Tom Hardy គឺជាតារាភាពយន្តដ៏ធំបំផុតមួយនៅលើភពផែនដី។ គាត់មានអាជីពជោគជ័យមិនគួរឱ្យជឿ ប៉ុន្តែគាត់ក៏បានប្រឈមមុខនឹងបញ្ហា និងការលំបាកជាច្រើនក្នុងអតីតកាលរបស់គាត់ដែរ។ ការញៀនរបស់គាត់ស្ទើរតែធ្វើឱ្យគាត់បាត់បង់ជីវិត។ ប៉ុន្តែទោះបីជាមានការខុសឆ្គងយ៉ាងណាក៏ដោយ ក៏គាត់អាចកែប្រែជីវិតរបស់គាត់និងសម្រេចបានភាពអស្ចារ្យ។
Tom Hardy បានចំណាយពេលភាគច្រើនក្នុងវ័យកុមារភាពរបស់គាត់ឆ្លងកាត់បញ្ហាជាច្រើន។ ធំឡើងគាត់មិនមែនជាសិស្សពូកែនោះទេ ដូច្នេះហើយគាត់ត្រូវបានគេបណ្តេញចេញពីសាលាចំនួនពីរដង ដោយលើកទីមួយដោយសារការលួចរបស់របរ ហើយម្តងទៀតដោយសារអាកប្បកិរិយាមិនសមរម្យរបស់គាត់។ ក្រោយមក គាត់ចាប់ផ្តើមអាជីពជាតារាបង្ហាញម៉ូត និងបានសម្តែងក្នុងខ្សែភាពយន្តតូចតាច ២ ៣ ផងដែរ ប៉ុន្តែនៅក្នុងវ័យជំទង់ គាត់ចាប់ផ្តើមផឹកស្រាជាច្រើន ហើយមិនយូរមិនឆាប់ គាត់ចាប់ផ្តើមប្រើប្រាស់ញៀនថ្នាំ។ Tom Hardy បានងាកទៅរកអំពើឧក្រិដ្ឋកម្ម ហើយជារឿយៗត្រូវបានឃុំឃាំងក្នុងរយៈពេលមួយយប់នៅក្នុងគុកទៀតផង។ ដូច្នេះហើយទើប ការញៀនទាំងនេះបានបំផ្លាញជីវិតរបស់គាត់ទាំងស្រុង វាក៏ជាដើមហេតុដែលបណ្តាលឱ្យជីវិតអាពាហ៍ពិពាហ៍ដំបូងរបស់គាត់ត្រូវបញ្ចប់ដោយការលែងលះគ្នា។ គាត់បាត់បង់ការគ្រប់គ្រងលើខ្លួនឯង ហើយចាប់ផ្តើមលែងដឹងខ្លួន រួចភ្ញាក់ឡើងនៅកន្លែងចម្លែកៗផ្សេងៗ ដោយមិនអាចចាំថាតើគាត់បានទៅកន្លែងនោះបានដោយរបៀបណា។ មិនយូរប៉ុន្មានជីវិត Tom ស្ទើរតែបាត់បង់តែម្តង។ មានពេលមួយនោះ គាត់បានភ្ញាក់ឡើងនៅក្នុងរូងផ្លូវមួយ ដែលខ្លួនរបស់គាត់គ្របដណ្តប់ទៅដោយឈាម និងកម្អួត។
“ខ្ញុំបានបាត់បង់ម្ចាស់ការលើខ្លួនឯងទាំងស្រុងតែម្តង ហើយខ្ញុំបានសំណាងដែរ ដែលខ្ញុំមិនបានជួបឧបទ្ទវហេតុដ៏គួរឱ្យភ័យខ្លាច ឬជាប់គុក ឬបាត់បង់ជីវិត ដោយសារតែនោះជាកន្លែងដែលខ្ញុំនឹងទៅ។ ខ្ញុំត្រូវបានគេប្រាប់យ៉ាងច្បាស់ថា បើអ្នកនៅតែដើរតាមផ្លូវនោះ អ្នកនឹងមិនត្រឡប់មកវិញបានទេ។ នោះហើយជាអ្វីទាំងអស់ដែលអ្នកត្រូវដឹង។ ដោយសារតែសារនោះហើយបានដិតដាមនៅក្នុងខួរក្បាលរបស់ខ្ញុំយ៉ាងច្បាស់អស់រយៈពេលមួយថ្ងៃរបស់ខ្ញុំ។ ខ្ញុំសំណាងណាស់ដែលបានមកដល់សព្វថ្ងៃនេះ”។
នេះគឺជាសារដាស់តឿនមួយ។ គាត់បានសម្រេចចិត្តថា វាដល់ពេលដែលត្រូវដណ្តើមយកការគ្រប់គ្រងជីវិតរបស់គាត់មកវិញហើយ ហើយព្យាយាមធ្វើខ្លួនឱ្យប្រសើរឡើង ដូច្នេះទើបគាត់បានទៅធ្វើការព្យាបាលខ្លួនឯងឡើងវិញ។ ប៉ុន្តែ Tom នៅតែអះអាងថា ការញៀនរបស់គាត់ស្ទើរតែធ្វើឱ្យគាត់បាត់បង់ជីវិតទៅហើយ។ ជាសំណាងល្អ គាត់អាចទទួលបានជីវិតរបស់គាត់ឡើងវិញ ហើយបន្តតស៊ូជារៀងរាល់ថ្ងៃ ហើយអរគុណចំពោះវិជ្ជាជីវៈការងារដែលមិនគួរឱ្យជឿ ជំនឿចិត្តលើខ្លួនឯង បំណងប្រាថ្នាចង់ផ្លាស់ប្តូរ និងរៀនពីអតីតកាលរបស់គាត់, គាត់បានយកឈ្នះលើរាល់ភាពអវិជ្ជមានដែលដឹកនាំគាត់ទៅរកភាពវិនាសហិនហោច និងប្រែក្លាយជាតារាសម្តែងម្នាក់ក្នុងចំណោមតារាសម្តែងដែលល្អបំផុតនៅលើពិភពលោក។ ពួកយើងច្បាស់ជាបានមើលឃើញទេពកោសល្យដ៏អស្ចារ្យរបស់គាត់នៅក្នុងខ្សែភាពយន្ត "The Dark Knight Rises", "Mad Max", "Inception", "Venom" និងខ្សែភាពយន្តដ៏អស្ចារ្យផ្សេងទៀត។
“ខ្ញុំចង់ឱ្យឪពុករបស់ខ្ញុំមានមោទនភាពចំពោះខ្ញុំ ហើយខ្ញុំបានជ្រើសរើសអាជីបជាតួសម្តែង ព្រោះមិនមានអ្វីផ្សេងទៀតដែលខ្ញុំអាចធ្វើបានទេ ហើយនៅក្នុងនោះ ខ្ញុំបានរកឃើញវិន័យមួយ ដែលខ្ញុំចង់បន្តត្រឡប់មកវិញដើម្បីធ្វើវា ព្រោះខ្ញុំស្រឡាញ់និងរៀនសូត្រពីវាជារៀង រាល់ថ្ងៃ។”
រឿងជោគជ័យរបស់គាត់ គឺជាភស្តុតាងជាក់ស្តែងមួយដែលបង្ហាញថាកំហុស និងការបរាជ័យក្នុងអតីតកាលរបស់អ្នកមិនអាចកំណត់អនាគតរបស់អ្នកបានទេ។ ជារៀងរាល់ថ្ងៃ អ្នកមានឱកាសក្លាយជាមនុស្សល្អជាងមុន និងផ្លាស់ប្តូរជីវិតរបស់អ្នក។ ជីវិតមិនតែងតែយុត្តិធម៌សម្រាប់មនុស្សគ្រប់គ្នាទេ ហើយរឿងអាក្រក់ដែលបានកើតឡើងចំពោះអ្នក ហើយប្រហែលជានឹងកើតឡើងនាពេលអនាគត អ្នកមិនអាចគ្រប់គ្រងពួកវាបានឡើយ។ ប៉ុន្តែអ្នកមានសមត្ថភាពគ្រប់គ្រងបានតែរឿងពីរយ៉ាងប៉ុណ្ណោះក្នុងជីវិតរបស់អ្នកគឺ តើគំនិតបែបណាដែលអ្នកគិតជារៀងរាល់ថ្ងៃ និងសកម្មភាពអ្វីដែលអ្នកធ្វើតទៅមុខ៕