ការសម្តែងបទ "Time To Rise" របស់លោកវណ្ណដាកាលពីម្សិលមិញនេះហាក់ដូចជាបាននាំអារម្មណ៍ទស្សនិកជនត្រលប់ទៅទស្សនាការសម្តែងចំរៀងចាប៉ីដងវែងរបស់ខ្មែរយើងបុរាណឡើងវិញអ៊ីចឹង។ ព្រោះមិនថាជាឆាកប្លង់អង្គុយក៏ត្រូវបានរៀបចំយ៉ាងសក្តិសមហាក់ដូចជាច្រៀងនៅលើគ្រែបុរាណ មានទាំងស្គរខ្មែរបុរាណ២អមសងខាងបន្ថែមរសសិល្បៈចាប៉ីដងវែងកាន់តែរស់រវើក ប៉ុន្តែភាពច្នៃប្រឌិតមិនបានចប់ត្រឹមហ្នឹងនោះទេព្រលឹងសិល្បៈបុរាណខ្មែរក៏ត្រូវបានរួមបញ្ចូលភាពទំនើបកម្មយ៉ាងល្អឥតខ្ចោះដោយមានការចូលរួមសម្តែងពីសិល្បករជំនាន់ក្រោយជាច្រើនរូបទៀតបន្ថែមសំរស់នៃតន្រ្តី។
នេះជាលើកទី១ហើយដែលលោកវណ្ណដាបានសម្តែងបទ "Time To Rise" នេះឡើងមកជាមួយនឹងក្រុមបារមីដែលមានលោកវណ្ណថានអ្នកផ្លុំខ្លុយកញ្ញា Sophia Kao អ្នកច្រៀងសំលេង Vocal បើកឆាក និងក្រុម Polarix អ្នកសម្តែងឈរអមលោក ដា និងជាពិសេសគឺលោក វណ្ណដា បានសម្តែងផ្ទាល់ជាមួយនឹងលោកតា គង់ ណៃ និងភរិយារបស់លោកតាតែម្តង។ ថ្វីបើលោកតាមើលមិនឃើញក៏ពិតមែនតែលោកតាហាក់មានទឹកមុខស្រស់ញញឹម ចំណែកលោកយាយក៏មានទឹកមុខស្រស់ស្រាយពេលទទួលបានសេចក្តីគោរពពីលោកវណ្ណដាផងដែរ។ និយាយរួមមកមួយបទនេះមានអត្ថន័យជ្រាលជ្រៅខ្លាំងណាស់បានបង្ហាញពីការគោរព និងដឹងគុណដល់រៀមច្បងបានយ៉ាងសមសួនដែលនេះបានឆ្លុះបញ្ចាំងពីសីលធម៌ដ៏ប្រពៃមួយរបស់ខ្មែរយើង។ ដល់វេលាក្រោកឈរហើយអ្នកបន្តវេនជំនាន់ក្រោយស្នងពីដូនតារបស់យើងត្រូវតែរឹងប៉ឹងឡើងងើបឈរឡើងទាំងងអស់គ្នាជឿជាក់លើដូនតារបស់យើងក៏ដូចជាជឿជាក់លើខ្លួនឯងវិញដូចគ្នា។