បទសម្ភាសន៍របស់លោក Ahmed Al-Tantawi ជាមួយនឹង Al-Mansoura បាននិយាយថា បេក្ខភាពប្រធានាធិបតីបានទទួលស្គាល់កិច្ចព្រមព្រៀងកោះTiran-Sanafirហើយបានប្រកាសអំពីការគោរពរបស់លោកទៅលើវា និងបានបញ្ជាក់ថាដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងរបស់លោកក្នុងនាមជាប្រធានាធិបតីនឹងទៅកាន់អារ៉ាប៊ីសាអូឌីត! លោក Ahmed Al-Tantawi ជឿថាការគាំទ្ររបស់ឈូងសមុទ្របានបញ្ឈប់ដោយសារតែលោក Sisi និងនៅពេលដែលអំណាចត្រូវបានផ្លាស់ប្តូរ ការគាំទ្រពីឈូងសមុទ្រនឹងត្រឡប់មកវិញម្តងទៀត! ការចរចាបញ្ចុះបញ្ចូលរបស់លោក Ahmed Al-Tantawi ជាមួយនឹងអារ៉ាប៊ីសាអូឌីតកើតឡើងនៅស្របពេលដែលយុទ្ធនាការបោះឆ្នោតរបស់លោកកំពុងជួបប្រទះការលំបាកក្នុងការទទួលបានទីកន្លែងភ្នាក់ងារចាំបាច់ដើម្បីឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតីអេហ្ស៊ីប។ ទាក់ទងនឹងទំនប់ Renaissance លោក Ahmed Al-Tantawi បានបញ្ជាក់ថាទំនាក់ទំនងរបស់លោកជាមួយប្រទេសអេត្យូពីនឹងឆ្លងកាត់ការល្បួង និងទាក់ទាញខណៈពេលក៏បង្ហាញពីការគំរាមកំហែងផងដែរ! នេះមិនខុសគ្នាខ្លាំងពីគោលនយោបាយរបស់ប្រធានាធិបតីលោក Abdel Fattah El-Sisi ទេ។
-
ហេតុអ្វីមេដឹកនាំបក្សប្រឆាំងអេហ្ស៊ីបចង់ធ្វើដំណើរទៅអារ៉ាប៊ីសាអូឌីត?
យោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយថ្ងៃទី២៥ ខែកញ្ញាបានអោយដឹងថា អេហ្ស៊ីបគ្រោងនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅក្នុងខែធ្នូនេះ នេះបើតាមស្ថាប័នរៀបចំការបោះឆ្នោតបានប្រកាសឡើង ខណៈដែលប្រធានាធិបតីដែលកំពុងកាន់អំណាចលោក Abdel Fattah el-Sisi ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងឈ្នះលើការបោះឆ្នោតនេះ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរកំពុងប្រឈមមុខនៅក្នុងប្រទេសក៏ដោយ។
អ្នកនយោបាយបក្សប្រឆាំងលោក Ahmed al-Tantawi ដែលជាអតីតសមាជិកសភាបាននិយាយថា លោកនឹងឈរឈ្មោះបោះឆ្នោត និងបានចោទប្រកាន់ភ្នាក់ងារសន្តិសុខថាបានចាប់ខ្លួនអ្នកគាំទ្រមួយចំនួនរបស់លោក។
យោងតាមបទសម្ភាសន៍របស់លោក Ahmed Al-Tantawi ជាមួយនឹង Al-Mansoura បាននិយាយថា បេក្ខភាពប្រធានាធិបតីរូបនេះបានទទួលស្គាល់នូវកិច្ចព្រមព្រៀងកោះសមុទ្រក្រហម Tiran-Sanafir ដែលជាប់ព្រំប្រទល់រវាងអេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីត ហើយបានប្រកាសអំពីការគោរពរបស់លោកទៅលើកិច្ចព្រមព្រៀងមួយនេះ និងបានបញ្ជាក់ថាក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ក្រៅប្រទេសក្នុងនាមជាប្រធានាធិបតីនឹងធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត! លោក Ahmed Al-Tantawi ជឿថាការគាំទ្ររបស់ប្រទេសឈូងសមុទ្របានបញ្ឈប់កន្លងមកគឺដោយសារតែលោកប្រធានាធិបតី Sisi និងនៅពេលណាដែលអំណាចត្រូវបានផ្លាស់ប្តូរ នោះការគាំទ្រពីឈូងសមុទ្រនឹងត្រឡប់មកវិញហើយ!។ ទាក់ទងនឹងទំនប់ Renaissance លោក Ahmed Al-Tantawi បានបញ្ជាក់ថាទំនាក់ទំនងរបស់លោកជាមួយប្រទេសអេត្យូពីនឹងអាចឆ្លងកាត់ការល្បួង និងទាក់ទាញចំណាប់អារម្មណ៍ទន្ទឹមនឹងការគំរាមកំហែងខ្លះៗផងដែរ។
-
តើរដ្ឋមន្រ្តីការពារជាតិចិនបាត់ខ្លួនទៅណា?
យោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី២៨ ខែកញ្ញាបានអោយដឹងថា ប្រទេសចិនបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីកន្លែងលាក់ខ្លួនរបស់រដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនទេ ខណៈដែលសំណួរបានរីករាលដាលជុំវិញស្ថានភាពរបស់លោកនៅមួយខែបន្ទាប់ពីលោកត្រូវបានឃើញចុងក្រោយជាសាធារណៈ។
អវត្តមានរបស់ឧត្តមសេនីយ៍លោក Li Shangfu តាំងពីចុងខែសីហា បានជំរុញឱ្យមានពាក្យចចាមអារ៉ាមអំពីជោគវាសនារបស់លោក ប៉ុន្តែក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការពារជាតិលោក Wu Qian បាននិយាយថាលោក "មិនដឹងអំពីស្ថានភាពនេះទេ" នៅពេលត្រូវបានសួរថាតើរដ្ឋមន្ត្រីកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតដែរឬទេ។
ការបាត់ខ្លួនរបស់លោក Li គឺកើតឡើងបន្ទាប់ពីមានភាពរង្គោះរង្គើនៅថ្នាក់លើនៃបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់ប្រទេសចិនដែលមានការដកចេញមន្រ្តីមួយចំនួនពីតំណែងផងដែរ។
សង្កេតឃើញថាកន្លងមក មន្ត្រីជាន់ខ្ពស់ចិនដែលបានបាត់ខ្លួនពីសាធារណៈ ជាញឹកញាប់ត្រូវបានលាតត្រដាងប៉ុន្មានខែក្រោយដោយក្រុមឃ្លាំមើលវិន័យរបស់បក្សកុម្មុយនិស្តថា ពួកគេត្រូវបានឃុំខ្លួនសម្រាប់ការស៊ើបអង្កេត។ ការបាត់ខ្លួនភ្លាមៗបែបនេះបានក្លាយទៅជាលក្ខណៈទូទៅនៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់លោក Xi។
-
បដិវត្តន៍បច្ចេកវិទ្យាលើសមរភូមិអ៊ុយក្រែនផ្លាស់ប្តូរសង្គ្រាមសម័យទំនើប
យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី២៨ ខែកញ្ញាបានអោយដឹងថា ជាមួយនឹងដ្រូនរបស់អ៊ុយក្រែន និងរុស្សីរាប់ពាន់នៅលើអាកាសតាមខ្សែបន្ទាត់ទីតាំងជួរមុខនៅក្នុងពេលវេលាដែលត្រូវបានកំណត់ រាប់ចាប់តាំងពីដ្រូន quadrocopters តំលៃថោករហូតដល់យន្តហោះដែលមានស្លាបរយៈចម្ងាយឆ្ងាយដែលអាចហោះហើរបានរាប់រយម៉ាយ និងអាចស្ថិតនៅពីលើគោលដៅបានរយៈពេលជាច្រើនម៉ោងនោះ ធ្វើអោយសភាពលក្ខណៈនៃសង្រ្គាមត្រូវបានផ្លាស់ប្តូរ។
ដ្រូនគ្រាន់តែជាធាតុមួយនៃការផ្លាស់ប្តូរនេះប៉ុណ្ណោះ។ ប៉ុន្តែក៏នៅមានប្រព័ន្ធគ្រប់គ្រងសមរភូមិដែលទើបតែរួមបញ្ចូលថ្មីទៀត ដែលអាចផ្តល់រូបភាព និងទីតាំងក្នុងពេលវេលាជាក់ស្តែងបានយ៉ាងជាក់លាក់ ក្នុងករណីរបស់អ៊ុយក្រែននេះផងដែរគឺតាមរយៈបណ្តាញផ្កាយរណប Starlink-ដែលបានធ្វើអោយគោលដៅហាក់ដូចជានៅជិតភ្លាមៗ។
ការបង្អាក់នៃសញ្ញា GPS របស់រុស្ស៊ី បានក្លាយជាបញ្ហាកាន់តែខ្លាំងឡើងសម្រាប់សព្វាវុធផលិតដោយលោកខាងលិច ដូចជាកាំជ្រួច Himars គ្រាប់ផ្លោង និងគ្រាប់បែកដឹកនាំ ដែលមានន័យថាអ្នកបើកយន្តហោះត្រូវបញ្ជាដ្រូននោះដោយការមើលឃើញ តាមរយៈប្រើផែនទីផ្កាយរណបនៅលើអេក្រង់របស់ពួកគេហើយប្រៀបធៀបវាជាមួយកាមេរ៉ា Feed។