នូនេះតែម្តងដែលមានដូចជា«One Night» នៅថ្ងៃទី ១៧ ខែធ្នូ បទ«ពេលនេះឆ្នាំមុន» នៅថ្ងៃទី២២ ខែធ្នូ និងបទ«ឆ្លងឆ្នាំយប់នេះខ្ញុំខូចចិត្តបំផុត» នៅថ្ងៃទី២៩ ខែធ្នូនេះផងដែរ ដោយសុទ្ធសឹងជាប្រភេទបទបែប Pop ទាំងអស់។ ចំណែកឯលោក នាង ដាវីន វិញបានធ្វើការចេញផ្សាយបទដំបូងរបស់លោកដែលមានចំណងជើងថា«ចង្កេះរស់» ដែលជាប្រភេទបទ Popអមនឹងចង្វាក់ញាក់ៗរសជាតិព្រាននារីកាលពីថ្ងៃទី២៣ ខែធ្នូកន្លងទៅនេះ ខណៈដែលលោក ស៊ឹម ច័ន្ទពន្លឺ បានបង្ហើបបទដំបូងរបស់លោកជាមួយនឹង Teaser ចេញផ្សាយកាលពីថ្ងៃទី២៦ ខែធ្នូកន្លងទៅនេះ ដោយមានចំណងជើងថា«ថាបោកៗមែន បែកតាលីងទីន» ដែលទំនងជាបទ Pop បែបសប្បាយៗយ៉ាងកន្ទ្រាក់អារម្មណ៍។