បទ«Time To Rise» របស់លោកវណ្ណដាគឺជាបទចម្រៀងមួយដែលធ្វើអោយអ្នកគាំទ្រនៅលើបណ្តាប្រទេសថ្នាក់អន្តរជាតិបានស្គាល់រូបលោកក៏ដូចជាបានស្គាល់វប្បធម៌ផូរផង់របស់ខ្មែរយើងផងដែរ។ ជាថ្មីម្តងទៀតរំលឹកទៅមើលប្រវត្តិសាស្រ្តនៃបទចម្រៀង«Time To Rise»យើងឃើញថាបទចម្រៀងមួយនេះបានចេញផ្សាយឡើងកាលពីថ្ងៃ ២៨ ខែមីនា ឆ្នាំ២០២១ ដោយទទួលបានអ្នកចូលទស្សនារហូតដល់១លាន View ត្រឹមតែរយៈពេល២៤ម៉ោងប៉ុណ្ណោះ និងទទួលបានចំណាត់ថ្នាក់លេខ១នៅលើកំពូលបទចំរៀងទាំង១០០បទរបស់ Apple Music នៅក្នុងរយៈពេល២៤ម៉ោងដំបូង។ ឈ្មោះនៃបទចំរៀង«Time To Rise» នេះផងដែរក៏បានក្លាយជាឈ្មោះរបស់ស៊ីមសែលកាតមួយផងដែរដែលមានលោក Vannda ជា Brand Ambassador។ លោកវណ្ណដា និងលោកតាគង់ណៃបានបំបែកកំណត់ត្រាប្រវត្តិសាស្រ្តដ៏អស្ចារ្យបានធ្វើអោយបទចម្រៀង «Time to Rise» នៅតែបន្តមានភាពល្បីល្បាញទោះកន្លងមកចូលជាង២ឆ្នាំទៅហើយ។
ជាក់ស្តែងបទចំរៀងមួយនេះនៅតែបន្តមានអ្នកចូលទស្សនា និងរំលឹកឡើងវិញមិនដាច់ពីមាត់នឹកកោតសរសើរពីស្នាដៃល្អឯកមានតំលៃមិនចេះសូន្យសុង។ មកទល់នឹងចុងខែតុលា ឆ្នាំ២០២២នេះឃើញថាបទចម្រៀងមួយនេះទទួលបានការចូលទស្សនារហូតដល់ ១០០លានដង នៅលើយូធូបហើយ និងថ្មីៗនេះផងដែរលោកវណ្ណដាក៏ទើបតែលាតត្រដាងប្រាប់ថាបទចម្រៀងមួយនេះទទួលបានការចូលទស្សនា ១ លានដងនៅលើ Spotify ផងដែរ។ នេះបង្ហាញថាក្នុងរយៈពេលជាងពីរឆ្នាំមកនេះ លោកវណ្ណដាទទួលជោគជ័យលើបទចម្រៀងមួយនេះដោយមានអ្នកចូលទស្សនាសរុបដល់ទៅ១០១លាន View នៅលើបណ្តាកម្មវិធី Stream បទចម្រៀងនានា។ មិនតែប៉ុណ្ណោះផងដែរបទចម្រៀងមួយបទនេះក៏ជា MV ដែលទទួលបានចំនួនឡាចច្រើនជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជាផងដែរ ដោយមាន ១.៧ លានឡាចសរុប។