ជាការពិតណាស់រឿងការប្រគំតន្រ្តីរបស់សិល្បកររ៉េបទាំងពីរនាឆ្នាំ២០២២នេះបានធ្វើអោយផ្ទុះកក្រើកព្រឹត្តិការណ៍ឥតព្រាងទុកមួយបានកើតឡើង។ ជាក់ស្តែងនៅក្នុងថ្ងៃការប្រគំតន្រ្តីខ្នាតធំដំបូងគេបង្អស់របស់លោកជីដេវីត លោកវណ្ណដាបែរជាទំលាក់បទ Diss Track លោកជីដេវីតយ៉ាងធ្វើមិនដឹង ដែលនេះហើយធ្វើអោយមហាជនភ្ញាក់ផ្អើលមិនចង់ជឿទាល់តែសោះថាសុភាពបុរសដូចជាលោកវណ្ណដាលេងមួយក្បាច់នេះ។ តែបើត្រលប់ទៅមើលបទចម្រៀងរបស់លោកជីដេវីតដែលមានចំណងជើងថា Rest in Hell រឺហៅម្យ៉ាងទៀតថាអាភេ ដែលបានចេញផ្សាយកាលពីឆ្នាំ២០១៩កន្លងមក គឺជាបទចម្រៀង Diss Track មួយបទរបស់លោកជីដេវីតទៅកាន់ខ្មែរមួយជីវិត និងលោកវណ្ណដាផងដែរ។
ប៉ារ៉ូលចម្រៀងនៅក្នុងបទចម្រៀងមួយនេះផងដែរក៏ចុកឈាមមិនធម្មតាដែរ ទើបអាចនិយាយបានថាអាចស៊ីសងគ្នានឹងគ្រាប់បែកខ្នាតយក្សរបស់លោកវណ្ណដាចេញកាលពីថ្ងៃទី២៩ ខែតុលាកន្លងទៅនេះ។ មិនថាជារឿងផ្ទៃក្នុងរបស់អ្នកទាំងពីរយ៉ាងណា តែតាមរយៈបទចម្រៀងលោកជីដេវីតហាក់ដូចជាបានបញ្ជាក់ថាទំនាក់ទំនងរបស់ពួកគេបានប្រេះស្រាំដោយការចោទគ្នាទៅមកថាជាមិត្តក្បត់មិត្ត រីឯលោកវណ្ណដាក៏បានទំលាក់ Diss Track ថាលោកជីដេវីតព្យាយាមតាមខាំលោកមិនលែង។ ចំណែកឯមហាជនដែលនៅគាំទ្រម្ខាងៗក៏បានធ្វើការប្រៀបធៀបឡើងរវាងសមត្ថភាពរបស់អ្នកទាំងពីរ ក៏ដូចគ្នាផងដែរនឹងការរៀបចំឆាកប្រគំតន្រ្តីដ៏ធំរបស់ពួកគេក្នុងឆ្នាំ២០២២នេះ។
ដោយខាងលោកវណ្ណដាត្រូវរៀបចំឡើងដោយក្រុមហ៊ុនហនុមាន ដែលជាការប្រគំតន្រ្តីទេសចរណ៍ចំនួន៥ខេត្តចំណាយទឹកប្រាក់អស់មួយចំនួនធំ រីឯលោកជីដេវីតគាំទ្រឡើងដោយក្រុមហ៊ុន Sting និងមានការរៀបចំឆាកតន្រ្តីដោយប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើបជាងគេបង្អស់ក្នុងប្រទេសកម្ពុជាពោលមានបច្ចេកវិទ្យា AR អាចបង្កើតរូបភាព Holographic ដែលមើលទៅដូចផុសនៅក្រៅពិតៗបាន។ តួយ៉ាង ម្នាក់ៗសុទ្ធតែមានចំនុចពិសេសរៀងៗខ្លួន ដែលធ្វើអោយបណ្តាអ្នកគាំទ្រចាប់ផ្តើមលើកឡើងយកមកការពារអាយដលរបស់ខ្លួន រហូតដល់មានការធ្វើការប្រៀបសំលេងរបស់ពួកគេទាំងពីរច្រៀងផ្ទាល់ផងដែរ។